ពលរដ្ឋខ្មែរជាច្រើននាក់ក្នុងប្រទេសអូស្ត្រាលី បាននាំគ្នាធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV DTA) ដោយពិតប្រាកដ ពីព្រោះការប្រកាសដកខ្លួនរបស់កម្ពុជាពីគម្រោងនេះរបស់លោក ហ៊ុន សែន កន្លងទៅ គឺគ្រាន់តែជាល្បែងនយោបាយតែប៉ុណ្ណោះ។
ពលរដ្ឋខ្មែរដែលរស់នៅបណ្តាប្រទេសផ្សេងៗ ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី បានប្រមូលផ្តុំគ្នានៅខាងមុខវិមានរដ្ឋសភាក្នុងរដ្ឋធានីកង់បេរ៉ា នៃប្រទេសអូស្ត្រាលី នៅថ្ងៃទី៣០ ខែកញ្ញា នេះ ដើម្បីសម្ដែងមតិទាមទារឱ្យរដ្ឋាភិបាលខ្មែរដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ដោយពិតប្រាកដ ហើយក៏បានដង្ហែក្បួនតវ៉ាទាមទារនេះទៅកាន់ស្ថានទូតកម្ពុជាក្នុងប្រទេសអូស្ត្រាលី ផងដែរ។
ពលរដ្ឋខ្មែរដែលបានចូលរួមបាតុកម្មនេះ បានលើកជាបដាដែលបានសរសេរអក្សរផ្សេងៗ ដូចជា ដោះលែងអ្នកដែលរិះគន់គម្រោងអភិវឌ្ឍន៍ត្រីកោណឱ្យមានសេរីភាពឡើងវិញ ប្រឆាំងគម្រោងតំបន់ត្រីកោណជាដាច់ខាត បញ្ឈប់អំពើពុករលួយ និងទាមទារឱ្យបញ្ចប់កិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុនវៀតណាម ជាដើម។
តំណាងពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលី ដែលដឹកនាំបាតុកម្មនៅថ្ងៃទី៣០ កញ្ញា នេះ បានប្រកាសថ្កោលទោសអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលបានប្រកាសដកខេត្តខ្មែរទាំង៤ ចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណនេះមិនដាច់ស្រេច។
ប្រភពដដែលអះអាងថា ការប្រកាសរបស់លោក ហ៊ុន សែន គឺជាការប្រកាសមិនមានលក្ខណៈផ្លូវច្បាប់ពេញលេញតាមរយៈរដ្ឋសភា និងការថ្វាយសំណើជូនព្រះមហាក្សត្រដើម្បីឡាយព្រះហស្តលេខាបញ្ចប់គម្រោងនេះទេ។
ពួកគេនិយាយបញ្ជាក់ថា ក្រៅពីការប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណដែលមានភាពមិនច្បាស់លាស់នេះ បានបង្កប់នូវបញ្ហាជាច្រើនទៀតដែលលោក ហ៊ុន សែន មិនទាន់ដោះស្រាយ ដូចជា ដីសម្បទានសេដ្ឋកិច្ចដែលផ្តល់ឱ្យក្រុមហ៊ុនវៀតណាម និងការអនុវត្តច្បាប់អន្តោប្រវេសន៍លើជនជាតិវៀតណាម នៅតាមខេត្តមួយចំនួនក្នុងតំបន់ភូមិភាគឦសាន ជាដើម។
ជាងនេះទៀត លោក ហ៊ុន សែន ក៏មិនទាន់ដោះលែងអ្នកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោមបញ្ជារបស់គាត់ ដែលបានរិះគន់លើបញ្ហាតំបន់ត្រីកោណនេះដែរ ស្របពេលដែលគាត់បានប្រកាសដកកម្ពុជាចេញពីគម្រោងនេះពីឡាវ និងវៀតណាម ទៅហើយនោះ។
ប្រភពដដែលបញ្ជាក់ថា បញ្ហាដែលខ្លួនបានរៀបរាប់ទាំងនេះ គឺជាមូលហេតុដែលបង្ហាញថា កម្ពុជានៅតែមិនទាន់ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណឲ្យបានដាច់ស្រេចនៅឡើយទេ ដូច្នេះហើយបានជាពួកគេនៅតែនាំគ្នាធ្វើបាតុកម្មប្រឆាំងគម្រោងនេះបន្តទៀតនៅពេលនេះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានប្រកាសដកខេត្តខ្មែរទាំង៤ ចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ក្រោយរងនូវការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងនេះជាបន្តបន្ទាប់ ក្នុងនោះ លោក ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចរាល់ហើយដែរ។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា គម្រោងត្រីកោណអភិវឌ្ឍ CLV បានក្លាយជាច្បាប់ឆ្នាំ២០១៨ ជាផ្លូវការទៅហើយ ដូច្នេះនីតិវិធីបញ្ចប់គម្រោងនេះមានតែរដ្ឋសភាអនុម័តបញ្ចប់គម្រោងនេះ និងព្រះមហាក្សត្រឡាយព្រះហស្តលេខាបញ្ចប់តែប៉ុណ្ណោះ នោះទើបគម្រោងនេះត្រូវបានធ្វើមោឃភាពជាស្ថាពរ។
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ បានចុះហត្ថលេខាលើព្រះរាជក្រមមួយដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាអាណត្តិទី៥ កន្លងទៅ៕