31 C
Phnom Penh

លោក សម រង្ស៊ី អះអាង​ថា​បាន​ផ្ទៀងផ្ទាត់​បង្គោល​ព្រំដែន​បង្ហាញ​ថា​បង្គោល​រំកិល​ចូល​ដី​ខ្មែរ​រាប់​គីឡូម៉ែត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បន្ត​អះអាង​ជា​ថ្មី​ទៀត​ថា ក្រោយ​ផ្ទៀងផ្ទាត់​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​បង្គោល​ព្រំដែន​ជាមួយ​ក្រុមហ៊ុន​សេវាកម្ម​ផែនទី​ជាច្រើន​រួច​មក បាន​បង្ហាញ​ថា បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម បាន​រំកិល​ចូល​ដី​ខ្មែរ​រាប់​សិប​គីឡូម៉ែត្រ ខណៈ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​មាន​ពាក្យ​អ្វី​ដោះសា​ទេ​ចំពោះ​រឿង​នេះ។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា លោក​បាន​ផ្ទៀងផ្ទាត់​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​បង្គោល​ព្រំដែន 11.67882781369281 និង​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​បង្គោល​ព្រំដែន 106.3168896623792 ច្បាស់លាស់​ហើយ​ជាមួយ​ក្រុមហ៊ុន​សេវាកម្ម​ផែនទី​ជាច្រើន​ទៀត​ដែល​បាន​ប្រើ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្កាយរណប។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា លោក​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​យក​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​នេះ​ដាក់​ជាមួយ​ផែនទី Apple Map, Microsoft Map (bing.com), Open street Map និង Google Map ផង​ដែរ ហើយ​ជា​លទ្ធផល គឺ​បង្ហាញ​ទិន្នន័យ​ដូច​គ្នា ដែល​មាន​ន័យ​ថា​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម បាន​រំកិល​ចូល​ដី​ខ្មែរ​រាប់​សិប​គីឡូម៉ែត្រ ដូច​ដែល​លោក​បាន​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី Google Map កាលពី​មុន​ប្រាកដ​មែន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បដិសេធ​នូវ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​បង្ហាញ​ពី​ខ្សែបន្ទាត់​ព្រំដែន​តាមរយៈ Google Map ដែល​ថា​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម បាន​រំកិល​ចូល​ដី​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៤ លោក សម រង្ស៊ី បាន​អះអាង​ថា តាមរយៈ Google map ត្រង់​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​លេខ 11.67882781369281 និង​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​លេខ 106.3168896623792 បង្ហាញ​ថា បង្គោល​ព្រំដែន​ប្រទេស​កម្ពុជា-វៀតណាម បាន​រំកិល​ចូល​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​រាប់​សិប​គីឡូម៉ែត្រ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា បាន​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​យប់​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​អះអាង​ថា ប្រទេស​កម្ពុជា​មិន​ឱ្យ​មាន​ការ​បាត់បង់​ទឹកដី​សូម្បី ១​មិល្លីម៉ែត្រ​ទៅ​ប្រទេស​វៀតណាម ឡើយ។

លោក ឡាំ ជា បញ្ជាក់​ថា សម្រាប់​ការងារ​បោះ​បង្គោល​ព្រំដែន គឺ​ផ្អែកលើ​គោលការណ៍​ធំ​ចំនួន​៣ ទី​១ ផ្អែក​ទៅ​លើ​ផែនទី​ដែល​បន្សល់ទុក​ពី​អាណានិគម​និយម​បារាំង ដែល​ជា​ផែនទី​កំណត់​ថា​ជា​មរតក​ខ្សែ​ព្រំដែន​មិន​កែប្រែ។ ទី​២ ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​ទី​៣ ផ្អែក​ទៅ​លើ​ការ​កាន់កាប់​រស់នៅ​ជាច្រើន​ជំនាន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

យ៉ាងណាក៏ដោយ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា បង្គោល​ព្រំដែន​សព្វថ្ងៃ​នេះ​ដែល​វៀតណាម បោះ​ឱ្យ​កម្ពុជា អំឡុង​ទសវត្ស​ទី​៨០ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ជាច្រើន​គីឡូម៉ែត្រ​នៅ​តាម​បណ្តោយ​ព្រំដែន។

លោក អ៊ុំ សំអាន លើកឡើង​ថា វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​ជា​ឯកតោភាគី​នា​ទសវត្ស​ទី​៨០ ឱ្យ​កម្ពុជា ព្រោះ​វៀតណាម បាន​កាន់កាប់ និង​ត្រួតត្រា​កម្ពុជា​នា​សម័យ​នោះ។

ចំណែកឯ​ការ​បោះ​បង្គោល​ព្រំដែន​សម័យ​បច្ចុប្បន្ន​ដែល​ទើប​បោះ​បាន ៨៤% ស្មើ​នឹង ៣១៥​បង្គោល ក៏​បោះ​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​យក​តាម​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា​ដែរ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម សព្វថ្ងៃ គឺ​បោះ​តាម​បង្គោល​ព្រំដែន​ចំនួន ៧២​បង្គោល​ដែល​បោះ​ចន្លោះ​ឆ្នាំ​១៩៨៦-១៩៨៨ សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា មិន​បាន​បោះ​តាម​បង្គោល​បារាំង​ចំនួន ១២៤​បង្គោល​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​បង្គោល​ព្រំដែន​ទាំងនោះ​ចូល​ទៅ​ក្នុង​ដី​របស់​កម្ពុជា​បែប​នេះ។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​ការទូត​នយោបាយ​អន្តរជាតិ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​ទទួលស្គាល់​ថា បញ្ហា​ព្រំដែន​គឺជា​រឿង​ស្មុគស្មាញ​ដែល​ទាមទារ​ឲ្យ​មាន​អ្នកជំនាញ​ផ្នែក​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ជា​កិច្ចការ​របស់​អ្នក​បច្ចេកទេស​ផ្នែក​ព្រំដែន​ដោះស្រាយ​រួម​គ្នា។

លោក សេង វណ្ណលី លើកឡើង​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ជិតខាង ទាមទារ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ពី​ក្រុម​អ្នក​នយោបាយ​ទាំង​ស្រប និង​ប្រឆាំង​ក្នុង​សភា។ លោក​ថា ផ្ទុយទៅវិញ នៅ​ប្រទេស​កម្ពុជា​សមត្ថភាព​សភា​ខ្មែរ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​ព្រំដែន​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លាំង​បំផុត ជា​ហេតុ​ធ្វើ​ឱ្យ​ការ​បកស្រាយ​ពី​រដ្ឋាភិបាល ឬ​រដ្ឋសភា ពិបាក​ឲ្យ​ពលរដ្ឋ​ជឿជាក់​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស