អ្នកវិភាគលើកឡើងថា ការចាប់ខ្លួនម្ចាស់ហាងកាហ្វេផាក (Park Café) លោក គុយ វ៉ាត ចំពេលពលរដ្ឋផ្ទុះការតវ៉ាបញ្ហាគម្រោងអភិវឌ្ឍន៍ត្រីកោណនៅពេលនេះ ដោយមិនស៊ើបអង្កេតលើអ្នកស្រី ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត គឺជាចេតនាបង្វែរសាច់រឿងពីគម្រោងអភិវឌ្ឍន៍ត្រីកោណតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ សីហា នេះថា ករណីឆបោកដែលជាប់ពាក់ព័ន្ធនឹងអ្នកស្រី ពេជ ចន្ទមុន្នី មានប្រភពពីផ្ទៃក្នុងរបស់ក្រុមហ៊ុន CIC ជាច្រើននាក់ប្រាប់រូបលោក។
ប្រធានវេទិកាពលរដ្ឋរូបនេះអះអាងថា លោកក៏មិនទាន់ហ៊ានអះអាងថាជាការពិតដែរ ប៉ុន្តែជាគោលការណ៍យុត្តិធម៌ក្នុងរឿងឧក្រិដ្ឋនេះ ត្រូវតែស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពលើលោក គុយ វ៉ាត និងអ្នកស្រី ពេជ ចន្ទមុន្នី។
លោកថា ត្រឹមតែលោក គុយ វ៉ាត ម្នាក់ឯងមិនអាចលួចផ្ទេរលុយរាប់លានដុល្លារអាមេរិកពីក្រុមហ៊ុនមូលនិធិ CIC Partner ដែលគ្រប់គ្រងដោយមនុស្សមួយក្រុមបានឡើយ។ ដូច្នេះការចាប់ខ្លួនលោក គុយ វ៉ាត ដោយគ្មានការស៊ើបអង្កេតបែបនេះ ប្រៀបដូចចោរលួចបាយ។
លោក គឹម សុខ រំលឹកថា ការចាប់អតីតឧកញ៉ា ឡេង ចាន់ណា ដោយមិនស៊ើបអង្កេតដែលជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត រួមទាំងមន្ត្រីជិតស្និទ្ធរបស់គាត់ គឺជាអយុត្តិធម៌មួយទៅហើយ ដែលគេមើលឃើញថាការចាប់ខ្លួនអតីតឧកញ៉ារូបនោះ គឺជារបៀបធ្វើការរបស់ក្រុមម៉ាហ្វៀ។
អ្នកវិភាគរូបនេះត្អូញត្អែរថា ករណីបោកប្រាស់ដ៏ធំរបស់លោក គុយ វ៉ាត និងអតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានពលរដ្ឋដឹងឮពេញផ្ទៃប្រទេសជាយូរមកហើយ តែសមត្ថកិច្ចអនុវត្តវិធានការដោយគ្មានការស៊ើបអង្កេតដូចគ្នា។
លោកថា ទង្វើបែបនេះគ្រាន់តែជាល្បិចបោកប្រាស់សម្រាប់ឱ្យមនុស្សពិកាសតិសម្បជញ្ញៈមួយចំនួនជឿប៉ុណ្ណោះ ប៉ុន្តែមិនអាចបោកប្រាស់ពលរដ្ឋទូទៅឲ្យទុកចិត្តបានទេ ព្រោះល្បែងទុច្ចរិតកាន់តែលេង កាន់តែលេចចេញនូវចំណុចខ្សោយ។
លោក គឹម សុខ បញ្ជាក់ថា បើលោក ហ៊ុន ម៉ាណែត ស្រមៃថាចង់លេងល្បែងនេះដើម្បីទប់ចលនាពលរដ្ឋខ្មែរទូទាំងពិភពលោកដែលប្រឆាំងគម្រោង CLV របស់វៀតណាម វាមិនខុសពីយកផ្សែងទៅបាំងកំដៅព្រះអាទិត្យឡើយ ព្រោះការប្រឆាំងគម្រោង CLV គឺជាបេសកកម្មការពារទឹកដីជាតិខ្មែររបស់កូនខ្មែរគ្រប់រូប មិនមែនជាល្បែងនយោបាយរបស់ក្រុមណាមួយនោះទេ។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ម្ចាស់ហាងកាហ្វេផាក (Park Café) លោក គុយ វ៉ាត និងជាអតីតអគ្គនាយកក្រុមហ៊ុនមូលនិធិ CIC Partner ដែលល្បីល្បាញថាលួចលុយពីក្រុមហ៊ុនមូលនិធិដ៏ធំមួយនេះប្រមាណជា ៨០លានដុល្លារអាមេរិក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឆបោក ដោយការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ ដែលត្រូវបានឃាត់ខ្លួនដោយនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រៅពីពាក់ព័ន្ធនឹងអំពើឆបោកចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ លោក គុយ វ៉ាត ត្រូវគេដឹងថាក៏រងនូវបណ្តឹងជាច្រើនទៀតដែរ។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ លោក គុយ វ៉ាត ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CIC និងជាម្ចាស់ហាង Park Cafe រួមទាំងសមាជិកក្រុមប្រឹក្សាភិបាលជាង ១០នាក់ផ្សេងទៀត បានរងនូវការចោទប្រកាន់ថាបានលួចផ្ទេរលុយចេញពីក្រុមហ៊ុននេះជិត ១០០លានដុល្លារអាមេរិក (៨០លានដុល្លារអាមេរិក) ក្នុងនោះក៏ជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលលោក ព្រាប កុល ផងដែរ។
ជាងនេះទៀត ឧកញ៉ា សុខ ពិសិដ្ឋ ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលម្នាក់ក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលទាំង ១៣នាក់របស់ក្រុមហ៊ុននេះដែរ ហើយឧកញ៉ារូបនេះត្រូវគេដឹងថាជានាយកគ្រប់គ្រងក្នុងក្រុមហ៊ុន G Gear ដែលក្រុមហ៊ុន G Gear នេះ គឺជាក្រុមហ៊ុនរបស់អ្នកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោក ហ៊ុន ម៉ាណែត។
សំណុំរឿងបោកប្រាស់របស់លោក គុយ វ៉ាត ត្រូវបានជនរងគ្រោះឈ្មោះ យ៉ង់ ប៉ាក់ ទម្លាយតាំងពីដើមឆ្នាំ២០២៤ មកម្ល៉េះ ប៉ុន្តែរដ្ឋាភិបាលមិនមានចំណាត់ការឡើយ ទើបតែពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនបុគ្គលរូបនេះនៅពេលនេះ ប៉ុន្តែការចាប់ខ្លួននេះធ្វើឡើងដោយគ្មានការស៊ើបអង្កេតអ្វីទាំងអស់។
លោក គុយ វ៉ាត គឺជាបុគ្គលម្នាក់ដែលបានឈរឈ្មោះឲ្យក្រុមហ៊ុនវិនិយោគនៅកម្ពុជាជាច្រើន ដូចជា ក្រុមហ៊ុន ZILLENNIUM CO., LTD, ក្រុមហ៊ុន MARKMA MINING AND ENERGY CONSULTANTS CO., LTD., និងក្រុមហ៊ុន Z VALLEY CO.,LTD ជាដើម។ ជាងនេះទៀត លោក គុយ វ៉ាត ក៏បានឈរឈ្មោះឱ្យក្រុមហ៊ុនជិត ២០ផ្សេងទៀតដែរ៕