31 C
Phnom Penh

អ្នកវិភាគ​ថា​សញ្ញាបត្រ​លោក ហ៊ុន សែន មិន​បាន​ប្រយោជន៍​សម្រាប់​ជាតិ បើ​គាត់​គ្មាន​សមត្ថភាព​ពិតប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​នយោបាយ លើកឡើង​ថា លោក ហ៊ុន សែន មិន​គួរ​លង់​នឹង​សញ្ញាបត្រ​ដែល​មិនមែន​ជា​សមត្ថភាព​របស់​គាត់​នោះ​ទេ ពីព្រោះ​សញ្ញាបត្រ​ធំ​ប៉ុនណា ក៏​មិន​អាច​បម្រើ​ផល​ប្រយោជន៍​ជាតិ បើ​គាត់​គ្មាន​ឆន្ទៈ និង​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាតិ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា ប្រជាពលរដ្ឋ​មិន​មើល​សញ្ញាបត្រ​ទេ គឺ​មើល​លើ​លទ្ធផល​នៃ​ការ​ដឹកនាំ​ជាក់ស្ដែង ហើយ​ការ​ដឹកនាំ​ជាក់ស្ដែង​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​ទឹកដី​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

លោក គឹម សុខ លើកឡើង​ថា ហានិភ័យ​ដល់​ជាតិ​ខ្មែរ​គឺ​នៅ​ត្រង់​ថា ការ​ដឹកនាំ​របស់​គាត់​បាន​ធ្វើ​ឱ្យ​ហិនហោច​ធនធាន​ធម្មជាតិ អយុត្តិធម៌​ពេញ​សង្គម ធ្វើ​ឲ្យ​ពលរដ្ឋ​ទឹកភ្នែក ប្រឈម​បញ្ហា​សេដ្ឋកិច្ច ប្រជាពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ​កាន់តែ​ច្រើន វ័ណ្ឌក​ដោយសារ​បំណុល និង​ចំណាកស្រុក​កាន់តែ​ច្រើន​ឡើង​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ទោះ​លោក ហ៊ុន សែន ខំ​បង្ហាញ​សញ្ញាបត្រ ១០០០​សន្លឹក​ទៀត គឺ​ប្រៀប​ដូចជា​សន្លឹក​ក្រដាស​ដុត​សែន​អារក្ខ​អ្នកតា ដែល​ឥត​ន័យ​សម្រាប់​ជាតិ​ខ្មែរ​ដូច្នោះ​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​មិន​ចំ​ឈ្មោះ​មក​កាន់​សារព័ត៌មាន The Cambodia Daily ថា កាលពី​ពេល​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ដែល​លោក​បាន​ទៅ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​មួយ បាន​លើក​ជា​សំណួរ​សួរ​ថា តើ​លោក ហ៊ុន សែន សម​នឹង​ទទួល​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋ​កូរ៉េ ឬ​អត់។

លោក ហ៊ុន សែន បាន​បញ្ចេញ​សញ្ញាបត្រ​ដែល​ខ្លួន​ទទួល​ចំនួន ២១​សញ្ញាបត្រ ដូចជា សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​បណ្ឌិត​សភា​ជាតិ​ផ្នែក​នយោបាយ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា​ខាងត្បូង សម្រាប់​ការ​សិក្សា​មុខជំនាញ ជាដើម។

កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាព​ជា​អ្នក​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៅ​ប្រទេស​កូរ៉េខាងត្បូង។

លោក ហ៊ុន សែន ចាត់ទុក​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាព​ជា​អ្នក​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៅ​ប្រទេស​កូរ៉េ គឺជា​ការ​ទទួលស្គាល់​ពី​ការ​លះបង់​បូជា​ជា​គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​ដាក់​ទុន​អាយុជីវិត​របស់​លោក​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សួន រីដា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា ការណ៍​ដែល​លោក ហ៊ុន សែន ទទួល​សញ្ញាបត្រ​បាន​នោះ មិន​ស្រប​នឹង​ការ​ដឹកនាំ​របស់​គាត់​ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​ឡើយ ព្រោះ​លោក ហ៊ុន សែន ដឹកនាំ​ការពារ​តែ​អំណាច​គ្រួសារ និង​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

ចំណែក​អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា ប្រជាពលរដ្ឋ​មិន​ចង់​បាន​សញ្ញាបត្រ​របស់​លោក ហ៊ុន សែន ទេ ហើយ​បើ​គាត់​ប្រឹង​បញ្ចេញ​សញ្ញាបត្រ​កាន់តែ​ច្រើន តែ​ការ​ដឹកនាំ​របស់​គាត់​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​ក្រីក្រ​នោះ គឺ​កាន់តែ​បង្ហាញ​ថា​សញ្ញាបត្រ​នោះ​រឹតតែ​គ្មាន​ន័យ​ប៉ុណ្ណោះ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ឱ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម​ពេញ​ប្រទេស អយុត្តិធម៌​សង្គម ពលរដ្ឋ​ក្រីក្រ​ចំណាកស្រុក អំពើពុករលួយ ការ​រំលោភ​អំណាច ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រំលោភ​ដីធ្លី និង​បំផ្លាញ​ប្រជាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ គឺ​កាន់តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា សញ្ញាបត្រ​ទាំងនោះ​គឺ​គ្មាន​ន័យ​សម្រាប់​ជាតិ​ខ្មែរ​អ្វី​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស