សាលាក្រុងភ្នំពេញ ព្រមានគណបក្សកម្លាំងជាតិ ថាបើបក្សនេះនៅបន្តធ្វើសមាជវិសាមញ្ញតាមអ្វីដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៥ សីហា ខាងមុខនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នោះបក្សកម្លាំងជាតិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយទៅកាន់បក្សកម្លាំងជាតិ កាលពីថ្ងៃទី២០ ខែសីហា ដោយស្នើឱ្យបក្សនេះលើកពេលប្រារព្ធពិធីសមាជដែលគ្រោងធ្វើនៅថ្ងៃទី២៥ខែសីហា ខាងមុខ ទៅពេលក្រោយវិញ។
សមាជរបស់គណបក្សកម្លាំងជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែសីហា ខាងមុខនេះ គឺស្ថិតក្នុងភូមិព្រែកតាឡុងទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានមនុស្សចូលរួមប្រមាណ ៤០០នាក់។
រដ្ឋបាលសាលារាជធានីភ្នំពេញ ព្រមានថា ប្រសិនបើប្រធានស្តីទីនៃគណបក្សនេះនៅតែមានះរៀបចំសមាជវិសាមញ្ញនេះទៀត ហើយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងមិនគោរពតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ ខែសីហា គឺគណបក្សនេះនឹងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ដោយខ្លួនឯង។
អភិបាលរងក្រុងភ្នំពេញ លោក កើត ឆែ បានលើកឡើងក្នុងកិច្ចប្រជុំនេះថា ដោយសារតែស្ថានភាពនៅរាជធានីភ្នំពេញមានការប្រមូលផ្ដុំប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូច្នេះសាលាក្រុងភ្នំពេញមិនអនុញ្ញាតឱ្យគណបក្សណាមួយធ្វើសមាជដោយការប្រមូលផ្ដុំបានទេ ហើយសមត្ថកិច្ចក៏មិនអាចផ្តល់កិច្ចការពារសន្តិសុខចំពោះពិធីសមាជនោះដែរ។
លោក កើត ឆែ បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញស្នើសុំឱ្យមានការពន្យារពេលរហូតដល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្ងប់ស្ងាត់សិន ប៉ុន្តែក្នុងករណីគណបក្សកម្លាំងជាតិ មិនទទួលយកសំណើនេះ សូមគណបក្សស្នើទៅក្រសួងមហាផ្ទៃ ដោយខ្លួនឯង ហើយបើក្រសួងមហាផ្ទៃ សម្រេចយ៉ាងណានោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តតាមការសម្រេចរបស់ក្រសួងមហាផ្ទៃ វិញ។
ជុំវិញបញ្ហានេះ តំណាងគណបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន បានអះអាងក្នុងអង្គប្រជុំថា គណបក្សកម្លាំងជាតិ នៅតែបន្តរៀបចំពិធីសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី២៥ ខែសីហា ខាងមុខតាមការគ្រោងទុក ដែលមានសមាជិកចូលរួមប្រមាណជា ៤០០នាក់ ដោយផ្អែកលើច្បាប់ស្ដីពីគណបក្សនយោបាយ។
លោក ជិន ប៊ុណ្ណារ័ត្ន បញ្ជាក់ថា គណបក្សកម្លាំងជាតិ ស្នើសុំរៀបចំសមាជវិសាមញ្ញនេះគ្រាន់តែដើម្បីជ្រើសរើសថ្នាក់ដឹកនាំគណបក្សតែប៉ុណ្ណោះ ហើយសមាជនេះក៏មិនពាក់ព័ន្ធនឹងក្រុម ឬចលនាជ្រុលនិយមប្រឆាំងណាមួយដែរ។
ទោះជាបែបនេះក្តី តំណាងគណបក្សកម្លាំងជាតិរូបនេះបញ្ជាក់ថា លោកនឹងយកកំណត់ហេតុប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញទៅប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្ស ហើយបើគណបក្សសម្រេចបែបណានោះ គណបក្សនឹងជូនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញវិញ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិ ចេញសេចក្តីជូនដំណឹងមួយទៅកាន់អភិបាលរាជធានីភ្នំពេញ ប្រារព្ធពិធីសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានសមាជិកចូលរួមប្រមាណជា ១៥០០នាក់។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងប្រធានស្តីទីគណបក្សកម្លាំងជាតិ លោក ជា មុន្នី សុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ៕