អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ជំរុញឱ្យរដ្ឋាភិបាលដោះលែងសកម្មជនប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) សកម្មជនបរិស្ថាន និងអ្នកនយោបាយនៃបក្សក្រៅរដ្ឋាភិបាលទាំងអស់ រួមទាំងលោក កឹម សុខា ផងដែរ ឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីធានាភាពពេញលេញនៃខ្លឹមសាររដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ កញ្ញា នេះថា ដើម្បីចូលរួមអបអរទិវារដ្ឋធម្មនុញ្ញគម្រប់ខួប ៣១ឆ្នាំឱ្យមានអត្ថន័យពេញលេញ លុះត្រាតែរដ្ឋាភិបាលគោរពស្មារតីដើមនៃរដ្ឋធម្មនុញ្ញ គឺត្រូវស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដូចមានចែងក្នុងច្បាប់កំពូលនេះ។
លោក ម៉ែន ណាត លើកឡើងថា ដើម្បីបង្ហាញពីការគោរពស្មារតីដើមនៃរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលត្រូវតែលុបចោលរាល់កិច្ចព្រមព្រៀង និងសន្ធិសញ្ញាទាំងឡាយជាមួយប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ទាំងព្រំដែនគោក ព្រំដែនសមុទ្រ រួមទាំងកិច្ចព្រមព្រៀងផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវៀតណាម ក្នុងតំបន់ CLV ជាង ២៤ម៉ឺនហិកតាផងដែរ ដើម្បីឲ្យស្របតាមខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសព្វថ្ងៃនេះ។
ជាងនេះទៀត រដ្ឋាភិបាលត្រូវផ្សះផ្សាស្មារតីជាតិរវាងខ្មែរ និងខ្មែរ ដោយទម្លាក់ចោលនូវនិន្នាការនយោបាយទាំងអស់ និងត្រូវឈប់ប្រើពាក្យប្រមាថ លាបពណ៌ ឬគំរាមកំហែងបន្តទៀត។ បន្ថែមពីនេះ ត្រូវកែលំអច្បាប់នានាដែលផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញទាំងអស់ ដូចជា ច្បាប់ស្ដីពីការធ្វើបាតុកម្ម ច្បាប់ស្ដីពីការបោះឆ្នោត និងច្បាប់ស្ដីពីគណបក្សនយោបាយ ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា រដ្ឋាភិបាលក៏ត្រូវតែធានាឲ្យមានយុត្តិធម៌ស្មើភាពគ្នាចំពោះមុខច្បាប់ស្របតាមគោលការណ៍នីតិរដ្ឋក្នុងរបបប្រជាធិបតេយ្យ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញផងដែរ នោះទើបច្បាប់កំពូលមួយនេះមានខ្លឹមសារពេញលេញសម្រាប់ធានាគោលការណ៍នីតិរដ្ឋរបស់កម្ពុជាទៅថ្ងៃមុខ។
ការអះអាងនេះ ធ្វើឡើងចំថ្ងៃខួបលើកទី៣១ឆ្នាំនៃទិវារដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបានបង្កើតឡើង និងប្រើប្រាស់ចាប់តាំងពីអំឡុងទសវត្សរ៍១៩៩០ មក។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះបាទ នរោត្តម សីហនុ ដែលបានផ្ដួចផ្ដើមឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
គិតតាំងពីឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ១០លើករួចមកហើយ និងត្រូវគេមើលឃើញថា ការធ្វើវិសោធនកម្មទាំងនោះសុទ្ធសឹងតែដើម្បីការកេងចំណេញផលប្រយោជន៍នយោបាយរបស់បក្សកាន់អំណាចទាំងអស់ ជាពិសេសការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយកាលពីចុងខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលត្រូវគេមើលឃើញថាជាការកែប្រែមួយដើម្បីតែការធានានូវការផ្ទេរអំណាចជានាយករដ្ឋមន្ត្រីពីឪពុកទៅកូន គឺពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ ដែលបង្ហាញពីការរំលោភបំពានលើច្បាប់កំពូលមួយនេះយ៉ាងធ្ងន់ធ្ងរ។
ដើម្បីអបអរសាទរខួបលើកទី៣១ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលកម្ពុជាបានរៀបចំឱ្យព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី ប្រកាសសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ខណៈលោក ហ៊ុន សែន មិនបានធ្វើអត្ថាធិប្បាយណាមួយជុំវិញខួបលើកទី៣១ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញនេះទេ។
ចំណែកលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកម្ពុជា គ្រាន់តែសរសេរសារខ្លីលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សូមអបអរសាទរខួបលើកទី៣១ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤ តែប៉ុណ្ណោះ៕