29 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​ទំនាស់​ដីធ្លី​គឺជា​ដំណឹង​ល្អ ប៉ុន្តែ​មិន​ដឹង​អនុវត្ត​បាន​ឬ​អត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្ដេជ្ញា​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី គឺជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​តែង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​ពី​អ្នក​មាន​អំណាច​សព្វថ្ងៃ​នេះ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​អនុវត្ត​បាន​ដូច​មាត់​ដែរ​ឬ​ក៏​អត់​តែប៉ុណ្ណោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អំណាច​ពេញ​ដៃ និង​សិទ្ធិ​សម្រេច​គ្រប់គ្រាន់​លើ​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដូច្នេះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី ក៏​មិនមែន​ជា​បញ្ហា​ស្មុគស្មាញ​ដែរ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ដោយ​ពិតប្រាកដ​មែន​នោះ។

លោក សេក សុជាតិ អះអាង​ថា កន្លង​មក​ពលរដ្ឋ​បាន​បង្ហាញ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ជុំវិញ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​ពី​អ្នក​មាន​អំណាច ប៉ុន្តែ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នៅ​មាន​កម្រិត​នៅឡើយ ជាពិសេស​បញ្ហា​ពាក់ព័ន្ធ​នឹង​មន្ត្រី​ថ្នាក់ក្រោម​ក្នុង​ចង្កោម​សែស្រឡាយ​បក្ខពួក​ដែល​គប់គិត​គ្នា​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ហ៊ាន​វះកាត់​សាច់​ស្អុយ​របស់​ខ្លួន​ចេញ​មែន នោះ​បញ្ហា​អ្វី​ក៏​អាច​ដោះស្រាយ​បាន​ដែរ។

លោក​ថា​កន្លង​មក គេ​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​ហាក់​ពុំ​បាន​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​អំពី​ការ​រំលោភ​ដីធ្លី​នោះ​ទេ ប៉ុន្តែ​គេ​ច្រើន​តែ​ឃើញ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ការ​សម្បទាន​ដីធ្លី​ដែល​កើត​ចេញពី​ការ​រំលោភ​បំពាន​លើ​ពលរដ្ឋ​ទៅ​ឱ្យ​អ្នក​មាន​អំណាច​ទៅវិញ។

លោក សេក សុជាតិ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​សឹងតែ​មិន​ហ៊ាន​ជឿ​លើ​ការ​ប្រកាស​របស់​រដ្ឋាភិបាល និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ឡើយ ព្រោះ​កន្លង​មក ពួកគេ​ធ្លាប់​ឃើញ​រដ្ឋាភិបាល​សន្យា​ជា​ហូរហែ​ដែរ ប៉ុន្តែ​ការ​អនុវត្ត​គឺ​ប្រាសចាក​ពី​សម្ដី​របស់​ខ្លួន​ទាំងស្រុង។

កាលពី​យប់​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ឱ្យ​បាន​នៅ​ពេល​ខាងមុខ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​សម្របសម្រួល​ដោះស្រាយ​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​កំពុង​មាន​បញ្ហា ដោយ​ឈរ​លើ​គោលការណ៍​សម្របសម្រួល និង​ច្បាប់ ដើម្បី​ស្វែងរក​ច្រក​ចេញ​តាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ។

លោក​បញ្ជាក់​ថា ចំពោះ​វិស័យ​អចលនទ្រព្យ​វិញ រដ្ឋាភិបាល​បាន​លើកលែង​ពន្ធ​ប្រាក់​ចំណេញ​មូលធន​លើ​អចលនទ្រព្យ អនុញ្ញាត​ការ​បង់​ពន្ធ​ជា​កញ្ចប់ លើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ជា​បុរី ដែល​មាន​តម្លៃ​ក្រោម ឬ​ស្មើ ៧​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​រដ្ឋាភិបាល​ក៏​សម្រេច​បន្ត​អនុវត្ត​គោលការណ៍​លើក​ទឹកចិត្ត​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២៥ ដែរ។

យ៉ាងណា​ក៏ដោយ រយៈពេល ១​ឆ្នាំ​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​មក​នេះ គេ​សង្កេត​ឃើញ​ថា​បញ្ហា​ដីធ្លី​បាន​ផ្ទុះ​ឡើង​គ្រប់​ទម្រង់ និង​គ្រប់​ទីកន្លែង ដូចជា ការ​បោកប្រាស់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ការ​រំលោភ​សិទ្ធិ​ដីធ្លី ការ​រំលោភ​សិទ្ធិ​លំនៅឋាន និង​ការ​កាត់​ឆ្វៀល​ដី​នៅ​តំបន់​អភិរក្ស​ជាដើម ខណៈ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ជាក់លាក់​ណា​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​សម្រាប់​ពលរដ្ឋ​រងគ្រោះ​នៅឡើយ​ទេ។

ជាក់ស្តែង ក្រុមហ៊ុន​វិស័យ​អចលនទ្រព្យ ឡេង ណាវ៉ាត្រា របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​លក់​ដី និង​ផ្ទះ​ខ្យល់​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ជា​បន្តបន្ទាប់ ជាពិសេស​គម្រោង​ផ្លូវជាតិ​លេខ ៦A ដែល​មក​ដល់​ពេលនេះ អតិថិជន​រងគ្រោះ​នៅតែ​បន្ត​ការ​តវ៉ា​ទាមទារ​យក​ដី និង​ផ្ទះ​របស់​ពួកគេ​ដែល​បាន​ទិញ​ពី​ឧកញ៉ា​រូប​នេះ ខណៈ​ឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែ​បន្ត​គេចវេះ​មិន​ព្រម​ដោះស្រាយ​ឡើយ។

ចំណែក​ជនរងគ្រោះ​ដែល​ចាញ់​ការ​បោកប្រាស់​ក្រុមហ៊ុន​ផ្សេង​ទៀត ដូចជា ក្រុមហ៊ុន CIC របស់​លោក គុយ វ៉ាត ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ជា សារ៉ន និង​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ហ៊ី គឹមហុង ជាដើម ក៏​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ដែរ បើ​ទោះបីជា​ម្ចាស់​ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ក៏ដោយ។

ក្រៅពី​ការ​បោកប្រាស់​តាមរយៈ​វិស័យ​អចលនទ្រព្យ គេ​សង្កេត​ឃើញ​ថា មាន​ទំនាស់​ដីធ្លី​តាមរយៈ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដែរ ដូចជា នៅ​ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​សៀមរាប រួម​ទាំង​បណ្តា​ខេត្ត​ជាច្រើន​ទៀត ក្នុង​នោះ​ក៏​មាន​សហគមន៍​ក្រីក្រ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស