មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវការវិនិយោគពីសំណាក់ក្រុមហ៊ុនកូរ៉េ ព្រោះកម្ពុជាមានភាពងាយស្រួល មានសក្ដានុពលខាងវិនិយោគ ដូចជាការបង្កើតក្រុមហ៊ុន ការមិនតម្រូវឱ្យមានក្រុមហ៊ុនដៃគូក្នុងស្រុក និងការអនុញ្ញាតឱ្យវិនិយោគិនប្រើប្រាស់រូបិយប័ណ្ណបរទេស ជាដើម ខណៈកម្ពុជាក៏សម្បូរវត្ថុធាតុដើមដែរ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ប្រាប់ប្រធានក្រុមហ៊ុន SK Securities កាលពីថ្ងៃទី១១ កញ្ញា ក្នុងជំនួបដែលលោកមានវត្តមាននៅប្រទេសកូរ៉េខាងត្បូង ថា ក្រុមហ៊ុនកូរ៉េ ភាគច្រើនបានវិនិយោគនៅបណ្ដាប្រទេសជិតខាងកម្ពុជា នៅក្នុងតំបន់អាស៊ាន ចំណែកនៅកម្ពុជា ការវិនិយោគពីសំណាក់ក្រុមហ៊ុនកូរ៉េ គឺនៅមានកម្រិតនៅឡើយ។
លោក ហ៊ុន សែន អះអាងថា ក្រុមហ៊ុនដែលវិនិយោគនៅក្នុងប្រទេសអាស៊ាន ក៏គួរវិនិយោគនៅកម្ពុជាដែរ ព្រោះថានៅពេលប្រទេសមួយមានបញ្ហាក្នុងផលិតកម្ម គឺរូបមន្ត ១+ អាចធានាសង្វាក់ផលិតកម្មបាន។
លោកថា ជាក់ស្តែងក្រុមហ៊ុនជប៉ុន Minebea ដែលបានវិនិយោគនៅប្រទេសជិតខាងកម្ពុជា ក៏បានវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយនៅពេលដែលប្រទេសជិតខាងនោះជួបប្រទះនូវបញ្ហាទឹកជំនន់ រំខានដល់ខ្សែសង្វាក់ផលិតកម្ម រោងចក្រនៅកម្ពុជាអាចជំនួសបានដោយងាយ។
លោក ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាចង់បានបច្ចេកវិទ្យាពីប្រទេសកូរ៉េ សម្រាប់ដំណើរលើការវិនិយោគរបស់ខ្លួន ដូច្នេះក្រុមហ៊ុនកូរ៉េ អាចសិក្សាលម្អិតដើម្បីឱ្យដឹងច្បាស់ថា តើក្រុមហ៊ុនអាចចាប់យកចំណុចណាជាគោលដៅនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា។
ទោះយ៉ាងណា គេមើលឃើញថា កម្ពុជានៅមិនទាន់អាចទទួលបានការទុកចិត្តពីក្រុមហ៊ុនវិនិយោគបរទេសធំៗក្រៅពីក្រុមហ៊ុនចិន ទៅបណ្ដាក់ទុននៅឡើយទេសព្វថ្ងៃនេះ។
អ្នកឃ្លាំមើលសង្គម លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ កញ្ញា នេះថា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុកមក គាត់មិនមានសមត្ថភាពដឹកនាំ និងទាក់ទាញប្រទេសដែលជាមិត្តរបស់កម្ពុជា ឱ្យទៅរកស៊ីជាមួយខ្លួននោះទេ ដែលនេះគឺជាភស្តុតាងមួយបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែលអសមត្ថភាពក្នុងការដឹកនាំប្រទេសដែលមិនអាចប្រកែកបាន។
លោក ស៊ឹង សែនករុណា លើកឡើងថា ការវិនិយោគនៅកម្ពុជាក៏មានការកើនឡើងដែរពីក្រុមហ៊ុនបរទេស ប៉ុន្តែកើនឡើងតែក្រុមហ៊ុនដែលយកប្រទេសកម្ពុជាធ្វើជាទីតាំងសម្រាប់បើកបនល្បែងខុសច្បាប់ប៉ុណ្ណោះ។ បន្ថែមពីនេះ ក៏ជាការចាប់ជំរិតតាមប្រព័ន្ធអនឡាញថែមទៀត ដែលបង្ហាញឱ្យឃើញថា កម្ពុជាគឺជាតំបន់គ្រោះថ្នាក់បំផុតសម្រាប់អ្នកវិនិយោគត្រឹមត្រូវ។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា សព្វថ្ងៃនេះ កម្ពុជាមិនត្រឹមតែជាទីតាំងសម្រាប់ក្រុមឧក្រិដ្ឋជនរកស៊ីខុសច្បាប់ទេ សូម្បីរដ្ឋាភិបាលខ្លួនឯងក៏កំពុងដឹកនាំដោយខុសច្បាប់ដែរ។ ជាក់ស្តែង ក្រសួងការងារ មិនដែលយកចិត្តទុកដាក់លើការរំលោភបំពានសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុនអាក្រក់ៗមួយចំនួនលើកម្មករឡើយ ស្របពេលដែលអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យដែលលើកស្ទួយសិទ្ធិការងារ បែរជារងនូវការចោទប្រកាន់ និងការហាមឃាត់សកម្មភាពរបស់ពួកគេទៅវិញ។
លោក ស៊ឹង សែនករុណ បញ្ជាក់ថា ការំលោភសិទ្ធិមនុស្ស ការជាន់ឈ្លីប្រជាធិបតេយ្យដែលកំពុងកើតមាននៅកម្ពុជាបច្ចុប្បន្ននេះ ជាកត្តាដ៏ចម្បងដែលធ្វើឱ្យក្រុមហ៊ុនវិនិយោគនានាខ្លាចមិនហ៊ានទៅរកស៊ីនៅកម្ពុជា ខណៈការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធក៏ជាឧបសគ្គរារាំងអ្នកវិនិយោគបរទេសដូចគ្នាដែរ។
លោកបញ្ជាក់ថា ដើម្បីឱ្យអ្នកវិនិយោគបរទេសទុកចិត្តទៅវិនិយោគនៅកម្ពុជា ទាល់តែរដ្ឋាភិបាលបើកលំហសេរីភាពឱ្យទូលំទូលាយ និងលើកស្ទួយសិទ្ធិពលរដ្ឋឡើងវិញ បើមិនដូច្នេះទេ ទោះជាមេដឹកនាំខ្មែរខំអួតយ៉ាងណា ក៏មិនមានគេទៅរកស៊ីនៅកម្ពុជាដែរ។
ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាង ១ឆ្នាំមកនេះ គេមិនទាន់ឃើញកម្ពុជាទទួលបានអ្នកវិនិយោគពីប្រទេសលោកសេរីជាដុំកំភួននៅឡើយទេ បើទោះបីជាលោក ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងពីការគោះទ្វារឱ្យអ្នកវិនិយោគក្នុងសហគមន៍អឺរ៉ុប ទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជាហើយក៏ដោយ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សព្វថ្ងៃនេះ អ្នកវិនិយោគដែលនៅសល់ គឺមានតែពួកម៉ាហ្វីយ៉ា (Mafia) ប៉ុណ្ណោះ ដែលពួកគេបានឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាលរបស់បក្សប្រជាជនកម្ពុជា ប្រព្រឹត្តបទល្មើសធំៗ ដូចជា កាប់បំផ្លាញព្រៃឈើ ជួញដូរមនុស្ស លក់គ្រឿងញៀន លាងលុយកខ្វក់ និងចាប់ជំរិត ជាដើម ខណៈជំនួញល្មើសច្បាប់ទាំងនេះមិនត្រឹមតែមិនអាចជួយឱ្យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពល្អប្រសើរទេ ប៉ុន្តែបែរជាបំផ្លាញកម្ពុជាទៅវិញ៕