តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រកាសដកគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ធ្វើឡើងតែលើបបូរមាត់តែប៉ុណ្ណោះ ព្រោះគម្រោងអភិវឌ្ឍន៍ទាំងអស់ក្រោមឆត្រ CLV គឺនៅតែបន្តរក្សាទុកដូចមុនដដែល។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ តុលា នេះថា ក្នុងអត្ថបទចុះផ្សាយរបស់សារព័ត៌មានវៀតណាម (Vietnam+) បានស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដែលបានអះអាងយ៉ាងច្បាស់ថា កម្ពុជានឹងមិននិយាយអំពីគម្រោងអភិវឌ្ឍន៍ត្រីកោណបន្តទៀតទេ បន្ទាប់ពីបានដកខ្លួនចេញពីគម្រោងនេះ។
លោក ប៉ែន បូណា បញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗគឺនៅតែដដែលទាំងអស់។
លោក អ៊ុំ សំអាន អះអាងថា ការបញ្ជាក់របស់លោក ប៉ែន បូណា បែបនេះ គឺមានន័យគ្រប់គ្រាន់ថា គម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ត្រូវបានប្រកាសដកតែឈ្មោះប៉ុណ្ណោះ តែការពិត អ្វីៗគ្រប់បែបយ៉ាង គឺនៅដូចមុនដដែល ព្រោះថាភស្តុតាងជាក់ស្តែងក៏បានបង្ហាញយ៉ាងច្បាស់ដែរថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាក៏នៅមិនទាន់ប្រកាសលុបចោលគម្រោងនានាជាមួយវៀតណាម ដែរ។

មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ដើម្បីឱ្យពលរដ្ឋខ្មែរជឿជាក់ថាគម្រោងនេះត្រូវបានលុបចោលពិតប្រាកដ រដ្ឋាភិបាលត្រូវតែដកហូតដីសម្បទានសេដ្ឋកិច្ចពីយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នោះត្រឡប់មកវិញទាំងអស់។
ជាងនេះទៀត រដ្ឋាភិបាលត្រូវតែបណ្តេញជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលកំពុងរស់នៅ និងធ្វើជាកម្មកររាប់សិបម៉ឺននាក់លើដីសម្បទានសេដ្ឋកិច្ចទាំងជាង ២៤ម៉ឺនហិកតាក្នុងតំបន់ត្រីកោណនោះ ព្រមទាំងដោះលែងអ្នកជាប់ឃុំដោយសារការរិះគន់គម្រោង CLV ទាំងជាង ៦០នាក់ និងអ្នកទោសមនសិការទាំងអស់ថែមទៀត។
លោក អ៊ុំ សំអាន អំពាវនាវឱ្យពលរដ្ឋខ្មែរបន្តធ្វើបាតុកម្មទូទាំងពិភពលោកឱ្យកាន់តែច្រើនថែមទៀត ដើម្បីទាមទារឱ្យរដ្ឋាភិបាលលុបចោលគម្រោងអភិវឌ្ឍន៍ទាំងអស់ជាស្ថាពរ ដែលមិនមែនត្រឹមតែជាការប្រកាសលុបតែលើបបូរមាត់របស់លោក ហ៊ុន សែន នោះទេ។
សារព័ត៌មានវៀតណាម (Vietnam+) បានស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដែលបានអះអាងកាលពីពេលថ្មីៗនេះថា កម្ពុជានឹងមិននិយាយអំពីគម្រោងអភិវឌ្ឍន៍ត្រីកោណបន្តទៀតទេ បន្ទាប់ពីបានដកខ្លួនចេញពីគម្រោងនេះ។
លោក ប៉ែន បូណា អះអាងថា ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗគឺនៅតែដដែលទាំងអស់។ លោកថា កម្ពុជា និងប្រទេសជិតខាងអាចសហការក្នុងក្របខ័ណ្ឌអាស៊ានជាមួយនឹងឋានៈរបស់ខ្លួនជាសមាជិកនៃប្លុកនេះ ដោយមិនមានបញ្ហាអ្វីទាំងអស់។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានប្រកាសលុបចោលគម្រោងអភិវឌ្ឍន៍ត្រីកោណជាមួយឡាវ និងវៀតណាម ប៉ុន្តែរហូតដល់ពេលនេះ គេមិនទាន់ឃើញលោក ហ៊ុន សែន បញ្ចេញលិខិតផ្លូវការណាមួយដើម្បីឱ្យភាគីឡាវ និងវៀតណាម ចុះហត្ថលេខាបញ្ចប់គម្រោងនេះជាផ្លូវការនៅឡើយទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

