31 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​ឱ្យ​ស្ថាប័ន​រដ្ឋ​ប្រើ​កម្មវិធី CoolApp ដើម្បី​សន្តិសុខ​ជាតិ តែ​អ្នក​ឃ្លាំមើល​បារម្ភ​ពី​សុវត្ថិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ បង្កើត​ក្រុម CoolApp សម្រាប់​ទំនាក់ទំនង​គ្នា​ជំនួស​ការ​ប្រើ​បណ្ដាញ​សង្គម Telegram ដើម្បី​សន្តិសុខ​ជាតិ។

កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ស្នើ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ បង្កើត​ក្រុម CoolApp សម្រាប់​ទំនាក់ទំនង​គ្នា​ជំនួស​ការ​ប្រើ​បណ្ដាញ​សង្គម Telegram ដោយសារ​លោក​បារម្ភ​ពី​សន្តិសុខ​ជាតិ ដែល​កើត​ចេញពី​បណ្ដាញ​សង្គម telegram ថា​បាន​ធ្វើ​ឱ្យ​បែកធ្លាយ​ទិន្នន័យ​បុគ្គល​នៅ​តាម​ប្រទេស​មួយ​ចំនួន។

លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ស្ថាប័ន​ផ្សេង​ទៀត ដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី​រាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាជន គួរ​រៀបចំ​ក្រុម CoolApp និង​ប្រើប្រាស់ CoolApp ព្រោះ CoolApp ជា​របស់​ខ្មែរ​ក្នុង​ដែន​សុវត្ថិភាព​របស់​កម្ពុជា តែ​ប្រើប្រាស់​បាន​នៅ​ទូទាំង​ពិភពលោក។

ប្រភព​ដដែល​អះអាង​ថា CoolApp មាន​សមត្ថភាព​ដូច​បណ្ដាញ​សង្គម​ផ្សេងៗ ដូចជា WhatsApp, Signal និង Telegram ជាដើម តែ​ខុស​គ្នា​ត្រង់​ថា CoolApp មិន​អាច​ឱ្យ​បរទេស​ចូល​យក​ទិន្នន័យ​របស់​រដ្ឋ ឬ​របស់​ឯកជន​បាន​នោះ​ឡើយ។

អ្នក​តាមដាន​សង្គម​ធ្លាប់​បាន​លើកឡើង​ថា CoolApp ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ ក៏ដូចជា​អ្នក​នយោបាយ ដែល​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ព្រួយបារម្ភ​អំពី​សុវត្ថិភាព និង​ឯកជន​ភាព​របស់​ពួកគេ។

សកម្មជន​បរិស្ថាន និង​សង្គម លោក ម៉ា ចិត្រា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កន្លង​មក ដោយ​ចោទ​ជា​សំណួរ​ថា «តើ App នេះ​ជា​របស់​រដ្ឋ ឬ​ជា​របស់​ក្រុមហ៊ុន​ឯកជន បើជា​របស់​ក្រុមហ៊ុន​ឯកជន ចុះ​បើ​ថ្ងៃ​ក្រោយ​មាន App ផ្សេង​ទៀត គេ​បង្កើត​អ្វី​ដែរ? តើ​រដ្ឋសភា​នឹង​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៀត​ឬ​យ៉ាងណា?»។

លោក ហ៊ុន សែន បាន​អះអាង​ថា បណ្ដាញ​សង្គម​ថ្មី​របស់​កម្ពុជា CoolApp ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែ​មិថុនា ឆ្នាំ​២០២៤។ គិត​មក​ដល់​ពេលនេះ មាន​រយៈពេល​ជាង ៣​ខែ​ហើយ ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៣០​ម៉ឺន​នាក់។

កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៤ រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ឃួន សុដារី ជា​ប្រធាន​រដ្ឋសភា​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​គាំទ្រ​ចំពោះ​សារ​របស់​លោក ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​ប្រើប្រាស់​កម្មវិធី CoolApp តាម​លោក ហ៊ុន សែន។

ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​គាំទ្រ​លោក ហ៊ុន សែន ពី​សំណាក់​ស្ថាប័ន​រដ្ឋសភា​ជាតិ​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ថា​យក​ស្ថាប័ន​កំពូល​របស់​ជាតិ​មក​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ឱ្យ​គណបក្ស​កាន់​អំណាច និង​គ្រួសារ​ត្រកូល​ហ៊ុន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស