31 C
Phnom Penh

អ្នក​សង្កេតការណ៍​ថា​របប​គ្រប់គ្រង​ត​វង្ស​ត្រកូល គឺជា​របប​បំផ្លាញ​សង្គម​ជាតិ​រាប់​ជំនាន់​ទៅ​ថ្ងៃ​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ សេង វណ្ណលី បាន​អះអាង​ថា សង្គម​ជាតិ​ណា​ដែល​ដឹកនាំ​តាម​បែប​សន្តតិវង្ស សង្គម​ជាតិ​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បំផ្លិចបំផ្លាញ​ត​ជំនាន់ ព្រោះ​របប​ដឹកនាំ​ត​ត្រកូល​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រង​នូវ​ការ​បំផ្លាញ​រាប់​ជំនាន់​ទៅ​ថ្ងៃ​មុខ។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា នៅ​ពេល​បុគ្គល ឬ​ក្រុម​ណា​មួយ​មាន​អំណាច​លើសលប់ ទំនោរ​នៃ​ការ​ប្រព្រឹត្ត និង​ការ​ការពារ​អំពើពុករលួយ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​របស់​ពួកគេ អាច​នឹង​កើតមាន​ខ្ពស់​ដោយ​ពិតប្រាកដ។

លោក​ថា អំណាច​តែងតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​អាជ្ញា ឥទ្ធិពល និង​ការ​គ្រប់គ្រង​មួយ​ដែល​នាំ​ឱ្យ​អ្នក​កាន់​អំណាច​ទទួល​អារម្មណ៍​ថា ខ្លួន​មាន​សិទ្ធិ​ពិសេស​លើស​គេ​ឯង​មួយ​ប្រទេស មិន​ថា​លើ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​នយោបាយ​នោះ​ទេ ហើយ​នេះ​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នក​ដឹកនាំ​ក្នុង​របប​បែប​នេះ​សម្រេច​អ្វីៗ​តាម​តែ​អំពើ​ចិត្ត​ដែរ។

លោក សេង វណ្ណលី លើកឡើង​ថា របប​គ្រប់គ្រង​សន្តតិវង្ស​ច្រើន​តែ​ចេញ​ដំណើរការ​ដោយ​សម្ងាត់ ខ្វះ​តម្លាភាព ឬ​គ្មាន​តម្លាភាព​តែម្តង ជាពិសេស​ជា​ហេតុ​បង្ក​ការ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ និង​សង្គម​ទាំងមូល​ខ្លាំង​បំផុត។

ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើតមាន​របប​ដឹកនាំ​បែប​នេះ គឺ​ដោយសារតែ​ស្ថាប័ន​សាធារណៈ​ទន់ខ្សោយ កង្វះ​ការ​ទទួល​ខុសត្រូវ​តាម​បែប​ប្រជាធិបតេយ្យ និង​វប្បធម៌​នៃ​អំពើពុករលួយ​បាន​គ្របដណ្ដប់​ពេញ​ស្ថាប័ន​ទាំងនោះ​ពេញ​បន្ទុក។

លោក​ថា​មាន​កត្តា​មួយ​ចំនួន​ដែល​ទ្រទ្រង់​របប​ដឹកនាំ​នេះ​ឱ្យ​មាន​ជីវិត ដូចជា ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​គ្រប់​ទម្រង់ ជាពិសេស​ការ​ផ្ដល់​សម្បទាន​ធនធាន​ធម្មជាតិ​ដល់​ក្រុមហ៊ុន​ឯកជន​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ និង​ការ​កើន​ឡើង​របប​ដឹកនាំ​ផ្ដាច់ការ​សកល ជាដើម ខណៈ​ជំនួយ​បរទេស​ដែល​គ្មាន​តម្លាភាព​ក៏​រួម​ចំណែក​យ៉ាង​ធំ​ដល់​ការ​រស់រាន​នៃ​របប​ដឹកនាំ​បែប​នេះ​ដែរ។

លោក សេង វណ្ណលី បញ្ជាក់​ថា សម្រាប់​ដំណោះស្រាយ​ដើម្បី​លុបបំបាត់​របប​ដឹកនាំ​បែប​សន្តតិវង្ស គឺ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​ប្ដេជ្ញាចិត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​សំខាន់ៗ​របស់​ជាតិ ដើម្បី​ពង្រឹង​តុល្យភាព​នៅ​ក្នុង​ប្រព័ន្ធ​អភិបាលកិច្ច និង​ធានា​ឯករាជភាព​នៃ​ស្ថាប័ន​ទាំងនោះ​ដោយ​គ្មាន​ការ​គាបសង្កត់ ឬ​ការ​គំរាមកំហែង​ពី​អ្នក​កាន់​អំណាច​រដ្ឋ។

កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន បាន​ប្រកាស​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូនប្រុស​បង្កើត​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ កន្លង​ទៅ ខណៈ​ពេលនេះ លោក ហ៊ុន ម៉ាណែត ក៏​កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ដែរ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ដទៃ​ទៅ​ហើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស