ប្រទេសកម្ពុជានឹងរៀបចំសមយុទ្ធបីប្រទេសរួមគ្នារវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម នៅក្នុងខែវិច្ឆិកា ខាងមុខ ខណៈប្រជាពលរដ្ឋខ្មែរទាំងក្នុង និងរស់នៅក្រៅប្រទេស កំពុងធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការពារជាតិ ថ្ងៃទី១៥ កញ្ញា ឲ្យដឹងថា លោក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោក ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសវៀតណាម សុទ្ធតែបានបញ្ជាក់ពីការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានៅលើទឹកដីប្រទេសកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិឡាវ លោក ចាន់សាម៉ន ចាន់យ៉ាឡាត កម្ពុជានិងឡាវបានឯកភាពគ្នាលើការបង្កើនការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវទស្សនកិច្ចមន្ត្រីយោធា និងបង្កើនការផ្លាស់ប្ដូរទំនាក់ទំនងរវាងអង្គភាពនៅតាមព្រំដែន ដើម្បីកសាងទំនុកចិត្ត និងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការធ្វើសមយុទ្ធកងទ័ពបីប្រទេសរួមគ្នា កម្ពុជា ឡាវ និងវៀតណាម ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិក្នុងនាមប្រទេសនៅក្បែរខាងគ្នា។ លោកថា ការធ្វើសមយុទ្ធកងទ័ពរួមបីប្រទេស ទំនងគ្មានជាប់ពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) វៀតណាម កម្ពុជា និងឡាវ ឡើយ។
ទោះជាមានមតិយល់ឃើញដូច្នេះក៏ដោយ ប្រវត្តិសាស្ត្រទាក់ទងនឹងការចិញ្ចឹមចិត្តថ្លើមចងក្រងសម្ព័ន្ធភាពត្រីភាគី នៅតែធ្វើឲ្យពលរដ្ឋខ្មែរព្រួយបារម្ភអំពីគោលគំនិតបង្កើតសហព័ន្ធឥណ្ឌូចិន ក្នុងអតីតកាលនាទសវត្ស១៩៣០ រវាងបងប្អូនបីនាក់ ឬហៅតាមបែបយៀកណាម ថាបីនាក់បងប្អូននោះអាចនៅដដែល ដោយគ្រាន់តែដូរឈ្មោះ ឬទ្រង់ទ្រាយជាសមាហរណកម្មអាស៊ាន-ឥណ្ឌូចិន សហភាពឥណ្ឌូចិន ឬសម្ព័ន្ធភាពរដ្ឋឥណ្ឌូចិន។
កម្ពុជា ឡាវ និងវៀតណាម មានកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយហៅថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA)។ កិច្ចព្រមព្រៀងអភិវឌ្ឍន៍ CLV នេះ ផ្តើមគំនិតដោយប្រទេសយៀកណាម បង្កើតនៅក្នុងឆ្នាំ១៩៩៩ ហើយប្រទេសទាំងបីបានឯកភាពដាក់ខេត្តចំនួន១៣ រួមគ្នាដើម្បីអភិវឌ្ឍ ដោយផ្ដោតលើសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ប៉ុន្តែមួយរយៈចុងក្រោយ ការអភិវឌ្ឍ CLV បានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាក់ទងនឹងការបាត់បង់ទឹកដីភាគឦសាននៃប្រទេសកម្ពុជា ទៅខាងប្រទេសវៀតណាម ដូចការបាត់បង់ទឹកដីកម្ពុជាក្រោម។
ទាក់ទងនឹងបញ្ហានេះ គណៈកម្មាធិការបាតុកម្មនៅប្រទេសអូស្ត្រាលី បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១១ ខែកញ្ញា ថា បាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ នឹងប្រារព្ធនៅទីក្រុងកង់ប៊ែរ៉ា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខស្ថានទូតខ្មែរ ដែលជាមហាបាតុកម្មដ៏ធំដោយមានការចូលរួមពីពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីអូស្ត្រាលី រួមទាំងពលរដ្ឋខ្មែរដែលមកពីបណ្តាប្រទេសផ្សេងៗផងដែរ។
ការប្រកាសធ្វើបាតុកម្មនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជានៅតែរក្សាបន្តដាក់ខេត្តខ្មែរទាំង៤ ក្នុងគម្រោងអភិវឌ្ឍន៍ដដែល ទោះបីជាមានការទាមទារពីពលរដ្ឋជាបន្តបន្ទាប់យ៉ាងណាក៏ដោយ៕