29 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត មួយ​ឆ្នាំ​មក​នេះ​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​វិស័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ពី​ឪពុក​បាន​មួយ​ឆ្នាំ​គត់ គឺ​នៅ​ថ្ងៃទី​២២ ខែ​សីហា នេះ ក្រុម​អ្នកវិភាគ​នយោបាយ​បាន​ហៅ​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ថា​ជា​តំណែង​នាំ​ឲ្យ​មាន​វិបត្តិ​ជាតិ ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​វិស័យ​មិន​អាច​កែ​បាន។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ដូច​ដែល​លោក​បាន​លើកឡើង​តាំងពី​មុន​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថា សម័យ​លោក ហ៊ុន សែន កម្ពុជា​ជួប​បញ្ហា​ធំ​ដែល​នៅ​កែ​បាន ប៉ុន្តែ​សម័យ​លោក ហ៊ុន ម៉ាណែត កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​វិស័យ​ដែល​កែ​លែង​បាន។

លោក​ថា វិធី​ដោះស្រាយ​មាន​តែ​ម្យ៉ាង​គត់ គឺ​ពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​រុញ​ទម្លាក់​លោក ហ៊ុន ម៉ាណែត ដូចជា​នៅ​បង់ក្លាដេស។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បាន​អះអាង​ថា សមិទ្ធផល​ធំ​បំផុត​របស់​លោក ហ៊ុន ម៉ាណែត គឺ​ទាញ​ទម្លាក់​កម្ពុជា​ពី​មាន​បញ្ហា​ធំ មក​ធ្លាក់​ក្នុង​វិបត្តិ ពី​បញ្ហា​ដើរ​ថយ​ក្រោយ​នៃ​ប្រជាធិបតេយ្យ ធ្លាក់​ចូល​វិបត្តិ​ប្រជាធិបតេយ្យ ពី​បញ្ហា​សេដ្ឋកិច្ច​រខេករខាក ចូល​វិបត្តិ​សេដ្ឋកិច្ច ពី​បញ្ហា​ពិបាក​ប្រមូល​ពន្ធ​ឲ្យ​គ្រប់​ផែនការ ធ្លាក់​ចូល​វិបត្តិ​ប្រមូល​ពន្ធ​មិន​បាន​តាម​ផែនការ ពី​បញ្ហា​ថយ​អ្នក​ទេសចរ ធ្លាក់​ចូល​វិបត្តិ​ស្ទើរ​អត់​អ្នក​ទេសចរ ពី​បញ្ហា​នៃ​ភាព​ក្រីក្រ ធ្លាក់​ចូល​វិបត្តិ​ទុក្ខ​វេទនា​វ័ណ្ឌក​ដោយ​បំណុល ទាំង​រដ្ឋ ទាំង​រាស្ត្រ។

លោក គឹម សុខ អះអាង​ថា វិបត្តិ​ធំ​ពីរ​ចុងក្រោយ គឺ​ធ្វើ​ឲ្យ​ទឹកដី​ជាតិ​កម្ពុជា​ទាំងមូល​ប្រឈម​នឹង​ការ​បាត់បង់​ក្នុង​ផែនការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) របស់​វៀតណាម និង​គ្មាន​ដំណោះស្រាយ​អ្វី​ទាំង​ឪ​ទាំង​កូន ចេញ​គំរាម​បង្ក្រាប​ពលរដ្ឋ​ដែល​តវ៉ា។ តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត មាន​ន័យ​ស្មើ​វិបត្តិ​កម្ពុជា។

លោក គឹម សុខ អះអាង​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​ជំហរ​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​នយោបាយ និង​ប្រព័ន្ធ​ដឹកនាំ​ជាតិ វិល​ទៅ​រក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ស្តីអំពី​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​ការ​ឱ្យ​តម្លៃ​លើ​ឆន្ទៈ​របស់​ពលរដ្ឋ ទើប​ជា​វិធី​ត្រឹមត្រូវ​ក្នុង​ការ​បង្រួបបង្រួម ផ្សះផ្សា​ខ្មែរ រហូត​ដល់​បាន​ឯកភាព​ជាតិ​កម្ពុជា​ទាំងមូល។

យ៉ាងណា លោក គឹម សុខ អះអាង​ថា ការ​ចរចា​បង្រួបបង្រួម​ជាតិ​ក្នុង​កាលៈទេសៈ​នេះ កាន់តែ​តានតឹង ពីព្រោះ​តម្រូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត សន្យា​ឱ្យ​ជាក់លាក់​អំពី​ការ​ដក​ទឹកដី​កម្ពុជា​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​មុន​សិន ហើយ​ភាគី​ណា​ក៏ដោយ​ដែល​មាន​វត្តមាន​ចរចា មិន​អាច​រំលង​លក្ខខណ្ឌ​នេះ​បាន​ឡើយ ដោយសារ​នេះ​គឺជា​ការ​ទាមទារ​ដាច់ខាត​របស់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ដែល​បារម្ភ​ពី​ការ​បាត់បង់​ទឹកដី​ជាតិ​ខ្មែរ​កាន់តែ​ច្រើន​ទៀត​នៅ​ថ្ងៃ​អនាគត ដូច្នេះ​គ្រប់​ភាគី​នយោបាយ​ត្រូវតែ​ស្ដាប់។

