អ្នកជំនាញនយោបាយការទូតអន្តរជាតិ ចាត់ទុកថេរដីកាលោកធុតង្គ ភិក្ខុ វនវាសី ចន្ទមុន្នី ថាជាព្រះសង្ឃបោកប្រាស់ពលរដ្ឋខ្មែរ ពីព្រោះព្រះអង្គថាខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសកម្ពុជាបានរំកិលទៅប្រទេសជិតខាង នេះគឺជាការលើកឡើងដែលគ្មានចំណេះដឹងពីប្រវត្តិសាស្ត្រស្តីអំពីព្រំដែន និងជាទង្វើគាំទ្របរទេសបង្អាប់បង្អោនជាតិខ្មែរ។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា នេះថា ការដែលរដ្ឋាភិបាលរៀបចំឱ្យលោកធុតង្គ វនវាសី ចន្ទមុន្នី ទៅប្រឡូកប្រឡាក់នឹងរឿងព្រំដែននៅពេលនេះ គឺដើម្បីទាក់ទាញអ្នកជឿលើលោកសង្ឃអារញ្ញវាសីអង្គនេះ ឱ្យគាំទ្ររដ្ឋាភិបាលក្នុងរឿងចម្រូងចម្រាសអំពីបញ្ហាព្រំដែនតែប៉ុណ្ណោះ។
លោក សេង វណ្ណលី បញ្ជាក់ថា ជាអកុសលសម្រាប់ប្រជាជាតិខ្មែរខ្លាំងបំផុតដែលរដ្ឋាភិបាលយកមនុស្សដែលគ្មានចំណេះដឹង ឱ្យទៅពិនិត្យព្រំដែនដើម្បីតែទាក់ទាញការគាំទ្រក្នុងរបៀបវារៈនយោបាយរបស់ខ្លួន ជាជាងបង្ហាញការពិតអំពីស្ថានភាពពិតប្រាកដរបស់ព្រំដែនដែលកំពុងស្ថិតក្នុងស្ថានភាពល្អ ឬអាក្រក់បែបណានោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា រៀបចំឱ្យព្រះសង្ឃមួយអង្គដែលកំពុងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ឱ្យនិមន្តទៅពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម កាលពីពេលថ្មីៗនេះ។
មជ្ឈដ្ឋានខ្មែរខ្លះបញ្ចេញមតិថា យកផ្លិតទៅពិនិត្យខ្សែព្រំដែន!!!
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ភិក្ខុ វនវាសី ចន្ទមុន្នី បានធ្វើដំណើរទៅពិនិត្យព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ដោយពិនិត្យមើលបង្គោលព្រំដែនលេខ ០៣៥ ក្នុងនោះ ភិក្ខុ វនវាសី ចន្ទមុន្នី បានកាន់សៀវភៅមួយក្បាល និងប៊ិកមួយដើម ហើយចង្អុលលើផែនទីក្នុងទូរសព្ទដៃដោយប្រាប់ទៅក្រុមអាជ្ញាធរដែលដើរហែហមថា កម្ពុជាមិនបាត់បង់ទឹកដីទេ ប៉ុន្តែបង្គោលព្រំដែនរបស់ខ្មែរបានខិតចូលទៅខាងដីប្រទេសជិតខាងទៅវិញ។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន បានបញ្ជាទៅមន្ត្រីរបស់ខ្លួនដែលប្រចាំការនៅខេត្តស្ទឹងត្រែង ឱ្យរៀបចំទទួលភិក្ខុរូបនេះឱ្យបានត្រឹមត្រូវទាំងចង្ហាន់ និងការស្នាក់នៅអំឡុងពេលដែលលោកនិមន្តទៅខេត្តស្ទឹងត្រែង និងបន្តនិមន្តទៅកាន់ខេត្ត៣ ផ្សេងទៀតក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនោះ។
ដោយឡែកព្រះសង្ឃខ្មែរដែលគង់នៅវត្តភ្នំសេរី លើទឹកដីសហរដ្ឋអាមេរិក ភិក្ខុ ប៊ុត ប៊ុនតិញ លើកឡើងកាលពីថ្ងៃទី២៦ ខែសីហា ថា ភិក្ខុ វនវាសី ចន្ទមុន្នី ដែលអះអាងថាខ្សែបន្ទាត់ព្រំដែនខ្មែររំកិលចូលទៅប្រទេសជិតខាង គឺជាការនិយាយមិនត្រឹមត្រូវ ព្រោះប្រវត្តិសាស្ត្រក្នុងអតីតកាលរហូតដល់បច្ចុប្បន្ន មានតែខ្មែរបាត់បង់ទឹកដី មិនដែលមេដឹកនាំខ្មែរក្នុងប្រវត្តិសាស្ត្រលួចដីប្រទេសជិតខាងទេ ហើយក៏គ្មានមេដឹកនាំខ្មែរណាលួចទឹកដីខ្មែរឱ្យប្រទេសជិតខាងដូចពេលនេះដែរ។
ភិក្ខុ ប៊ុត ប៊ុនតិញ បញ្ជាក់ថា ភិក្ខុ ចន្ទមុន្នី គ្រាន់តែជាសេណារីយ៉ូបោកប្រាស់មួយដែលក្រុមគ្រួសារលោក ហ៊ុន សែន រៀបចំទុកឱ្យបោកប្រាស់ពលរដ្ឋខ្មែរប៉ុណ្ណោះ ហើយបើពលរដ្ឋខ្មែរនៅតែជឿងប់ងុលលើភិក្ខុរូបនេះទៀតនោះ លោក ហ៊ុន សែន នឹងរៀបចំឱ្យភិក្ខុ ចន្ទមុន្នី បោកប្រាស់ពលរដ្ឋខ្មែរនៅក្នុងព្រឹត្តិការណ៍ក្រោយៗទៀតជាមិនខាន។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក ស៊ឹង សែនករុណា បានលើកឡើងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកំពុងប្រើប្រាស់សិទ្ធិលើជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា មកធ្វើប្រជាភិថុតិនៅពេលដែលខ្លួនអស់សមត្ថភាពចេញមុខការពារទឹកដីរបស់ខ្លួន និងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ទោះជារដ្ឋាភិបាលបានរៀបចំឱ្យភិក្ខុ វនវាសី ចន្ទមុន្នី ទៅបន្សាបស្ថានការណ៍យ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យចិត្តពុះកញ្ជ្រោលប្រឆាំងនឹងតំបន់អភិវឌ្ឍន៍ត្រីកោណពីពលរដ្ឋខ្មែរ ត្រជាក់បានយូរអង្វែងដែរ។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជារូបនេះគូសបញ្ជាក់ថា ពលរដ្ឋខ្មែរប្រហែលជាមិនភ្លេចអំពីប្រវត្តិសាស្ត្រដែលប្រទេសវៀតណាម បានយកទឹកដីរបស់ខ្លួននៅកម្ពុជាក្រោម និងបំពានអធិបតេយ្យកម្ពុជាកន្លងមកនោះទេ ទោះកន្លងទៅរាប់សិបរាប់រយឆ្នាំក៏ដោយ។
ហេតុការណ៍នេះ ជាគ្រោះថ្នាក់មួយទៀតដែលរដ្ឋអំណាចផ្ដាច់ការផ្ដាច់មុខយកសមណជនដែលមិនសិក្សា មិនដឹងអំពីប្រវត្តិសាស្ត្រខ្មែរពិតប្រាកដ ទៅធ្វើជាត្រីមុខថ្លែងដីកាផ្សព្វផ្សាយខុសការពិត ក្លាយជាមុសាវាទី ត្រូវអាបត្តិ ដូចបំផ្លាញពុទ្ធសាសនាដោយមិនដឹងខ្លួន។ លោក ហ៊ុន សែន កំពុងធ្វើឲ្យលោកធុតង្គ ភិក្ខុ វនវាសី ចន្ទមុន្នី ធ្លាក់ទៅក្នុងអគតិ ៤យ៉ាង៖ ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ៕