29 C
Phnom Penh

ប្រជា​បាតុករ​វេណេហ្ស៊ុយអេឡា សច្ចា​ប្រឆាំង​នឹង​របប​ជន​ផ្ដាច់ការ ម៉ាឌុយរ៉ូ រហូត​ដល់​ទី​បញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ងើប​បះបោរ​ប្រឆាំង​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌុយរ៉ូ កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង។ ក្រុម​គាំទ្រ​បក្ស​ប្រឆាំង​នៅតែ​បន្ត​ចុះ​ដើរ​តាម​ដងផ្លូវ​នៅ​ក្រុង​ធំៗ​របស់​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។

ចាប់តាំងពី​ការ​ផ្ទុះ​បាតុកម្ម​ប្រឆាំង​ជ័យជម្នះ​របស់​លោក ម៉ាឌុយរ៉ូ ករណី​បន្លំ​ការ​បោះឆ្នោត ហើយ​ប្រកាស​ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៨ កក្កដា មនុស្ស ២៥​នាក់​ស្លាប់ រង​របួស ២០០​នាក់ និង​ចាប់​ខ្លួន ២៤០០​នាក់។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Gulf Times ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ សីហា។

នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កាលពី​សប្ដាហ៍​មក​នេះ គេ​សង្កេត​ឃើញ​បាតុករ​រាប់​សែន​នាក់​បាន​ស្រែក​ទាមទារ​ឱ្យ​លោក ម៉ាឌុយរ៉ូ ចុះចេញ​ពី​តំណែង ដែល​ពួកគេ​ស្រែក​ថា យើង​ត្រូវការ​សេរីភាព សេរីភាព ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា បាតុករ​ម្នាក់ៗ​សុទ្ធតែ​កាន់​ទង់ជាតិ​វេណេហ្ស៊ុយអេឡា ពួកគេ​បាន​ស្រែក​សច្ចា​ថា​ត្រូវតែ​រួម​គ្នា​ងើប​ឡើង​ប្រឆាំង​លោក ម៉ាឌុយរ៉ូ និង​របប​ផ្ដាច់ការ​របស់​បុរស​ខ្លាំង​ម្នាក់​នេះ ហើយ​ត្រូវតែ​ប្រឆាំង​រហូត​ដល់​ទី​បញ្ចប់ លុះត្រាតែ​លោក ម៉ាឌុយរ៉ូ ធ្លាក់​ពី​អំណាច។

មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព អ្នកស្រី Maria Corina Machado ដែល​បាន​ចូលរួម​ក្នុង​មហា​ប្រជុំ​របស់​បាតុករ បាន​អំពាវនាវ​ឱ្យ​បាតុករ​កុំ​ចាកចេញ​ពី​ដងផ្លូវ​នានា​នៅ​រដ្ឋធានី​ការ៉ាកាស។ អ្នកស្រី​ទទូច​ថា ត្រូវ​រួម​គ្នា​ឱ្យ​ពាសពេញ​ប្រទេស​ទាំង ៣៣​ទីក្រុង​នៅ​ទូទាំង​ប្រទេស ដើម្បី​ទាញ​ទម្លាក់​លោក ម៉ាឌុយរ៉ូ ហើយ​ត្រូវ​ធ្វើការ​តវ៉ា​រហូត​ដល់​លោក ម៉ាឌុយរ៉ូ ព្រម​ចុះចេញ​ពី​តំណែង តែ​អ្នកស្រី​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ក៏​កំពុង​រង​គំរាម​ចាប់​ខ្លួន​ផង​ដែរ​ពី​លោក ម៉ាឌុយរ៉ូ។

អ្នកស្រី Machado បាន​ធ្វើ​សន្ទរកថា​ដ៏​រំជួល​ចិត្ត​មាន​រយៈពេល​ខ្លី ហើយ​ក្រោយ​មក​អ្នកស្រី​បន្ត​លាក់​ខ្លួន។ ក្រុម​ប្រឹក្សា​ជាតិ​បោះឆ្នោត​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក ម៉ាឌុយរ៉ូ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ចុង​ខែ​កក្កដា ដែល​ជា​ការ​ពន្យុះ​ឱ្យ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង​ផ្ទុះ​ការ​តវ៉ា ព្រោះតែ​ពួកគេ​មិន​ជឿ​ថា​លោក ម៉ាឌុយរ៉ូ ឈ្នះ​ឆ្នោត​ដោយ​សុចរិត​ឡើយ។

ក្រុម​គាំទ្រ​អ្នកស្រី Machado និង​បេក្ខជន​ប្រធានាធិបតី Gonzalez Urrutia ប្រកាស​ទាត់​ចោល​ការ​អះអាង​របស់​ក្រុម​ប្រឹក្សា​ជាតិ​បោះឆ្នោត​វេណេហ្ស៊ុយអេឡា។ ពួក​បាតុករ​បាន​ហៅ​ជ័យជម្នះ​របស់​លោក ម៉ាឌុយរ៉ូ គឺ​ការ​ប្រឌិត​ដើម្បី​បន្ត​ក្រាញ​អំណាច ដែល​ការពិត ប្រជាជន​នៅ​ទូទាំង​ប្រទេស​គេ​មិន​បាន​បោះឆ្នោត​គាំទ្រ​លោក ម៉ាឌុយរ៉ូ នោះ​ទេ។

តាម​អ្នក​សង្កេតការណ៍​ឯករាជ្យ លោក ម៉ាឌុយរ៉ូ មាន​ការ​គាំទ្រ​មិន​ដល់ ៣០% នោះ​ទេ ហើយ​បេក្ខជន​ដែល​ឈ្នះ​ពិតប្រាកដ គឺ​លោក Gonzalez Urrutia ជា​បេក្ខជន​តំណាង​ឱ្យ​អ្នកស្រី Machado ព្រោះតែ​អ្នកស្រី​មិន​មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត ដែល​ក្រុម​ប្រឹក្សា​ជាតិ​បោះឆ្នោត​វេណេហ្ស៊ុយអេឡា ថា​អ្នកស្រី​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

នៅ​ពេល​បាតុករ​កំពុង​មាន​សន្ទុះ​ខ្លាំង​ឡើង ទាមទារ​ឱ្យ​លោក ម៉ាឌុយរ៉ូ ចុះចេញ​ពី​តំណែង បុរស​ខ្លាំង​រូប​នេះ​បាន​ស្នើ​ឱ្យ​រដ្ឋអាជ្ញា​ចេញ​ដីកា​ចាប់​ខ្លួន​អ្នកស្រី Machado និង​លោក Gonzalez Urrutia។ លោក ម៉ាឌុយរ៉ូ បាន​ចោទ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ​ជា​មេ​ផែនការ​បង្កើត​រដ្ឋប្រហារ​ទម្លាក់​លោក​ពី​តំណែង។

ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ជាពិសេស​នៅ​រដ្ឋធានី​ការ៉ាកាស ដែល​មាន​មនុស្ស​ចូលរួម​ជាច្រើន​ម៉ឺន​នាក់ ក៏​គេ​សង្កេត​ឃើញ​ប្រជាជន​វេណេហ្ស៊ុយអេឡា ដែល​នៅ​រស់នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​បាតុកម្ម​នៅ​ខាងមុខ​ស្ថានទូត​វេណេហ្ស៊ុយអេឡា នៅ​បណ្ដា​ប្រទេស​ទាំងនោះ។

ចាប់តាំងពី​ផ្ទុះ​វិបត្តិ​នយោបាយ​នៅ​ឆ្នាំ​២០១៦ ប្រជាជន​វេណេហ្ស៊ុយអេឡា បាន​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន​ដោយសារតែ​ពួកគេ​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន និង​សង្គម​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ពុករលួយ ការ​គាបសង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​បក្ស​ប្រឆាំង គឺ​មាន​ជាង ៧​លាន ៥​សែន​នាក់។

ប្រទេស​កាន់តែ​ច្រើន​ឡើង​មាន​ដូចជា ក្រុម​ប្រទេស​សហភាព​អឺរ៉ុប ២៧​ប្រទេស សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា អេស្ប៉ាញ អូស្ត្រាលី និង​ក្រុម​ប្រទេស​នៅ​អាមេរិក​ឡាទីន មិន​ទទួលស្គាល់​លោក ម៉ាឌុយរ៉ូ ជា​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ស្រប​ច្បាប់​ឡើយ។

សហរដ្ឋ​អាមេរិក តាមរយៈ​ក្រសួង​យុត្តិធម៌ បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​លោក ម៉ាឌុយរ៉ូ ចាកចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​ទី​៣ ដោយ​ទម្លាក់​អំណាច​សុខចិត្ត​ចាញ់​នឹង​កម្លាំង​ប្រជាជន បើ​ពុំ​នោះ​ទេ លោក ម៉ាឌុយរ៉ូ ត្រូវ​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន ដែល​អាមេរិក​ចោទ​ថា​លោក ម៉ាឌុយរ៉ូ គឺជា​ជនឧក្រិដ្ឋ​គ្រឿងញៀន។ ជា​មេ​បណ្ដាញ​រត់ពន្ធ​គ្រឿងញៀន​ចូល​សហរដ្ឋ​អាមេរិក។

ក្រៅពី​នេះ លោក ម៉ាឌុយរ៉ូ ក៏​រង​ការ​ចាប់​ខ្លួន​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ករណី​រំលោភ​សិទ្ធិមនុស្ស និង​បាញ់​សម្លាប់​ក្រុម​ប្រឆាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស