29 C
Phnom Penh

លោក សម រង្ស៊ី ហៅ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​ថា​ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចាត់ទុក​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ ព្រោះ​ជា​រដ្ឋាភិបាល​ដែល​មិន​ចេះ​រៀបចំ​ដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន គឺ​ចេះ​តែ​បំផ្លាញ​ជាតិ​ឯង។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៨ សីហា នេះ​ថា កាលពី​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម (Seagame) នា​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ចាស់​របស់​លោក ហ៊ុន សែន បាន​ចំណាយ​លុយ​ជាតិ​ជាង ១០០​លាន​ដុល្លារ​អាមេរិក (១២០​លាន​ដុល្លារ) ដោយ​មិន​ទទួល​លុយ​ពី​ប្រទេស​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នោះ​ទាំងអស់។

លោក សម រង្ស៊ី លើកឡើង​ថា ពេល​លោក ហ៊ុន សែន អួត​ពលរដ្ឋ​ខ្មែរ និង​អួត​ពី​ការ​ដឹកនាំ​របស់​គាត់​ទៅ​ប្រទេស​ដទៃ គាត់​បាន​យក​លុយ​ជាតិ​ដែល​ពលរដ្ឋ​ខ្មែរ​បង់​ពន្ធ​ទៅ​ចំណាយ​ដោយ​មិន​គិត​ពី​ការ​ខាតបង់​របស់​ប្រទេស​ជាតិ​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​ជាតិ​ត្រូវការ​អភិវឌ្ឍ ជាពិសេស​ការ​កសាង​ខ្សែក្រវាត់​ព្រំដែន​នៅ​ពេលនេះ បែរ​ជា​ទៅ​រៃអង្គាស​ពី​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​វ័ណ្ឌក​ក្នុង​បំណុល​ធនាគារ​ទៅ​វិញ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​រំលឹក​ថា ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ប្រកាស​អួត​ពេញ​ប្រទេស​ពី​ការ​រៀបចំ​ពិធី​ដង្ហែ​ដំណក់​ប្រេង​លើកដំបូង​នេះ ដើម្បី​អួត​ពី​ការ​ដឹកនាំ​របស់​គាត់ ប៉ុន្តែ​នៅ​ទីបំផុត ប្រេង​ក៏​បូម​មិន​កើត ចំណែក​ប្រេង​ដែល​បូម​បាន​ជិត ៣០​ម៉ឺន​បារ៉ែល ត្រូវ​ចោរ​លួច​ថែម​ទៀត។

កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ ត្រូវ​នឹង​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​នយោបាយ​ឈ្នះ​ឈ្នះ លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ដំណក់​ប្រេង​លើកដំបូង​នៅ​ប្រទេស​កម្ពុជា។ លោក​ថា រដ្ឋាភិបាល​នឹង​យក​កែវ​ផ្ទុក​ដំណក់​ប្រេង​លើកដំបូង​របស់​ខ្លួន​រក្សា​ទុក​នៅ​សារមន្ទីរ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ទុក​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ។

កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ប្រកាស​មិន​លក់​សំបុត្រ​សម្រាប់​ការ​ទស្សនា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដាច់ខាត ជុំវិញ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​មិន​យក​លុយ​លើ​ការ​ធ្វើ​ដំណើរ ការ​ស្នាក់នៅ និង​ការ​ហូបចុក​ពី​ប្រតិភូ​កីឡា​អាស៊ាន​មកពី​បណ្តា​ប្រទេស​នានា ដែល​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ដែរ ដែល​គិត​ជា​សរុប​ប្រមាណ​ជា ៧​លាន​ដុល្លារ​អាមេរិក។

អ្នក​រិះគន់​ឯ​ទៀត​ថា រដ្ឋាភិបាល​ខ្មែរ​ពូកែ​យក​មុខ​ដូច​ស្លឹកម្លូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស