29 C
Phnom Penh

អ្នក​ឃ្លាំមើល​ថ្កោលទោស​លោក ហ៊ុន សែន ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លើ​ទឹកដី​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ថ្កោលទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដាច់អហង្ការ ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង លោក ផន ផាន់ណា ដែល​កំពុង​រស់នៅ​ដោយ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។

លោក ម៉ែន ណាត ចាត់ទុក​បទបញ្ជា​របស់​លោក ហ៊ុន សែន ជា​ទង្វើ​របស់​ជន​ផ្ដាច់ការ​ដែល​ស្រដៀង​គ្នា​នឹង​ការ​ដឹកនាំ​នៅ​ប្រទេស​កុម្មុយនីស្ត​កូរ៉េខាងជើង ហើយ​ក៏​ជា​ទង្វើ​តាម​ចង​អាឃាត​ដ៏​ព្រៃផ្សៃ​លើ​សកម្មជន​បក្ស​ក្រៅ​រដ្ឋាភិបាល ដែល​ជា​ទង្វើ​គួរ​ឱ្យ​ស្អប់ខ្ពើម​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា ចំណាត់ការ​របស់​លោក ហ៊ុន សែន ទៅ​លើ​លោក ផន ផាន់ណា គឺជា​ចំណាត់ការ​ដ៏​ទុច្ចរិត​បំផុត ដែល​បាន​ប្រើ​ពាក្យ​សម្ដី​ដ៏​ឃោរឃៅ​សំដៅ​ទាំង​ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន និង​ទាំង​ការ​ព្រមាន​ផ្តាច់​ផ្តិល​ជីវិត​សកម្មជន​រូប​នេះ​ថែម​ទៀត។

លោក ម៉ែន ណាត យល់​ឃើញ​ថា ទង្វើ​របស់​លោក ហ៊ុន សែន គួរតែ​ត្រូវ​បាន​ប្តឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC នៅ​ទីក្រុង​ឡាអេ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពីព្រោះ​ក្នុង​របប​ដឹកនាំ​នៃ​ក្រុម​គ្រួសារ​របស់​គាត់​កំពុង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ជាច្រើន​រាប់​មិន​អស់ ដូចជា ការ​ចាប់​ឃុំឃាំង​មនុស្ស​តាម​អំពើ​ចិត្ត រួម​ទាំង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​អះអាង​ថា ដើម្បី​ស្ដារ​ប្រក្រតីភាព​នៃ​ប្រទេស​កម្ពុជា​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឡើងវិញ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កូនប្រុស​របស់​គាត់ ត្រូវ​ទម្លាក់​ចោល​ការ​ប៉ង​ចង​អាឃាត​ទៅ​លើ​លោក ផន ផាន់ណា។ ជាង​នេះ​ទៀត ត្រូវ​បញ្ឈប់​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ទាំងអស់ ព្រមទាំង​ត្រូវ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​គ្រប់​រូប ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើងវិញ​ជា​បន្ទាន់​នា​ពេលនេះ។

លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វិល​ទៅ​រក​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ជាបន្ទាន់ ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជា​ធរមាន ដើម្បី​សុភមង្គល​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប គ្រប់​និន្នាការ និង​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៤​ខែ​កញ្ញា បាន​បញ្ជា​ឱ្យ​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា ដែល​កំពុង​រស់នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ យក​ទៅ​កម្ពុជា​វិញ​ឱ្យ​បាន​ដាច់ខាត ទោះ​ស្លាប់ ឬ​រស់​ក៏ដោយ។

លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​កម្លាំង​សម្ងាត់ និង​កម្លាំង​ចំហ​របស់​គាត់​ក្នុង​ទឹកដី​ថៃ តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​លោក ផន ផាន់ណា ចាកចេញ​ពី​ប្រទេស​ថៃ ទៅ​រស់នៅ​ប្រទេស​ទី​៣ បាន។

លោក ផន ផាន់ណា ដែល​លោក ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​តាម​សម្លាប់ និង​តាម​ចាប់​ខ្លួន​នោះ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​បទបញ្ជា​របស់​លោក ហ៊ុន សែន ដែល​ហ៊ាន​ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​ប្រទេស​ថៃ ដើម្បី​តាម​ចាប់ និង​សម្លាប់​រូបលោក ដែល​គ្រាន់តែ​ជា​សកម្មជន​នយោបាយ​ម្នាក់​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា លោក ហ៊ុន សែន មិន​ត្រឹមតែ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក ផន ផាន់ណា ទេ គាត់​ក៏​បាន​ចេញ​បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ឈ្មោះ អ៊ុក សីហា មួយ​រូប​ទៀត​ដែរ។

អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សព្វថ្ងៃ​នេះ ទឹកដី​ថៃ មិន​អាច​ជា​ទី​ជម្រក​មាន​សុវត្ថិភាព​សម្រាប់​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នយោបាយ​ទៀត​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​មួយ​ចំនួន ត្រូវ​បាន​ចាប់​ខ្លួន​លើ​ទឹកដី​ថៃ និង​ត្រូវ​រង​នូវ​ការ​វាយប្រហារ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នា​ពេល​កន្លង​មក​ផង​ដែរ ខណៈ​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ រក​យុត្តិធម៌​លើ​ករណី​នេះ​សម្រាប់​សកម្មជន​សង្គម​ទាំងនោះ​ឡើយ​រហូត​ដល់​ពេលនេះ។

ជាក់ស្តែង កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយ​ពីក្រោយ​ខ្នង​ពេល​ដែល​លោក​កំពុង​ផ្សាយ​ផ្ទាល់​បកស្រាយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​បរិវេណ​វត្ត​ពោនសាង ខេត្ត​សមុទ្រប្រាកាន ប្រទេស​ថៃ បណ្តាល​ឱ្យ​របួស​ចំ​ក្បាល​ហូរ​ឈាម​ស្រោច​លើ​ដងខ្លួន។

ជាង​នេះ​ទៀត កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ថៃ សកម្មជន​បក្ស​ប្រឆាំង ដូចជា លោក ផន ផាន់ណា លោក គង់ រ៉ៃយ៉ា និង​លោក លឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​ស្នាក់នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

យ៉ាងណា​ក៏ដោយ កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លាតត្រដាង​ថា Swap Mart ឬ​ផ្សារ​ជួញដូរ​ក្នុង​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ​ក្នុង​ការ​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដូចជា​មកពី​ប្រទេស​កម្ពុជា ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស