30 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​គំរាម​ចាប់​អ្នក​ណា​ដែល​និយាយ​ពី​បញ្ហា​វៀតណាម​ចូល​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​រំលោភ​ច្បាប់​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា អ្នក​រស់នៅ​ក្រៅ​ប្រទេស​អាច​រួច​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស ប្រាកដ​ជា​មិន​រួច​ខ្លួន​ដាច់ខាត ប្រសិនបើ​រក​ឃើញ​ថា​ពួកគេ​មាន​បទល្មើស​ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​ពី​ជនជាតិ​វៀតណាម ថា​បាន​ចូល​ទៅ​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ខ្មែរ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​៨ ខែ​កញ្ញា បែប​នេះ បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ូ រុនអេង ដែល​បាន​លើកឡើង​ពី​ជនជាតិ​វៀតណាម ថា​បាន​ចូល​ទៅ​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ។

លោក ហ៊ុន សែន លើកឡើង​ថា គ្មាន​ការ​លើកលែង​ណា​មួយ​ត្រូវ​បាន​ធ្វើ​សម្រាប់​មនុស្ស​បែប​នេះ​ទេ។ លោក​ថា ពិត​មែន​ថា​សិទ្ធិ​បញ្ចេញមតិ​ត្រូវ​បាន​គោរព ប៉ុន្តែ​ការ​មួលបង្កាច់​មិន​ត្រូវ​បាន​អត់ឱន​ឲ្យ​ជា​ដាច់ខាត ដូច្នេះ​សង្គម​ស៊ីវិល ឬ​ជនបរទេស ឬ​បិតា​សិទ្ធិមនុស្ស មុន​នឹង​មាន​ប្រតិកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពិនិត្យ​ពី​មតិ​ស្ត្រី​នេះ​ជា​មុន បើ​មិន​ចង់​ធ្វើ​ជា​សត្រូវ​ជាមួយ​ច្បាប់​កម្ពុជា ឬ​ច្បាប់​អន្តរជាតិ។

កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា «រីករាយ​ទស្សនា​ដំណើរ​កម្សាន្ត​របស់​បងប្អូន​សិល្បករ​សិល្បការិនី​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ភូមិភាគ​ឦសាន»។ ក្នុង​វីដេអូ​នោះ គេ​ឃើញ​សិល្បករ​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា ពូ ឃ្លាំង បាន​លើកឡើង​ពី​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ដោយ​សំអាង​ថា កម្ពុជា​មិន​បាន​បាត់បង់​ទឹកដី ឬ​មាន​ការ​បង្ខិត​បង្គោល​ព្រំដែន​ពី​ខាង​ប្រទេស​វៀតណាម ឡើយ។

ប៉ុន្តែ​ក្រោយ​បង្ហោះ​វីដេអូ​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ហ៊ូ រុនអេង ក៏​ចូល​ទៅ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ថា «បង្គោល​គឺ​បង្គោល​ហើយ ប៉ុន្តែ​ជនជាតិ​វៀតណាម បាន​ចូល​ក្នុង​ដី​ខ្មែរ»។ ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​លើកឡើង​ថា ពេល​ដែល​វៀតណាម គ្រប់គ្រង​យូរៗ​ទៅ បាន​ធ្វើ​ល្បិច ហើយ​ចោទ​ខ្មែរ​ថា​ជា​ខ្មាំង​ដើម្បី​ឲ្យ​អ្នក​ដឹកនាំ​ខ្មែរ​ចាប់​ខ្មែរ​ដាក់​គុក។

បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេសប៊ុក ហ៊ូ រុនអេង សរសេរ​បែប​នេះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​ដោយ​គំរាម​ថា នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ក្រោយ​ការ​ចេញ​បទបញ្ជា​របស់​លោក ហ៊ុន សែន បាន​ប៉ុន្មាន​ម៉ោង សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​អ្នកស្រី ហ៊ូ រុនអេង ដោយ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ កញ្ញា នេះ​ថា បើ​ពិនិត្យ​សំណេរ​របស់​អ្នកស្រី ហ៊ូ រុនអេង ដែល​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់ គាត់​គ្រាន់តែ​បញ្ចេញ​មតិយោបល់​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ពី​ប្រទេស​ជាតិ ពី​ទឹកដី​តែប៉ុណ្ណោះ ដែល​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​លិខិតុបករណ៍​អន្តរជាតិ​នានា​ដែល​កម្ពុជា​ទទួលស្គាល់​ពី​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ។

លោក ម៉ែន ណាត អះអាង​ថា អ្នកស្រី ហ៊ូ រុនអេង គ្មាន​កំហុស​ទាល់តែសោះ​ដែល​មិន​ដូច​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន ឡើយ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បែរ​ជា​មាន​គំនិត​ទុច្ចរិត​មួលបង្កាច់​អ្នកស្រី ហ៊ូ រុនអេង និង​បញ្ជា​ឲ្យ​តុលាការ រួម​ទាំង​សមត្ថកិច្ច ចាប់​ខ្លួន​អ្នកស្រី​រងគ្រោះ​រូប​នេះ​ទៅវិញ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន គឺជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​លិខិតុបករណ៍​អន្តរជាតិ​នានា​ដែល​កម្ពុជា​ទទួលស្គាល់ ហើយ​ទង្វើ​បែប​នេះ​ក៏​ជា​ចេតនា​មួយ​ដែល​ហាក់ដូចជា​ចូល​ដៃ​ជាមួយ​បរទេស​ឈ្លានពាន ធ្វើបាប​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ដូច្នោះ​ដែរ។

លោក ម៉ែន ណាត អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​អ្នកស្រី ហ៊ូ រុនអេង ព្រមទាំង​អ្នកទោស​មនសិការ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ ក្នុង​គោលដៅ​ផ្សះផ្សា​ស្មារតី​ជាតិ​ខ្មែរ​ឡើងវិញ។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៤ ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស អ្នកស្រី Mercy Ch. Barends DPR RI និង​ជា​សមាជិក​សភា​ឥណ្ឌូនស៊ី ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​ជាបន្ទាន់​នូវ​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស