ក្រុមយុវជននៅប្រទេសកូរ៉េខាងត្បូង ប្រកាសប្រមូលផ្ដុំពលករ និងពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ធ្វើបាតុកម្មបន្ទាន់មួយដើម្បីប្រឆាំងគម្រោងអភិវឌ្ឍនត្រីកោណ (CLV-DTA) ចំពោះមុខមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដែលមានវត្តមាននៅប្រទេសកូរ៉េខាងត្បូង នៅពេលនេះ។
សមាជិកចលនាយុវជនសង្គ្រោះជាតិ លោក យ៉ង់ ស៊ីណេត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ កញ្ញា នេះថា ពលករ និងពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង កំពុងរង់ចាំធ្វើបាតុកម្មចំពោះមុខលោក ហ៊ុន សែន ដែលត្រូវចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង នៅពេលនេះ ដើម្បីឱ្យគាត់ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ។
លោក យ៉ង់ ស៊ីណេត លើកឡើងថា បាតុកម្មដែលនឹងត្រូវធ្វើឡើងដោយឥតព្រាងទុកនេះ ដោយសារដំណើររបស់លោក ហ៊ុន សែន មកប្រទេសកូរ៉េខាងត្បូង នៅពេលនេះ ក៏លោកមិនបានដឹងមុនដែរ។
លោកថា ដោយសារពេលវេលាខ្លីបែបនេះ មិនដឹងថាតើមានពលករ និងពលរដ្ឋខ្មែរចូលរួមបានច្រើនប៉ុនណានោះទេ។ ជាងនេះទៀត វត្តមានរបស់លោក ហ៊ុន សែន នៅប្រទេសកូរ៉េ នាពេលនេះ គឺចំថ្ងៃដែលពួកគេធ្វើការថែមទៀត ដូច្នេះវាច្បាស់ជាមានការលំបាកសម្រាប់អ្នកដែលមានបំណងចង់ចូលរួមបាតុកម្មនេះយ៉ាងខ្លាំង។
លោកអះអាងថា សម្រាប់រូបលោក ទោះជាពិបាកប៉ុនណា និងមានអ្នកចូលរួមតិចតួចប៉ុនណា ក៏លោកនៅតែប្រកាសធ្វើបាតុកម្មចំពោះមុខលោក ហ៊ុន សែន ដើម្បីទាមទារឱ្យគាត់ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណដែរ។
លោក យ៉ង់ ស៊ីណេត បញ្ជាក់ថា ក្រៅពីធ្វើបាតុកម្មចំពោះមុខលោក ហ៊ុន សែន យុវជនខ្មែរស្នេហាជាតិនៅប្រទេសកូរ៉េខាងត្បូង ក៏គ្រោងនឹងធ្វើបាតុកម្មធំមួយទៀតដែរ ដែលអាចមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់តាមការគ្រោងទុកនៅពេលខាងមុខនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែដកខ្លួនចេញពីតំបន់ត្រីកោណដាច់ខាត។
កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានដាក់ពង្រាយកងកម្លាំងឱ្យចល័តពេញទីក្រុងភ្នំពេញ ដើម្បីចាប់ខ្លួនពលរដ្ឋខ្មែរណាដែលចេញធ្វើបាតុកម្មប្រឆាំងនឹងគម្រោង CLV ក្នុងនោះ រដ្ឋាភិបាលក៏បានចាប់ខ្លួនមនុស្សជាច្រើននាក់ដោយចោទពីបទ រួមគំនិតក្បត់ និងបទញុះញង់ ផងដែរ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ កញ្ញា នេះថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកនឹងចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ហើយលោកក៏នឹងជួបប្រធានាធិបតីកូរ៉េ ប្រធានរដ្ឋសភាកូរ៉េ និងជួបតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ ជាច្រើនទៀតដែរ៕