29 C
Phnom Penh

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បដិសេធ​ថា​ភរិយា​លោក ហ៊ុន ម៉ាណែត មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​របស់​លោក គុយ វ៉ាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល បដិសេធ​ថា អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មូលនិធិ CIC Partner និង​អំពើ​ឆបោក​របស់​លោក គុយ វ៉ាត ដែល​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ឡើយ។

ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​លិខិត​បដិសេធ​នៅ​ថ្ងៃទី​២៨ សីហា នេះ​ក្នុង​ការ​ច្រានចោល និង​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​របស់​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ដែល​ថា​អ្នកស្រី ពេជ ចន្ទមុន្នី ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​របស់​លោក គុយ វ៉ាត ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៦ ខែ​សីហា នេះ។

ប្រភព​ដដែល​អះអាង​ថា អ្នកស្រី ពេជ ចន្ទមុន្នី មិន​ដែល​ប្រើប្រាស់​តួនាទី​របស់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ដើម្បី​គាំទ្រ ឬ​នៅ​ពីក្រោយ​អំពើ​ខុស​ច្បាប់​របស់​បុគ្គល​ណា​ម្នាក់​ឡើយ គឺ​អ្នកស្រី​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការ​បំពេញ​តួនាទី​យ៉ាង​ល្អ​ប្រសើរ និង​ឥរិយាបថ​ប្រកប​ទៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ​ជានិច្ច។

ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល បញ្ជាក់​ថា ការ​ចោទប្រកាន់​របស់​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ គឺជា​ការ​ប្រឌិត​ព័ត៌មាន​ក្នុង​ចេតនា​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ភាន់ច្រឡំ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកស្រី ពេជ ចន្ទមុន្នី។ ពួកគេ​បាន​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​របស់​លោក គឹម សុខ ដែល​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកវិភាគ​នយោបាយ​ទម្លាយ​ពី​ការ​ឆបោក​របស់​លោក គុយ វ៉ាត ដែល​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា ក្រុម​អ្នក​នាំពាក្យ​នាយករដ្ឋមន្ត្រី​គួរ​រៀនសូត្រ​ឲ្យ​ត្រូវ​វិជ្ជាជីវៈ​របស់​ខ្លួន ព្រោះ​ថា​នៅ​ពេល​ដែល​មាន​ការ​ចោទប្រកាន់​ពី​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​របស់​ក្រុម​មន្ត្រី ដូចជា អំពើពុករលួយ ជាដើម​នេះ គេ​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ហ្មត់ចត់ និង​តម្លាភាព ទើប​អាច​លាតត្រដាង​ការពិត​ឲ្យ​ជឿជាក់​បាន។

លោក គឹម សុខ លើកឡើង​ថា ផ្អែក​តាម​ភាព​យុត្តិធម៌​ត្រឹមត្រូវ រដ្ឋាភិបាល​មិន​ត្រូវ​ចេញ​ក្រដាស​មួយ​សន្លឹក​ឲ្យ​មន្ត្រី​របស់​ខ្លួន​អាន​ដោយ​គ្រាន់តែ​សំអាង​ថា ភរិយា​នាយករដ្ឋមន្ត្រី​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពលរដ្ឋ​បាន​ចោទប្រកាន់​នោះ​ទេ។ លោក​ថា លោក​បាន​រំឭក​ហើយ​ថា ល្បែង​ទុច្ចរិត​កាន់តែ​លេង កាន់តែ​លេច​ចេញ​នូវ​ចំណុច​ខ្សោយ។

អ្នកវិភាគ​រូប​នេះ​ទម្លាយ​ថា ម្ដាយបង្កើត​របស់​អ្នកស្រី ពេជ ចន្ទមុន្នី ធ្លាប់​បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ថា គាត់​មាន​ការ​ព្រួយបារម្ភ​ពី​កូនស្រី​របស់​គាត់ គឺ​អ្នកស្រី ពេជ ចន្ទមុន្នី ដែល​ជា​ភរិយា​របស់​មេដឹកនាំ​បែប​ច្របូកច្របល់​យ៉ាង​ខ្លាំង​សព្វថ្ងៃ​នេះ។

លោក គឹម សុខ អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​ស៊ើបអង្កេត​ត្រឹមត្រូវ ហើយ​រក​ឃើញ​ថា​ការ​លើកឡើង​របស់​លោក​ពិត​ជា​ខុស​មែន លោក​ក៏​មិន​ញញើត​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ។

លោក​ថា បញ្ហា​នៅ​ត្រង់​ថា បើ​រដ្ឋាភិបាល​មិន​ហ៊ាន​ស៊ើបអង្កេត​ទេ​នោះ គឺ​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដែរ ព្រោះ​គាត់​មិន​បាន​បំពេញ​កាតព្វកិច្ច​ដោះស្រាយ​តាម​សំណូមពរ​របស់​ពលរដ្ឋ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។

លោក​បន្ត​ថា ជាង​នេះ​ទៀត ក៏​មិន​ត្រូវ​ភ្លេច​ដែរ​នូវ​បទឧក្រិដ្ឋ​ដែល​ជាប់​ទាក់ទង​នឹង​លោក ហ៊ុន ម៉ាណែត ក្នុង​អំពើ​ឆបោក​របស់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ព្រោះ​អ្នកស្រី ឡេង ចាន់ណា ជា​អ្នក​អះអាង​ដោយ​ផ្ទាល់​ថា លោក ហ៊ុន ម៉ាណែត នៅ​ពីក្រោយ​អំពើ​បោកប្រាស់​នោះ។

លោក គឹម សុខ បញ្ជាក់​ថា យោង​តាម​ច្បាប់​ស្ដីពី​រឿង​ពុករលួយ សភា​អាច​ចាត់ការ​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ហើយ​ធ្វើការ​ស៊ើបអង្កេត​ជម្រះ​សេចក្ដី​លើ​ករណី​ដែល​មាន​ការ​ចោទប្រកាន់ និង​សង្ស័យ​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស