គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា រដ្ឋាភិបាលគ្មានជម្រើសណាផ្សេងក្រៅពីការចាប់ខ្លួនអ្នកដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) នោះទេ ព្រោះពួកគេប្រើអាវុធជាតិផ្ទុះ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីជួបពិភាក្សាការងារជាមួយអ្នកស្រី រេយដា អ៊ែលហេច (Roueida El Hage) តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (OHCHR) ថា ដើម្បីរក្សាសន្តិសុខជាតិ រដ្ឋាភិបាលត្រូវតែចាប់ខ្លួនបុគ្គលមួយចំនួនដែលជាមេខ្លោងប្រឆាំងនឹងរដ្ឋាភិបាលដោយការប្រើអាវុធជាតិផ្ទុះ។
លោក កែវ រ៉េមី អះអាងថា វិធានការរបស់រាជរដ្ឋាភិបាលក្នុងការចាប់ខ្លួនបុគ្គលមួយចំនួនដែលជាមេខ្លោងប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺដោយសារតែអាជ្ញាធរបានរកឃើញភស្តុតាងជាក់លាក់ ដូចជា កាំភ្លើងកែច្នៃ ដ្រូនភ្ជាប់ដោយគ្រាប់ផ្ទុះ និងអាវុធគ្រោះថ្នាក់ដទៃជាច្រើនទៀត។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា អាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីការចាប់ខ្លួនអ្នកប្រឆាំងទាំងនោះទេ ដើម្បីរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៅក្នុងសង្គមកម្ពុជា។ ទន្ទឹមគ្នានេះ អាជ្ញាធរក៏បានចាត់វិធានការរដ្ឋបាលផ្សេងៗទៅលើបុគ្គលចំនួន ១៨៨នាក់ផងដែរ ដូចជា ការពន្យល់ណែនាំ ការផ្ដល់ព័ត៌មានពិត ជាដើម មុននឹងឱ្យបុគ្គលទាំងនេះត្រឡប់ទៅផ្ទះវិញ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កញ្ញា នេះថា រដ្ឋាភិបាលគួរបង្ហាញអំណះអំណាងជាក់លាក់លើករណីចាប់ខ្លួនសកម្មជនសង្គម និងសកម្មជននយោបាយ ជុំវិញការចោទប្រកាន់លើបញ្ហាតំបន់ត្រីកោណ។
លោកអះអាងថា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញការពិត រដ្ឋាភិបាលត្រូវបើកទូលាយឱ្យពលរដ្ឋ និងអង្គភាពសារព័ត៌មានឯករាជ្យចូលរួមក្នុងសវនាការរបស់សកម្មជនដែលត្រូវបានចាប់ខ្លួនទាំងនោះ ដោយមានការបង្ហាញពីសំណាក់មេធាវីនៃភាគីពាក់ព័ន្ធទាំងសងខាង ដើម្បីបញ្ជាក់ថា ការចោទប្រកាន់របស់រដ្ឋាភិបាលត្រឹមត្រូវ ឬយ៉ាងណានោះ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះព្រមានថា ការអនុវត្តវិធានការចាប់ខ្លួនអ្នកសម្ដែងមតិទាំងនោះ បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលខ្លួនឯង ព្រោះវិធានការនេះបានធ្វើឱ្យមានការភ័យខ្លាចពីសំណាក់ភ្ញៀវបរទេស និងអ្នកវិនិយោគធំ ដែលជាហេតុធ្វើឱ្យពួកគេមិនហ៊ានទៅកម្ពុជា ខណៈពលរដ្ឋក៏មិនបានទុកចិត្តលើរដ្ឋាភិបាលដោយសារតែវិធានការនេះដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការវាយប្រហារឥតឈប់ឈរលើអង្គការសង្គមស៊ីវិល រួមទាំងសកម្មជននានា បានបង្ហាញឱ្យឃើញថា វឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្ថិតនៅលើវិថីវែងឆ្ងាយ និងពិបាកសម្រេចបាននៅឡើយ។
សេចក្តីថ្លែងការណ៍ដដែលនេះបញ្ជាក់ថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ មក មានមនុស្សយ៉ាងតិច ៩៤នាក់ត្រូវបានចាប់ខ្លួនពីបទរិះគន់ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក្នុងនោះមនុស្សចំនួន ៥៩នាក់ រួមទាំងកុមារផង នៅតែត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល និងញុះញង់៕