អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានលំនៅឋានប្រមាណជិត ១៦០០ខ្នង (១៥៨៥ខ្នង) និងដីទំហំជិត ១៥០ហិកតា (១៤៩,៥ហិកតា) ព្រមទាំងដីស្រែចម្ការទំហំ ២៩០០ហិកតានោះ សូមកុំឱ្យជឿតាមពាក្យញុះញង់ដែលថារដ្ឋាភិបាលនឹងយកដីធ្លីរបស់ពលរដ្ឋដោយមិនបង់សំណង ព្រោះក្រុមការងារកំពុងរៀបចំពង្រាង និងនីតិវិធីដើម្បីដោះស្រាយជូនពលរដ្ឋហើយ។
លោក ស៊ុន ចាន់ថុល បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សូមពលរដ្ឋទាំងអស់កុំជឿ និងបង់ប្រាក់ឱ្យជនទុច្ចរិតជាថ្នូរនឹងទទួលបានការងារជាអ្នកបើកគ្រឿងចក្រក្នុងគម្រោងព្រែកជីកនេះ ព្រោះសកម្មភាពជីកព្រែកមិនទាន់ចាប់ផ្តើមនៅឡើយនោះទេ។ លោកថា ការដ្ឋានបានបើកហើយ ក៏ប៉ុន្តែកំពុងតែដោះស្រាយផលប៉ះពាល់សិន។
លោក ស៊ុន ចាន់ថុល អះអាងថា រដ្ឋនៅមិនទាន់បានប៉ះពាល់ដីរបស់ពលរដ្ឋមួយម៉ែត្រណានៅឡើយទេនៅក្នុងគម្រោងព្រែកជីកហ្វូណននេះ។ លោកថា រដ្ឋកំពុងតែធ្វើពង្រាង និងវ៉ៃបង្គោលរួចហើយ ទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រដ្ឋាភិបាល នឹងទៅដោះស្រាយបញ្ហាប៉ះពាល់ទាំងនោះ។
ពលរដ្ឋដែលរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានអះអាងថា ពួកគេនៅពុំទាន់ទទួលបានព័ត៌មានជាក់លាក់ស្ដីពីការដោះស្រាយសំណងដល់អ្នកដែលប៉ះពាល់ពីគម្រោងនេះនៅឡើយទេ។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏កំពុងបារម្ភពីការបណ្តេញចេញដោយទទួលសំណងមិនសមរម្យ ទោះបីរដ្ឋាភិបាលបានធានាពីការផ្តល់សំណងសមរម្យដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នេះក៏ដោយក្តី។
អ្នកឃ្លាំមើលនយោបាយ និងសង្គម លោក ស៊ឹង សែនករុណា បានឲ្យដឹងថា លោកទទូចឲ្យរដ្ឋាភិបាលដោះស្រាយជូនពលរដ្ឋរងគ្រោះដោយតម្លាភាព ពីព្រោះគម្រោងជីកព្រែកហ្វូណននេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
លោកថា អាជ្ញាធរចេះតែអះអាងថានឹងមិនធ្វើឲ្យប៉ះពាល់ដីរបស់ពលរដ្ឋ ប៉ុន្តែរហូតមកមកទល់ពេលបច្ចុប្បន្ន រដ្ឋាភិបាលពុំទាន់មានដំណោះស្រាយណាមួយសម្រាប់ពលរដ្ឋដែលរងនូវផលប៉ះពាល់នោះនៅឡើយទេ។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា នៅចំណុចមាត់ព្រែកតាកែវ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះគ្រោងចំណាយថវិកា ១៧០០លានដុល្លារ និងប្រើពេលសាងសង់ ៤ឆ្នាំ៕