ការ​លើកឡើង​នេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ត​ពូជ គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១៥ ខែ​សីហា លើកឡើង​ថា មូលហេតុ​ចម្បង​ដែល​កម្ពុជា​បាត់បង់​ទឹកដី ដោយសារ​ខ្មែរ​ចេះ​តែ​ឈ្លោះ​គ្នា។ លោក ហ៊ុន ម៉ាណែត ដែល​លោក ហ៊ុន សែន លើក​បន្តុប​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី បាន​និយាយ​ថា រឿង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម នេះ មាន​ចរន្ត​ពីរ​ផ្សេង​គ្នា​របស់​ពលរដ្ឋ គឺ​មាន​គាំទ្រ និង​មាន​ខ្លះ​សុំ​ឱ្យ​ដក​ខ្លួន​ចេញ ដែល​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​កើត​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ថា​នឹង​នាំ​មក​នូវ​ការ​បែកបាក់ ឬ​អំពើ​ហិង្សា​ណា​មួយ​កើតឡើង។

ប៉ុន្តែ​អតីត​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​អះអាង​ថា កូន​អតីត​នាយករដ្ឋមន្ត្រី​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក គឺ​នៅ​មុន​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ករណី​ដំឡើង​កូន​ជា​អនុប្រធាន​បក្ស ហើយ​ដាក់​បេក្ខភាព​ឪ​ឈរ​ជា​នាយករដ្ឋមន្ត្រី។ លោក​បន្ត​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់​ឆ្នោត បែរ​ជា​លោក ហ៊ុន សែន តែងតាំង​កូនប្រុស​របស់​គាត់​ទៅវិញ ដែល​នេះ​ជា​រូបភាព​បោកប្រាស់​ម្ចាស់​ឆ្នោត​មួយ​បាត់​ទៅ​ហើយ។

លោក​អះអាង​ថា ដំបូង​ឡើយ​មាន​ការ​គិត​វិភាគ​ទុក​ថា នាយករដ្ឋមន្ត្រី​ជា​កូន​នេះ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ល្អ​ប្រសើរ ប៉ុន្តែ​ផ្ទុយ​ស្រឡះ គ្មាន​អ្វី​កែប្រែ​នោះ​ទេ មាន​តែ​ធ្លាក់​ដុនដាប​ជាង​ជំនាន់​ឪ​ទៅ​ទៀត ហើយ​លោក ហ៊ុន ម៉ាណែត ក៏​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​នោះ​ទេ នៅតែ​ឪ​ជា​អ្នក​ដឹក​ដៃ និង​បញ្ជា​ពីក្រោយ​ដដែល ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​អ្វី​នោះ​ទេ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ក្រឡេក​មើល​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត គឺ​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ​ក្នុង​រយៈពេល ១​ឆ្នាំ​នេះ ព្រោះ​រវល់​តែ​រឿង​បង្ហោះ​បង្អួត​សកម្មភាព​របស់​ខ្លួន​នៅ​តាម​បណ្ដាញ​សង្គម។

ចំណែកឯ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នាយករដ្ឋមន្ត្រី បាន​សរសេរ​អួត​អំពី​សកម្មភាព​របស់​កូន​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ នេះ ជា​ខួប​មួយ​ឆ្នាំ​នៃ​ថ្ងៃ​ជំនាន់​ថ្មី​ចាប់ផ្តើម​កាច់​ចង្កូត​នាវា​កម្ពុជា ជាមួយ​ការ​ចាកចេញ​របស់ U.90 U.80 និង U.70 សំដៅ​ដល់​អ្នក​មាន​អាយុ​ជាង ៨០ ជាង ៧០ និង​ជិត ៧០​ឆ្នាំ។

លោក​អះអាង​ថា ជំនាន់​ថ្មី​បាន​ដឹកនាំ​ដោយ​ស្វាហាប់ និង​ការ​ទទួល​ខុសត្រូវ​ដែល​លោក​សូម​លើក​តែ​ចំណុច​គន្លឹះ​មក​កត់សម្គាល់ គឺ​រក្សា​បាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម រក្សា​បាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់​បាន​អតិផរណា រក្សា​បាន​កម្លាំង​ទិញ​នៃ​ប្រាក់​រៀល រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច ទោះបី​សេដ្ឋកិច្ច​តំបន់ និង​សកលលោក​ជួប​ការ​លំបាក​ក៏ដោយ ប្រាក់ចំណូល​ជាតិ​រក្សា​បាន​ល្អ ពិសេស​សាច់ប្រាក់​នៅ​រតនាគារ​ជាតិ​សម្រាប់​ចំណាយ​ចរន្ត​មិន​មាន​ការ​ថយ​ចុះ​ទេ បើ​ទោះជា​ការ​ចំណាយ​កើន​ឡើង ដោយ​ការ​ដំឡើង​បៀវត្សរ៍ ចំណាយ​លើ​ការ​ជួយ​ប្រជាជន​ក៏ដោយ។

ប៉ុន្តែ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កន្លង​មក​ថា ប្រសិនបើ​បណ្តោយ​ឱ្យ​លោក ហ៊ុន សែន កំណត់​ជោគវាសនា​ជាតិ នោះ​ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ជា​ជនជាតិ​ភាគតិច​នៅ​ពេល​អនាគត។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់ «ចាត់តាំង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា»។ ព្រះរាជក្រឹត្យ​ដដែល​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ដែល​ទទួល​បាន​ការ​ចាត់តាំង​នេះ​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល ដើម្បី​សុំ​សេចក្តី​អនុម័ត​ទុកចិត្ត​ពី​រដ្ឋសភា។

នៅ​ថ្ងៃទី​២២ ខែ​សីហា សមាជិក​សភា​ចំនួន ១២៣​រូប​ក្នុង​ចំណោម ១២៥​រូប បាន​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​វ័យ ៤៥​ឆ្នាំ​រូប​នេះ​ចាប់ផ្តើម​ការងារ​ជា​ផ្លូវការ​ជាមួយ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​នៅ​ថ្ងៃទី​២៣ ខែ​សីហា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស