29.3 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​សង្ឃ ហោ សុខុន បន្ទាប់ពី​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​សង្ឃ ហោ សុខុន ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​រិះគន់​រដ្ឋាភិបាល​ជុំវិញ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កាលពី​ពេល​ថ្មីៗ​នេះ។

មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក ហោ សុខុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៨ កញ្ញា ថា អំឡុង​ម៉ោង ១១ កាលពី​យប់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្រាប់​តែ​មាន​សំឡេង​គោះ​ទ្វារ​ផ្ទះ​របស់​លោក ហោ សុខុន ដែល​ស្ថិត​នៅ​ម្តុំ​ផ្សារ​ក្រមួន ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

នៅ​ពេល​ដែល​លោក ហោ សុខុន បើក​ទ្វារ​បន្ទប់ ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ស្ទុះ​ចូល​ទៅ​ចាប់​ក្រៀក​លោក​ដោយ​មិន​បង្ហាញ​ដីកា​ចាប់​ខ្លួន​អ្វី​ទាំងអស់ ខណៈ​មនុស្ស ៣​នាក់​ផ្សេង​ទៀត​ដែល​រស់នៅ​ជាមួយ​លោក​ក្នុង​ផ្ទះ​នោះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ រួម​មាន​ឈ្មោះ ឈឿន ចំរ៉ុង ឈ្មោះ ងួន និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ ត្រូវ​បាន​ដឹក​តាម​ឡាន​ប៉ូលិស​ចេញ​ទៅ​ភ្លាមៗ​តែម្តង។

ប្រភព​ដដែល​បញ្ជាក់​ថា បន្ទាប់ពី​ចាប់​ខ្លួន សមត្ថកិច្ច​បាន​ធ្វើ​សកម្មភាព​រុះរើ​អីវ៉ាន់​ពេញ​ផ្ទះ​របស់​គាត់ ខណៈ​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ក្នុង​ផ្ទះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រមូល​យក​ទៅ​ទាំងអស់​ដែរ ហើយ​រហូត​ដល់​ពេលនេះ សាច់ញាតិ និង​មិត្រភក្ដិ​របស់​លោក ហោ សុខុន ក៏​មិន​ទាន់​ទទួល​បាន​ដំណឹង​ថា​លោក​កំពុង​នៅ​ទីណា​ដែរ។

ការ​ចាប់​ខ្លួន​អតីត​សង្ឃ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហោ សុខុន ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កាលពី​ពេល​ថ្មីៗ​នេះ។

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​ចុងក្រោយ​របស់​លោក ហោ សុខុន កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៤ លោក​បាន​លើកឡើង​ថា នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​ដឹកនាំ​សង្គម​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច និង​សង្ស័យ​គ្នា​ឯង សូម្បី​បងប្អូន​បង្កើត​ក៏ដោយ ប៉ុន្តែ​សម្រាប់​បរទេស​វិញ រដ្ឋាភិបាល​ទុកចិត្ត​គេ​ណាស់ ទាំង​ដែល​ពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ពី​ទំនាក់ទំនង​ជាមួយ​បរទេស​ឈ្លានពាន​ដែល​ខ្លួន​កំពុង​សហការ​ជាមួយ​ក៏ដោយ។

លោក ហោ សុខុន លើកឡើង​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ចង់​ជាប់​ឈ្មោះ​រួម​រស់​ជាមួយ​វៀតណាម ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ម្ល៉េះ ទាំង​ដែល​ពលរដ្ឋ​ទាមទារ​ឱ្យ​ដក​ខ្លួន​ចេញពី​គម្រោង​នេះ​ទៅ​ហើយ​នោះ។

លោក​ថា ទង្វើ​របស់​មេដឹកនាំ​ខ្មែរ​បែប​នេះ ទំនង​មាន​អាថ៌កំបាំង​អ្វី​នៅ​ពី​ក្រោយ​ជាមិនខាន បាន​ជា​មិន​ព្រម​ដក​ខ្លួន​ចេញពី​គម្រោង​នេះ​តាម​ការ​ចង់បាន​របស់​ពលរដ្ឋ។

អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កញ្ញា នេះ​ថា បើ​យោង​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ រាល់​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​គឺជា​សិទ្ធិ​ស្រប​ច្បាប់ ប៉ុន្តែ​ជា​ញឹកញាប់ រដ្ឋាភិបាល​ក៏​តែងតែ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​បញ្ចេញមតិ​ស្រប​តាម​ច្បាប់​ដែរ ដែល​ទង្វើ​បែប​នេះ​គឺជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា លោក​មិន​សង្ឃឹម​ថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​បន្ត​តាំងពី​ឪពុក​មក​កូន​មួយ​នេះ នឹង​អាច​កែប្រែ​ពី​ការ​ដឹកនាំ​ដោយ​ការ​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ មក​ជា​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ដើម្បី​បើក​លំហ​សេរីភាព​សម្រាប់​ពលរដ្ឋ​បាន​ឡើយ។

លោក ហ៊ុន សែន ធ្លាប់​គំរាម​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ដែល​រស់នៅ​ក្រៅ​ស្រុក​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ អាច​រួច​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ស្រុក គឺ​ត្រូវតែ​ចាប់​ដាក់​គុក​ទាំងអស់ គ្មាន​វាសនា​គេច​ផុត​ពី​គុក​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស