29 C
Phnom Penh

លោក សម រង្ស៊ី ថា​ខេត្ត​ទាំង​បួន​ក្នុង​តំបន់​ត្រីកោណ នឹង​បាត់​ចេញពី​ផែនទី​ខ្មែរ​ដូច​កោះត្រល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ ខេត្ត​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​នេះ នឹង​បាត់​ចេញពី​ផែនទី​ប្រទេស​កម្ពុជា​ដូច​កោះត្រល់។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​កាត់​កោះត្រល់​ឱ្យ​ប្រទេស​វៀតណាម​ម្តង​រួច​មក​ហើយ ដូច្នេះ​ថ្ងៃ​ក្រោយ ខេត្ត​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​នេះ ក៏​នឹង​បាត់​ចេញពី​ផែនទី​ប្រទេស​កម្ពុជា​ដូចជា​កោះត្រល់​អ៊ីចឹង​ដែរ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ កញ្ញា នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ និង​កាតព្វកិច្ច​ការពារ​ប្រទេស​ជាតិ​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដាច់ខាត ហើយ​ប្រជារាស្ត្រ​ខ្មែរ​ក៏​មាន​សិទ្ធិ​ប្តូរ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែរ ព្រោះ​មេដឹកនាំ​ដែល​វៀតណាម​លើក​បន្តុប​មួយ​នេះ មិន​អាច​កែ​ខ្លួន​មក​ការពារ​ផល​ប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ​បាន​ឡើយ។

លោក សម រង្ស៊ី អះអាង​ថា ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ទៅ​ឱ្យ​វៀតណាម គ្រប់គ្រង​ចាប់តាំងពី​គាត់​ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ដឹកនាំ​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៨០ មក ហើយ​ចុងក្រោយ​នេះ លោក ហ៊ុន សែន ក៏​បាន​បំពេញ​បំណង​វៀតណាម តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ដែល​ត្រូវ​ដាក់​ខេត្ត​ខ្មែរ​ចំនួន​បួន ដើម្បី​ឱ្យ​វៀតណាម​គ្រប់គ្រង​នៅ​ថ្ងៃ​អនាគត​បន្ថែម​ទៀត។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន មាន​វិធី​តែ​ម្យ៉ាង​គត់ គឺ​ត្រូវតែ​ការពារ​អំណាច​តទៅទៀត ដើម្បី​រួច​ពី​ទោស​ទណ្ឌ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត ព្រោះ​ថា​នៅ​ពេល​ដែល​គាត់​បាត់បង់​អំណាច គាត់​នឹង​ត្រូវ​កាត់ទោស​ចំពោះ​មុខ​តុលាការ​ឯករាជ្យ​ណា​មួយ ហើយ​គាត់​ច្បាស់​ជា​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាទីបំផុត​ចំពោះ​បទឧក្រិដ្ឋ​ដែល​គាត់​ប្រព្រឹត្ត​លើ​ទឹកដី​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​កន្លង​មក។

ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ កញ្ញា នេះ​ថា ផ្អែក​តាម​លិខិត​របស់​អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន លោក ប្រេវីយ៉េ បញ្ជាក់​ថា បារាំង​មិន​បាន​កាត់​កោះត្រល់​ទៅ​ឱ្យ​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​នា​ឆ្នាំ​១៩៣៩ ដូច​លោក ហ៊ុន សែន បាន​អះអាង​នោះ​ទេ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា នៅ​ពេល​បារាំង​កាត់​ទឹកដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​នៅ​ឆ្នាំ​១៩៤៩ ឱ្យ​ទៅ​ព្រះចៅ បាវដាយ របស់​វៀតណាម បារាំង​មិន​បាន​កាត់​កោះត្រល់​ទៅ​ជាមួយ​នោះ​ទេ។

លោក​ថា កោះត្រល់​ទើប​តែ​បាន​បាត់បង់​នៅ​ពេល​ដែល​លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ​ថា លោក​នឹង​មិន​ដក​ខេត្ត​ទាំង​៤ ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម ដាច់ខាត ហើយ​លោក​ក៏​គ្រោង​ស្នើ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដាក់​ខេត្ត​ព្រះវិហារ ចូល​ក្នុង​គម្រោង​នេះ​បន្ថែម​ទៀត​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស