ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា នេះ អះអាងថាគណៈកម្មការកំណត់ត្រាពិភពលោក Guinness World Record កំពុងតែពិនិត្យមើលបញ្ជីឡានដែលចតនៅមុខប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ Gumball 3000 នេះនៅឡើយ ប៉ុន្តែកម្ពុជារំពឹងខ្ពស់ថាអាចនឹងបំបែកឯកត្តកម្មនេះ។
ថ្ងៃទី២០ ខែកញ្ញា នេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក គុជ បញ្ញាសា បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា គណៈកម្មការ Guinness World Record កំពុងតែរាប់មើលបញ្ជីឡានដែលបានចតនៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ លោកថា កម្ពុជានឹងអាចបំបែកឯកត្តកម្មពិភពលោកសម្រាប់ការចតរថយន្តទំនើបច្រើនជាងគេនៅខាងមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000។ គណៈកម្មការ Guinness World Record បានចុះរាប់ចំនួនឡានជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា។
សម្រាប់ការចតរថយន្តទំនើបច្រើនជាងគេនៅកម្ពុជានេះ គឺ Guinness World Record តម្រូវឱ្យមានយានយន្តយ៉ាងហោច ១៧០គ្រឿងដើម្បីអាចបំបែកឯកត្តកម្មពិភពលោក។
អ្នករៀបចំព្រឹត្តិការណ៍ Gumball 3000 បានអះអាងថា ព្រឹត្តិការណ៍ Gumball 3000 មិនមែនបង្កើតឡើងដើម្បីបង្អួតរថយន្តទំនើបៗរបស់អ្នកមាននៅកម្ពុជានោះទេ តែវាជាព្រឹត្តិការណ៍ដើម្បីជំរុញវិស័យទេសចរណ៍ រកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ បើកឱកាសឱ្យអ្នកវិនិយោគបានជួបគ្នា និងជាពិសេសដើម្បីបង្កើតកំណត់ត្រាពិភពលោក Guinness World Record ដែលមានការចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត។
ម្ចាស់ទំព័រហ្វេសប៊ុក The Kanitha Show ចាត់ទុកការយកប្រាសាទអង្គរវត្តជាទីកន្លែងស្ញប់ស្ញែង និងគួរឱ្យគោរព មកធ្វើជាឆាកឱ្យកម្មវិធី Gumball និងយកឈុតតំណាងអប្សរាទៅឱនលំទោនជាមួយនឹងជនបរទេសជាម្ចាស់ឡានស្ព័រក្នុងកម្មវិធីនេះ គឺជាទង្វើបន្ទាបបន្ថោកតម្លៃវប្បធម៌ខ្មែរ និងជារឿងដែលអាណោចអាធ័មសម្រាប់វប្បធម៌នៃជាតិមួយនេះ។
ម្ចាស់ទំព័រហ្វេសប៊ុកដដែលនេះអះអាងថា យុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជាមិនមែនជាការផ្សព្វផ្សាយរថយន្តស្ព័រនៅមុខប្រសាទអង្គរវត្តឡើយ ប៉ុន្តែត្រូវសម្អាតរូបភាពមិនល្អរបស់កម្ពុជាទៅកាន់អន្តរជាតិឱ្យឃើញថា កម្ពុជាគឺជាប្រទេសដែលមានសុខសុវត្ថិភាព គ្មានពួកមនុស្សខូចៗទៅសម្ងំនៅកម្ពុជាវិញ ទើបប្រសើរជាង។
ព្រឹត្តិការណ៍ Gumball 3000 ត្រូវធ្វើឡើងនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានរៀបចំដាក់តាំងបង្ហាញរថយន្តទំនើបៗចំនួន ១០២គ្រឿង នៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេច ជួន ណាត និងសួនច្បារវត្តបទុមវតី និងរៀបចំនៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ផងដែរ។
ជុំវិញព្រឹត្តិការណ៍នេះ កម្ពុជាបានយកឱកាសដាក់តាំងបង្ហាញរថយន្តទំនើបៗលើទឹកដីអង្គរនេះជាកម្មវិធីបំបែកកំណត់ត្រាពិភពលោក Guinness World Records ថែមទៀត ខណៈក្រសួងព័ត៌មាន អះអាងថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញពិភពលោកឱ្យស្គាល់ យល់ដឹងពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច និងពីសង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត ហើយក៏ជាឱកាសមាសដើម្បីបង្ហាញពីកិត្យានុភាព កេរ្តិ៍ឈ្មោះកម្ពុជា ឱ្យល្បីសុះសាយពេញសកលលោកដែរ។
ព្រឹត្តិការណ៍ Gumball 3000 នេះ ធ្វើឡើងនៅក្នុងប្រទេសចំនួន៥ ពោលគឺចេញដំណើរពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកបាវិត មកកាន់ទីក្រុងភ្នំពេញ រួចបន្តទៅខេត្តសៀមរាប និងទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅប្រទេសថៃ ហើយបន្តទៅប្រទេសម៉ាឡេស៊ី និងបញ្ចប់នៅប្រទេសសិង្ហបុរី៕