29 C
Phnom Penh

សង្គម​ស៊ីវិល​រក​ឃើញ​ថា​មនុស្ស​ជាង ៦០​នាក់​ជាប់​គុក​ដោយសារ​ប្រើ​សិទ្ធិ​រិះគន់​គម្រោង CLV

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) អះអាង​ថា ចាប់តាំងពី​ចុង​ខែ​កក្កដា មក មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ជាង ៦០​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការ​រិះគន់​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)។

អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ថា ចាប់តាំងពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ មក មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ជាង ៦០​នាក់​ត្រូវ​បាន​ចោទប្រកាន់ និង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

សេចក្តី​រាយការណ៍​ដដែល​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ដោយសារ​អ្នក​ទាំងនោះ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​នានា និង​គ្រោង​ជួបជុំ​ប្រមូលផ្ដុំ​ប្រឆាំង​តវ៉ា​នឹង​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី​អស់​រយៈពេល ២៥​ឆ្នាំ​មក​ហើយ​នោះ។

អង្គការ​លីកាដូ អះអាង​ថា អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​រង​បទ​ចោទប្រកាន់ គឺ​មាន​អាយុ​ចន្លោះ​ពី ១៦​ឆ្នាំ​ទៅ ៧០​ឆ្នាំ ក្នុង​ចំណោម​នោះ​ក៏​មាន​អនីតិជន​អាយុ​ក្រោម ១៨​ឆ្នាំ​ចំនួន ៤​នាក់​ផង​ដែរ។

ប្រភព​ដដែល​ថា អ្នក​ជាប់​ឃុំ​ភាគច្រើន​ដែល​រង​បទ​ចោទ​ពី​បទ រួម​គំនិត​ក្បត់ ថា​មាន​គម្រោង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ៥​ឆ្នាំ​ទៅ​ដល់ ១០​ឆ្នាំ។

អង្គការ​លីកាដូ បញ្ជាក់​ថា ចំណែកឯ​អ្នក​ផ្សេង​ទៀត​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍” អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​អ្នក​ខ្លះ​ទៀត​ក៏​បាន​ប្រឈម​នឹង​បទ​ចោទ​ផ្សេងៗ​ទៀត​ដែរ ហើយ​អ្នក​ទាំងនោះ​កំពុងតែ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ខណៈ​ដែល​ពន្ធនាគារ​ភាគច្រើន​កំពុង​មាន​បញ្ហា​ចង្អៀត​ណែន​ខ្លាំង​សព្វថ្ងៃ​នេះ។

មនុស្ស​ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​មាន​ទាំង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ជាដើម ដូចជា សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន សកម្មជន​ចលនា​មាតា​ធម្មជាតិ យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ រួម​ទាំង​សកម្មជន​នយោបាយ​ជាច្រើន​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​រស់នៅ​ក្រៅ​ស្រុក​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​អាច​រួច​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ស្រុក គឺ​ត្រូវតែ​ចាប់​ដាក់​គុក​ទាំងអស់ គ្មាន​វាសនា​គេច​ផុត​ពី​គុក​ឡើយ។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៤ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ថា ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​២០២៤ មក មាន​មនុស្ស​យ៉ាងតិច ៩៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រិះគន់​ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ក្នុង​នោះ​មនុស្ស​ចំនួន ៥៩​នាក់ រួម​ទាំង​កុមារ​ផង នៅតែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ញុះញង់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស