29 C
Phnom Penh

នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន ទោះបី​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន​ដូច​មុន​ដដែល បើ​ទោះបី​រដ្ឋាភិបាល​ប្រកាស​ដក​ខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយ​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ត​ពី​ឪពុក ចេញ​សារ​សំឡេង​ពិសេស​ប្រវែង​ជាង ៤​នាទី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ខ្លាច​រាជរដ្ឋាភិបាល​ឈប់​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន បន្ទាប់ពី​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​អភិវឌ្ឍ​តំបន់​ភូមិភាគ​ឦសាន​ដដែល ដើម្បី​ធានា​ការពារ​ទឹកដី អធិបតេយ្យភាព​របស់​កម្ពុជា​ឱ្យ​រឹងមាំ ព្រោះ​នេះ​គឺជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើសលប់ ជាពិសេស​ពលរដ្ឋ​ដែល​រស់នៅ​ផ្ទាល់​នៅ​ខេត្ត​ភូមិភាគ​ឦសាន​តែម្តង។

លោក​អះអាង​ថា រដ្ឋាភិបាល​នឹង​បន្ត​គោលនយោបាយ​ជំរុញ​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន​បន្ត​ទៀត រួម​មាន ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ផ្លូវ​ក្រវាត់​ព្រំដែន និង​ការ​ដាក់​ចេញ​នូវ​កញ្ចប់​លើក​ទឹកចិត្ត និង​ជំរុញ​ការ​វិនិយោគ​ខេត្ត​ភូមិភាគ​ឦសាន​នៅ​ឆ្នាំ​២០២៥ ជាដើម។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា មក​ទល់​នឹង​ពេលនេះ ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន កសាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​ប្រមាណ​ជា ៧០​ម៉ឺន​នាក់​ហើយ ដែល​គិត​ជា​ថវិកា​ប្រមាណ ២១​លាន​ដុល្លារ​អាមេរិក។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កញ្ញា នេះ​ថា ការ​ប្រកាស​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​នៅ​ភូមិ​ឦសាន​ក្រោយ​ដក​ខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឡាវ និង​វៀតណាម គឺជា​រឿង​ល្អ ហើយ​នេះ​ក៏​ជា​បំណង​របស់​ពលរដ្ឋ​ចង់បាន​ដែល​ស្រប​គ្នា​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ដែរ។

លោក សេង វណ្ណលី លើកឡើង​ថា ការ​កសាង​ខ្សែក្រវាត់​ព្រំដែន​របស់​កម្ពុជា គឺ​មាន​កម្រិត​អន់​ថយ​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម ព្រោះ​ថា​ថ្វីត្បិតតែ​កម្ពុជា​បាន​កសាង​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​បាន​ខ្លះ​មែន ប៉ុន្តែ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​ការ​ធានា​ការពារ​ព្រំដែន​របស់​កម្ពុជា​ដូច​ការ​អះអាង​របស់​រដ្ឋាភិបាល​នៅឡើយ​ទេ។

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​រូប​នេះ​បញ្ជាក់​ថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​ជា​បន្ទាន់ ហើយ​ក៏​ជា​អ្វី​ដែល​ពលរដ្ឋ​ចង់បាន​ដែរ​នោះ គឺ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ហ្មត់ចត់ និង​តឹងរ៉ឹង​ជាទីបំផុត​សម្រាប់​បរទេស​ជិតខាង​ដែល​ធ្លាប់​តែ​ឆ្លងដែន​ចូល​កម្ពុជា​ដោយ​គ្មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​កន្លង​មក។

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ បាន​ប្រកាស​ដក​ខេត្ត​ទាំង​៤ របស់​កម្ពុជា ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) បន្ទាប់ពី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឡាវ និង​វៀតណាម អស់​រយៈពេល ២៥​ឆ្នាំ​កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស