ពលរដ្ឋខ្មែរស្នេហាជាតិមាតុភូមិ បានចូលរួមធ្វើបាតុកម្មនាចុងសប្តាហ៍មុននេះចាប់ពីប្រទេសកូរ៉េខាងត្បូងដល់សហរដ្ឋអាមេរិក ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា និងរដ្ឋវ៉ាស៊ីនតុន ជំទាស់ទៅនឹងកិច្ចព្រមព្រៀងដាក់ខេត្តខ្មែរបួនទៅអភិវឌ្ឍរួមជាមួយប្រទេសយៀកណាម ដែលពួកគេគិតថាវាស្មើនឹងឲ្យទឹកដីទៅគេ។
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលត្រកូលហ៊ុននឹងក្លាយជាសត្រូវរបស់ប្រជាជាតិខ្មែរគ្រប់ជំនាន់ បើនៅតែមានះមិនដកខ្លួនចេញពីមហិច្ឆតាឈ្លានពានដាក់ទឹកដីខ្មែរក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV ជាមួយវៀតណាម ទេនោះ ខណៈការធ្វើបាតុកម្មនឹងផ្ទុះកាន់តែធំឡើងៗនៅទូទាំងពិភពលោក ហើយអាចនឹងកើតមាននៅក្នុងប្រទេសកម្ពុជាក្នុងពេលណាមួយមិនខាន។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ កញ្ញា នេះថា រដ្ឋាភិបាលត្រកូលហ៊ុននឹងក្លាយជាសត្រូវរបស់កូនខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ហើយក៏ជាសត្រូវរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ ពីព្រោះកូនខ្មែរនៅបក្សនយោបាយណាក៏ស្រឡាញ់ទឹកដីជាតិខ្លួនឯងដែរ។
អ្នកវិភាគរូបនេះលើកឡើងថា ការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរប្រឆាំងគម្រោង CLV ទាំងនៅប្រទេសកូរ៉េខាងត្បូង និងនៅអាមេរិក គឺជាការបង្ហាញស្មារតីដ៏រឹងមាំរបស់កូនខ្មែរក្នុងការការពារទឹកដី ហើយក៏ជាការបង្ហាញពីការយល់ដឹងរបស់ពួកគេដែរថា គម្រោង CLV គឺជាផែនការឈ្លានពានរបស់វៀតណាម ប៉ងត្រួតត្រាទឹកដីខ្មែរកណ្ដាលទាំងមូលនៅថ្ងៃអនាគត ដែលមិនមែនជាទំនាក់ទំនងសេដ្ឋកិច្ចដូចរដ្ឋាភិបាលត្រកូលហ៊ុនអះអាងនោះទេ។
លោក គឹម សុខ អះអាងថា ស្មារតីបន្តធ្វើបាតុកម្មមិនឈប់បែបនេះ បានឆ្លុះឲ្យឃើញពីការប្ដេជ្ញាចិត្តចេញពីបេះដូងដ៏មោះមុតរបស់កូនខ្មែរ ជាពិសេសយុវជនខ្មែរដែលមិនបណ្ដោយឲ្យជនផ្ដាច់ការលក់ជាតិ និងបណ្តោយឱ្យបរទេសឈ្លានពានលើប្រទេសកម្ពុជា ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការបន្តបាតុកម្មនេះ ក៏ដូចជាការប្រកាសកំណត់គោលដៅមិនទម្លាក់ចោលការតវ៉ារបស់កូនខ្មែរនៅទូទាំងពិភពលោក ក្នុងការទាមទារដាច់ខាតឲ្យរដ្ឋាភិបាលត្រកូលហ៊ុន ត្រូវតែដកទឹកដីខ្មែរចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ចេញពីវៀតណាម មកវិញដែរ។
លោក គឹម សុខ គូសបញ្ជាក់ថា គម្រោង CLV ក្រោមឥទ្ធិពលវៀតណាម នេះ បានធ្វើឲ្យកូនខ្មែរគ្រប់មជ្ឈដ្ឋានភ្ញាក់រលឹកពីការបាត់បង់ទឹកដីរបស់ខ្លួនឡើងវិញ ព្រោះទឹកដីខ្មែរនៅពេលនេះកំពុងរអិលទៅក្នុងផែនការដែលនាំឱ្យបាត់បង់ប្រទេសកម្ពុជាទាំងមូល។
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិក បាននាំគ្នាធ្វើបាតុកម្មក្នុងទីក្រុងតាកូម៉ា នៃរដ្ឋធានីវ៉ាស៊ីនតុន ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ ដើម្បីបញ្ចៀសនូវការឈ្លានពានរបស់ប្រទេសវៀតណាម លើទឹកដីកម្ពុជាបន្តទៀត។
អនុប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ លោក រ៉េត សម្បត្តិ លើកឡើងក្នុងកម្មវិធីបាតុកម្មនេះថា មេដឹកនាំបក្សកាន់អំណាចតែងអះអាងថាខ្លួនជាអ្នកផ្ដួចផ្ដើមបង្កើតគម្រោងអភិវឌ្ឍន៍ត្រីកោណនេះឡើង ចុះហេតុអ្វីបានជាគាត់មិនសួរពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដី ថាពួកគេយល់ព្រមឱ្យបង្កើតគម្រោងនេះដែរឬក៏អត់។
លោក រ៉េត សម្បត្តិ លើកឡើងថា ពលរដ្ឋខ្មែរម្នាក់ណាក៏មិនព្រមរស់នៅក្រោមអាណានិគមបរទេសដែរ ជាពិសេសគឺប្រទេសវៀតណាម ដែលមានប្រវត្តិលួចទឹកដីខ្មែរកន្លងមក ដូច្នេះទង្វើរបស់លោក ហ៊ុន សែន នៅពេលនេះ បានបង្ហាញពីអំពើក្បត់ជាតិខ្មែរយ៉ាងពិតប្រាកដ។
ពលរដ្ឋខ្មែរដែលចូលក្នុងកម្មវិធីបាតុកម្មនេះ ប្ដេជ្ញាទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណដាច់ខាត និងត្រូវដោះលែងសកម្មជនសង្គម សកម្មជននយោបាយ ដែលត្រូវបានចាប់ឃុំខ្លួនបន្ទាប់ពីពួកគេសម្ដែងមតិប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះផងដែរ។
ចំណែកឯពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ក៏បានធ្វើបាតុកម្មជាលើកទី២ ប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍នេះដែរ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដោយបញ្ជាក់ថាផ្អែកលើប្រវត្តិសាស្ត្រខ្មែរតែងរងនូវការរំលោភបំពានទឹកដីពីប្រទេសវៀតណាម ជារៀងរហូតមក។
ក្រុមបាតុករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណជាមួយឡាវ និងវៀតណាម ជាបន្ទាន់ ពីព្រោះប្រជាពលរដ្ឋខ្មែរមិនមានទំនុកចិត្តលើគម្រោងនេះទេ ដោយសារតែពួកគេភ័យខ្លាចពីការរំលោភឈ្លានពានទឹកដីពីវៀតណាម តាមរយៈគម្រោងនេះ។
ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើការបកស្រាយផង ចាប់ខ្លួនអ្នករិះគន់ផង និងរៀបចំឱ្យមានកម្មវិធីដឹកនាំប្រជាពលរដ្ឋទៅលេងខេត្តទាំង៤ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណផងដែរ ដើម្បីបង្ហាញថា គម្រោងនេះមិនមែនជាការកាត់ទឹកដីខ្មែរទៅឱ្យវៀតណាម នោះទេ គឺជាគម្រោងអភិវឌ្ឍន៍ខេត្តទាំងនេះ។
សេចក្តីរាយការណ៍ពីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយកាលពីចុងឆ្នាំ២០២៣ ជុំវិញដីសម្បទានក្នុងខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ជាង ២០ម៉ឺន ឬ ២សែនហិកតា (២៤៥៣០៤ហិកតា) នៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម និងឡាវ ក្រោមកិច្ចសន្យារយៈពេល ៩៩ឆ្នាំ។
សេចក្តីរាយការណ៍ដដែលបង្ហាញថា ដីសម្បទានសេដ្ឋកិច្ច ១ហិកតា ជាមធ្យមត្រូវការកម្មករយ៉ាងតិច ៣នាក់ ដូច្នេះគេរកឃើញថាដីសម្បទានសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុនវៀតណាម ជាង ២០ម៉ឺនហិកតានៅតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺត្រូវការកម្មករជាង ៧០ម៉ឺននាក់ (៧៣៥៩១២នាក់) ខណៈកម្មករទាំងនោះជាង ៩០% សុទ្ធសឹងតែជាជនជាតិវៀតណាម៕