26.3 C
Phnom Penh

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​លើក​ពេល​ធ្វើ​សមាជ​វិសាមញ្ញ​ទៅ​ពេល​ក្រោយ​វិញ​បន្ទាប់ពី​រង​ការ​ព្រមាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ ប្រកាស​លើក​ពេល​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ទៅ​ពេល​ក្រោយ តាម​ការ​ស្នើ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​ទប់ស្កាត់​ផែនការ​ប្រមូលផ្ដុំ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។

គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា គណបក្ស​សូម​ប្រកាស​លើក​ពេល​រៀបចំ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ទៅ​ពេល​ក្រោយ​វិញ ហើយ​គណបក្ស​នឹង​ជូនដំណឹង​សាជាថ្មី​អំពី​ពេលវេលា និង​ទីតាំង​ជាក់លាក់​តាម​ក្រោយ។

ប្រភព​ដដែល​បញ្ជាក់​ថា គណបក្ស​គ្រោង​នឹង​រៀបចំ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​សីហា ខាងមុខ​នេះ ប៉ុន្តែ​ក្រោយ​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​សាលា​រាជធានី​ភ្នំពេញ ខាង​សាលាក្រុង​ភ្នំពេញ​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​រៀបចំ​ពិធី​សមាជ​វិសាមញ្ញ​នេះ​ទេ ដោយ​ស្នើ​ឱ្យ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​កាន់​គណបក្ស​កម្លាំង​ជាតិ ដោយ​ស្នើ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ លើក​ពេល​ប្រារព្ធ​ពិធី​សមាជ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៥ សីហា ខាងមុខ​នេះ ទៅ​ពេល​ក្រោយ។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ក្នុង​ករណី​ប្រធាន​ស្តីទី​គណបក្ស​នេះ​នៅតែ​មានះ​រៀបចំ​សមាជ​វិសាមញ្ញ​នេះ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​សាធារណៈ និង​មិន​គោរព​តាម​ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃទី​២០ ខែ​សីហា នោះ​គណបក្ស​នេះ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង។

ការ​រៀបចំ​ពិធី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​កម្លាំង​ជាតិ នៅ​ពេល​នេះ គឺ​ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​ដើម្បី​ដឹកនាំ​គណបក្ស​បន្ត​ទៀត ព្រោះ​លោក ស៊ុន ចន្ធី ដែល​ជា​ប្រធាន​គណបក្ស​សព្វថ្ងៃ​មិន​មាន​សម្បទា​ស្រប​ច្បាប់​សម្រាប់​ដឹកនាំ​គណបក្ស​នេះ​ឡើយ បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​ឧសភា កន្លង​ទៅ​នោះ។

បន្ទាប់ពី​លោក ស៊ុន ចន្ធី ត្រូវ​ចាប់​ខ្លួន លោក ជា មុន្នី ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សព្វថ្ងៃ​នេះ ខណៈ​លោក ស៊ុន ចន្ធី ក៏​មិន​ដឹង​ពេល​ណា​នឹង​អាច​មាន​សេរីភាព​ឡើងវិញ​ដើម្បី​មក​ដឹកនាំ​គណបក្ស​នេះ​ដែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស