អ្នកវិភាគអះអាងថា ការបន្តឃុំខ្លួនអ្នកប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) បន្ទាប់ពីរដ្ឋាភិបាលបានបញ្ឈប់ការអភិវឌ្ឍជាមួយវៀតណាម និងឡាវ គឺបង្ហាញពីការបំពានរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ កញ្ញា នេះថា រដ្ឋធម្មនុញ្ញតម្រូវឲ្យអ្នកដឹកនាំ និងអង្គការរដ្ឋ ដោះស្រាយសំណូមពររបស់ពលរដ្ឋដោយយកចិត្តទុកដាក់ជាទីបំផុត មិនមែនឲ្យកាត់ទោសពលរដ្ឋដែលសម្ដែងមតិនោះទេ។
លោក គឹម សុខ លើកឡើងថា តាមពិត រឿងរ៉ាវទាំងនេះគួរស៊ើបអង្កេតលើលោក ហ៊ុន សែន ពីបទរំលោភអំណាច និងការបំពានរដ្ឋធម្មនុញ្ញវិញទើបជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ ត្បិតអតីតនាយករដ្ឋមន្ត្រីរូបនេះបានរំលោភអំណាចលើស្ថាប័នរដ្ឋាភិបាល និងតុលាការជាបន្តបន្ទាប់ ក្នុងឋានៈគាត់ត្រឹមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចតែប៉ុណ្ណោះនោះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា ការដែលលោក ហ៊ុន សែន ចេញមុខប្រកាសថាអ្នកប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណមានទោសទាំងមិនទាន់បានឆ្លងកាត់ការស៊ើបអង្កេត និងការជម្រះក្ដីដោយត្រឹមត្រូវតាមផ្លូវតុលាការនោះ រឹតតែបង្ហាញពីការរំលោភអំណាចកាន់តែច្បាស់។
ក្រោយពេលលោក ហ៊ុន សែន ប្រកាសដកកម្ពុជាចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ មានអ្នកចូលទៅបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោកមួយចំនួន ដោយស្នើឱ្យដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនជុំវិញការប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍នេះ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កូនទីបួន ថាពួកគេមិនអាចត្រូវបានដោះលែងបានទេ ព្រោះអ្នកទាំងនោះបានឆ្លងបន្ទាត់ក្រហមទៅរកការផ្តួលរំលំរដ្ឋាភិបាលក្រោមលេសប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា ចាប់តាំងពីចុងខែកក្កដា មក មនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការរិះគន់កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)៕