លោក ហ៊ុន ម៉ាណែត ប្រកាសផ្ដួចផ្ដើមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងកម្មវិធីបង្ហាញអំពីសមិទ្ធផលរយៈពេល ១ឆ្នាំក្រោមការដឹកនាំរបស់លោកកាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ថា លោកបានសម្រេចចិត្តផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលមានគោលដៅកៀរគរថវិកាដើម្បីការកសាងព្រំដែនឱ្យកាន់តែរឹងមាំ។
លោកបន្តថា ពលរដ្ឋខ្មែរនៅទូទាំងប្រទេសក៏អាចចូលរួមនៅក្នុងមូលនិធិនេះជាមួយរាជរដ្ឋាភិបាលបានដែរក្នុងការកសាងផ្លូវក្រវាត់ព្រំដែនក្នុងបុព្វហេតុរួមគ្នាការពារបូរណភាពទឹកដីរបស់កម្ពុជា។
លោកអះអាងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង ដូចជា វៀតណាម ថៃ ឡាវ ជាបន្តបន្ទាប់ ក្នុងនោះព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបានប្រវែងជាង ៦០០គីឡូម៉ែត្រហើយ (៦៨៦,៩៦គីឡូម៉ែត្រ) លើផែនការសរុបជាង ១ពាន់គីឡូម៉ែត្រ (១០៦៦គីឡូម៉ែត្រ)។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា មូលនិធិនេះក៏ដើម្បីអភិវឌ្ឍខេត្តក្នុងតំបន់ត្រីកោណដែរ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្ដល់ដីឲ្យពលរដ្ឋទៅរស់នៅឱ្យបានកាន់តែច្រើន ក៏ដូចជាការពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ដើម្បីជួយបង្កើតជាសហគមន៍ថាមពលក្នុងការអភិវឌ្ឍខេត្តទាំង៤ នេះដែរ។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាលសូមធានាចំពោះពលរដ្ឋខ្មែរថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្ដេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីការតវ៉ាពីពលរដ្ឋដែលទាមទារឱ្យរដ្ឋាភិបាលធានាការពារនូវព្រំដែនរបស់ខ្លួនឱ្យបានរឹងមាំ ដើម្បីចៀសវាងពីការឈ្លានពានរបស់ប្រទេសជិតខាង ជាពិសេសគឺប្រទេសវៀតណាម។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ សីហា នេះថា ការកសាងផ្លូវខ្សែក្រវាត់ព្រំដែនជារឿងល្អហើយ បើលោក ហ៊ុន ម៉ាណែត ធ្វើក្នុងស្មារតីជាតិ ប៉ុន្តែនយោបាយបែបនេះទំនងជានយោបាយសណ្ដំចិត្តពលរដ្ឋកុំឲ្យតវ៉ានឹងនយោបាយលាក់កំបាំងរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាមួយវៀតណាម ក្នុងល្បែងគម្រោងតំបន់ត្រីកោណ CLV តែប៉ុណ្ណោះ។ ដូច្នេះ មូលនិធិនេះនឹងមិនអាចជោគជ័យបានទេក្នុងស្ថានភាពបែកបាក់ជាតិដូចសព្វថ្ងៃនេះ។
លោកថា បើចង់ប្រតិបត្តិផែនការជាតិឲ្យជោគជ័យ ទាល់តែមានការឯកភាពជាតិជាមុនសិន ប៉ុន្តែកាលណាអនុវត្តក្នុងស្ថានភាពជាតិធ្លាក់ក្នុងវិបត្តិហែកហួរគ្នាបែបនេះ ប្រាកដជាពុំមានអ្នកចូលរួមច្រើននោះឡើយ។
លោក គឹម សុខ លើកឡើងថា ពេលនេះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងជាប់ការសង្ស័យរបស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស អំពីនយោបាយងងឹតរបស់គាត់ក្នុងការគប់គិតជាមួយវៀតណាម ជាថ្នូរនឹងអំណាចគ្រួសារហ៊ុន ក្នុងគម្រោងឈ្លានពានតំបន់ត្រីកោណពីវៀតណាម នៅពេលនេះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា ទាំងពីរនាក់ឪពុក និងកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវពលរដ្ឋខ្មែរមើលឃើញថាកំពុងប្រឹងប្រមូលលុយដើម្បីចិញ្ចឹមកម្លាំងការពារអំណាចគ្រួសារហ៊ុន ក្រោមនយោបាយបង្គាប់បញ្ជារបស់វៀតណាម តែប៉ុណ្ណោះ ដូច្នេះទោះលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ចេញផែនការអ្វី ក៏មិនបានជោគជ័យនោះដែរ ចេញមួយបរាជ័យមួយ ព្រោះពលរដ្ឋខ្មែរបាត់ការជឿជាក់ទាំងស្រុងទៅលើឪពុកកូនទាំងពីរនាក់នេះហើយ៕