ក្រុមមន្ត្រីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទម្លាយថា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម លោក ម៉េង ហុង កំពុងប្រព្រឹត្តអំពើពុករលួយដោយការទទួលសំណូកពីមណ្ឌលសុខភាព និងគ្លីនិកឯកជននានាជាថ្នូរនូវការផ្តល់ឱ្យកិច្ចសន្យាស្ដីពីសន្តិសុខសង្គម។
មន្ត្រីបេឡាជាតិសន្តិសុខសង្គមជាច្រើននាក់ ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២៨ សីហា នេះថា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម លោក ម៉េង ហុង តម្រូវឱ្យមណ្ឌលសុខភាព និងគ្លីនិកឯកជន បង់លុយឱ្យគាត់ចាប់ពី ២ម៉ឺន ៥ពាន់ដុល្លារ រហូតដល់ ៣ម៉ឺនដុល្លារអាមេរិក ទើបពួកគេទទួលបានកិច្ចសន្យាជាតិសន្តិសុខសង្គម។
ជាងនេះទៅទៀត លោក ម៉េង ហុង ក៏តម្រូវឱ្យមណ្ឌលសុខភាព និងគ្លីនិកឯកជនទាំងនោះ ត្រូវបង់លុយ ១០% ជារៀងរាល់ខែនៃប្រាក់ចំណេញរបស់ពួកគេ ឱ្យគាត់ជារៀងរាល់ខែផងដែរ។
ប្រភពមន្ត្រីដដែលអះអាងថា បើមណ្ឌលសុខភាព ឬគ្លីនិកឯកជនណាដែលចង់បានសេវា ប.ស.ស ក្នុងស្ថាប័នរបស់ខ្លួន ដោយមិនធ្វើតាមការតម្រូវរបស់គាត់ នោះមណ្ឌលសុខភាព ឬគ្លីនិកឯកជនទាំងនេះមិនអាចទទួលបាននូវសេវាប្រើប្រាស់បេឡាជាតិសន្តិសុខសង្គមបានឡើយ។
ប្រភពដដែលអះអាងថា លោក ម៉េង ហុង តែងប្រើលេសថាតំបន់ដែលលើកសំណើទាំងនោះ គឺមានទីតាំងច្រើនពេក ឬមណ្ឌលសុខភាព និងគ្លីនិកឯកជនដែលបានស្នើទាំងនោះមិនទាន់សមស្របតាមលក្ខខណ្ឌរបស់អង្គភាព ប.ស.ស ជាដើម។
មន្ត្រីបេឡាជាតិសន្តិសុខសង្គមទាំងនេះ បញ្ជាក់ថា ចាប់តាំងពីលោក ម៉េង ហុង ឡើងជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គមមក កិច្ចសន្យានានារវាងអង្គភាព ប.ស.ស ជាមួយវិស័យសុខភាពសាធារណៈ និងឯកជន ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ប៉ុន្តែត្រូវបន្ធូរបន្ថយដោយការសូកប៉ាន់ទៅវិញ ជាពិសេសមណ្ឌលសុខភាព និងគ្លីនិកឯកជនដែលបានបង់លុយគ្រប់ចំនួនតាមការតម្រូវរបស់គាត់។
ប្រភពដដែលបញ្ជាក់ថា ប្រសិនបើមន្ត្រីបេឡាជាតិសន្តិសុខសង្គមរូបណាមិនសូវយល់ពីរបៀបរបបរកលុយឱ្យលោក ម៉េង ហុង ទេ គឺត្រូវគេដកបញ្ឈរជើង ឬមិនប្រើមន្ត្រីនោះបន្តទៀតឡើយ។ លោក ម៉េង ហុង ប្រើតែមន្ត្រីជំនិតរបស់គាត់តែប៉ុណ្ណោះ ដែលងាយស្រួលក្នុងការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយជុំវិញរឿងនេះ។
ចំណែកឯក្រុមមន្ត្រីដែលគ្មានខ្នងបង្អែក មិនដែលហ៊ាននិយាយអ្វីឡើយ ក្រៅតែពីសុំសុខដើម្បីទទួលបានប្រាក់ខែ ខណៈរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ក៏ទំនងជាមេខ្លោងក្នុងការប្រព្រឹត្តអំពើពុករលួយនេះដែរ ព្រោះកន្លងមក លោក ម៉េង ហុង តែងប្រើឈ្មោះលោក ហេង សួរ បង្គាប់ឱ្យមណ្ឌលសុខភាព និងគ្លីនិកឯកជនបង់លុយជាបន្តបន្ទាប់។
អ្នកជំនាញខាងអភិបាលកិច្ចលោក ឱក សេរីសោភក្តិ៍ បានលើកលើងកាលពីពេលថ្មីៗនេះថា ក្នុងក្រសួងស្ថាប័នជាតិ ដូចជា មន្ទីរពេទ្យ ស្ថាប័នគយ និងស្ថាប័នតុលាការ ជាដើម កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ។
ចំណែកប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត ក៏ធ្លាប់បានរិះគន់ខ្លាំងៗទៅកាន់មន្ត្រីរដ្ឋាភិបាលដែលកំពុងតែដឹកនាំដោយលោក ហ៊ុន ម៉ាណែត ថាសុទ្ធតែជាមន្ត្រីពុករលួយ ឬហៅម្យ៉ាងថាមន្ត្រីដែលចូលចិត្តផឹកទឹកតែ។
ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រមាណ ១ឆ្នាំ ៥ថ្ងៃមកនេះ គេសង្កេតឃើញថា រដ្ឋាភិបាលថ្មីនេះមិនទាន់អាចលុបបំបាត់អំពើពុករលួយដែលនៅសេសសល់ពីរដ្ឋាភិបាលចាស់របស់លោក ហ៊ុន សែន នៅឡើយទេ ខណៈកម្ពុជាត្រូវគេរកឃើញថាជាប្រទេសដែលមានកម្រិតពុករលួយអាក្រក់ជាងគេបំផុតក្នុងចំណោមប្រទេសទាំង១០ នៃសមាគមអាស៊ាន។
ជុំវិញបញ្ហានេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោក ម៉េង ហុង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ទាំងនេះបាននៅឡើយរហូតមកដល់ម៉ោងផ្សាយនេះ៕