អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន ដែលមានលំនៅឋានប្រមាណ ១៥៨៥ខ្នង និងដី ១៤៩,៥ហិកតា ព្រមទាំងដីស្រែចម្ការ ២៩០០ហិកតានោះ មេត្តាយោគយល់ដើម្បីការអភិវឌ្ឍរួមរបស់ជាតិ ដោយសន្យាថា រដ្ឋនឹងផ្ដល់សំណងយ៉ាងយកចិត្តទុកដាក់ទៅតាមតម្លៃទីផ្សារជាក់ស្តែង។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យតម្រាយផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី២៦ ខែសីហា លោក ស៊ុន ចាន់ថុល បានស្នើទៅពលរដ្ឋកុំឱ្យមានការព្រួយបារម្ភលើសំណងនៃផលប៉ះពាល់ ខណៈមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងចុះទៅសិក្សាបន្ថែមពីផលប៉ះពាល់របស់ពលរដ្ឋយ៉ាងយកចិត្តទុកដាក់។
លោក ស៊ុន ចាន់ថុល អះអាងថា រដ្ឋាភិបាលដោះស្រាយតាមគោលនយោបាយ តាមច្បាប់ទម្លាប់ដែលមាន មិនមែនរំលោភយកដីធ្លីពីពលរដ្ឋយកមកកសាងព្រែកជីកនោះទេ ហើយសូមកុំជឿការញុះញង់។
ប្រភពដដែលបានឱ្យដឹងទៀតថា តំបន់ខ្លះនៃគម្រោងនេះអាចមានទំហំទទឹងខុសគ្នាខ្លះ គឺចាប់ពី ១០០ម៉ែត្រ ១៦០ម៉ែត្រ និងរហូតដល់ ៣០០ម៉ែត្រ។ លោកបន្តថា ភាពខុសគ្នានេះ នឹងធ្វើឱ្យផលប៉ះពាល់ដល់ដី ក៏ដូចជាផ្ទះរបស់ពលរដ្ឋមានភាពខុសគ្នាតាមតំបន់ផងដែរ។
លោក ស៊ុន ចាន់ថុល បានអះអាងថា ព្រែកជីកនេះនឹងត្រូវជីកថ្មីទាំងស្រុងតែប្រវែង ០៧គីឡូម៉ែត្រតែប៉ុណ្ណោះនៅក្នុងខេត្តកែប ដោយភ្ជាប់ទៅសមុទ្រ។ ចំណែកព្រែកដែលមានស្រាប់ប្រវែង ១៣៥គីឡូម៉ែត្រ គឺគ្រាន់តែពង្រីកឲ្យធំ ខណៈ ៣៨គីឡូម៉ែត្រទៀតដែលមានកន្លែងខ្លះកោងខ្លាំង គឺគ្រាន់តែតម្រង់ឲ្យត្រង់ប៉ុណ្ណោះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃផលប៉ះពាល់ឃើញថាមានលំនៅឋានប្រមាណ ១៥៨៥ខ្នង ស្ពានចំនួន៣ រោងចក្រ១ ផ្លូវជាតិចំនួន១៨ (៤គីឡូម៉ែត្រ) ផ្លូវលំចំនួន៧០ (៤៥,៥គីឡូម៉ែត្រ) ទំនប់ទឹក ២ខ្សែប្រវែង ៣៨៧ម៉ែត្រ បឹងចំនួន១៥ មានទំហំ ១៣,៦ហិកតា និងដីស្រែចម្ការ ២៩០០ហិកតា រួមទាំងដីលំនៅឋាន ១៤៩,៥ហិកតាផងដែរ។
ពលរដ្ឋដែលរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានអះអាងថា ពួកគេនៅពុំទាន់ទទួលបានព័ត៌មានជាក់លាក់ស្ដីពីការដោះស្រាយសំណងដល់អ្នកដែលប៉ះពាល់ពីគម្រោងនេះនៅឡើយទេ។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏កំពុងបារម្ភពីការបណ្តេញចេញដោយទទួលសំណងមិនសមរម្យ ទោះបីរដ្ឋាភិបាលបានធានាពីការផ្ដល់សំណងសមរម្យដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះក៏ដោយក្តី។
អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា គម្រោងជីកព្រែកហ្វូណនដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់សមុទ្រ គឺធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់នោះយ៉ាងធ្ងន់ធ្ងរ។
លោកថា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលពុំទាន់មានដំណោះស្រាយណាមួយសម្រាប់ពលរដ្ឋដែលរងនូវផលប៉ះពាល់នោះនៅឡើយទេ។ លោកថា នៅកម្ពុជា ទីណាមានការអភិវឌ្ឍ ទីនោះនឹងមានរាស្ត្រស្រែកយំ។
គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០គីឡូម៉ែត្រ គឺជាគម្រោងដែលនឹងប្រើប្រាស់ព្រែកធម្មជាតិ និងជាប្រវត្តិសាស្ត្រដែលមានស្រាប់របស់កម្ពុជាតាំងតែពីសម័យហ្វូណន។ ក្នុងនោះដែរ កំណាត់ផ្លូវទឹកប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ នឹងត្រូវពង្រីកបន្ថែមលើផ្លូវទឹកដែលមានស្រាប់។ ចំណែក ៣៨គីឡូម៉ែត្រ ជាផ្លូវទឹកដែលមានភាពបត់បែនច្រើន នឹងត្រូវតម្រង់ឱ្យត្រង់។ រីឯ ៧គីឡូម៉ែត្រទៀតដែលស្ថិតក្នុងខេត្តកែប នឹងជីកព្រែកថ្មីដើម្បីតភ្ជាប់ទៅសមុទ្រ។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវសាងសង់ឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជនចិន China Road and Bridge Corporation (CRBC) ឬ “សាជីវកម្មថ្នល់ និងស្ពានចិន” ជាទម្រង់ BOT ក្នុងទំហំទឹកប្រាក់ ១៧០០លានដុល្លារអាមេរិក ដែលទទួលបានទុនឧបត្ថម្ភពីរដ្ឋាភិបាលចិន តាមរយៈសហគ្រាសរដ្ឋចិន ឈ្មោះ Chinese Communications Construction Company (CCCC)៕