31.6 C
Phnom Penh

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន កំពុង​ថ្ពិន​ភ្នែក​ពលរដ្ឋ​ពី​ការ​ដក​ខ្លួន​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រកាស​ដក​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ធ្វើ​ឡើង​តែ​លើ​បបូរមាត់​តែប៉ុណ្ណោះ ព្រោះ​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ក្រោម​ឆត្រ CLV គឺ​នៅតែ​បន្ត​រក្សា​ទុក​ដូច​មុន​ដដែល។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ក្នុង​អត្ថបទ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម (Vietnam+) បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដែល​បាន​អះអាង​យ៉ាង​ច្បាស់​ថា កម្ពុជា​នឹង​មិន​និយាយ​អំពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​បន្ត​ទៀត​ទេ បន្ទាប់​ពី​បាន​ដក​ខ្លួន​ចេញពី​គម្រោង​នេះ។

លោក ប៉ែន បូណា បញ្ជាក់​ថា ទោះបីជា​យ៉ាងណា​ក៏ដោយ អ្វីៗ​គឺ​នៅតែ​ដដែល​ទាំងអស់។

លោក អ៊ុំ សំអាន អះអាង​ថា ការ​បញ្ជាក់​របស់​លោក ប៉ែន បូណា បែប​នេះ គឺ​មាន​ន័យ​គ្រប់គ្រាន់​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ត្រូវ​បាន​ប្រកាស​ដក​តែ​ឈ្មោះ​ប៉ុណ្ណោះ តែ​ការពិត អ្វីៗ​គ្រប់​បែប​យ៉ាង គឺ​នៅ​ដូច​មុន​ដដែល ព្រោះ​ថា​ភស្តុតាង​ជាក់ស្តែង​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​នៅ​មិន​ទាន់​ប្រកាស​លុប​ចោល​គម្រោង​នានា​ជាមួយ​វៀតណាម ដែរ។

នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ នៃ​គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV)។ (រូប​ឯកសារ)

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជឿជាក់​ថា​គម្រោង​នេះ​ត្រូវ​បាន​លុប​ចោល​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវតែ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​យោធា​វៀតណាម និង​ក្រុមហ៊ុន​វៀតណាម ជាង ២៤​ម៉ឺន​ហិកតា​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នោះ​ត្រឡប់​មក​វិញ​ទាំងអស់។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ត្រូវតែ​បណ្តេញ​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ និង​ធ្វើ​ជា​កម្មករ​រាប់​សិប​ម៉ឺន​នាក់​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ជាង ២៤​ម៉ឺន​ហិកតា​ក្នុង​តំបន់​ត្រីកោណ​នោះ ព្រមទាំង​ដោះលែង​អ្នក​ជាប់​ឃុំ​ដោយសារ​ការ​រិះគន់​គម្រោង CLV ទាំង​ជាង ៦០​នាក់ និង​អ្នកទោស​មនសិការ​ទាំងអស់​ថែម​ទៀត។

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើ​បាតុកម្ម​ទូទាំង​ពិភពលោក​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ជា​ស្ថាពរ ដែល​មិនមែន​ត្រឹមតែ​ជា​ការ​ប្រកាស​លុប​តែ​លើ​បបូរមាត់​របស់​លោក ហ៊ុន សែន នោះ​ទេ។

សារព័ត៌មាន​វៀតណាម (Vietnam+) បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដែល​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​នឹង​មិន​និយាយ​អំពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​បន្ត​ទៀត​ទេ បន្ទាប់ពី​បាន​ដក​ខ្លួន​ចេញពី​គម្រោង​នេះ។

លោក ប៉ែន បូណា អះអាង​ថា ទោះបីជា​យ៉ាងណា​ក៏ដោយ អ្វីៗ​គឺ​នៅ​តែ​ដដែល​ទាំងអស់។ លោក​ថា កម្ពុជា និង​ប្រទេស​ជិតខាង​អាច​សហការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ជាមួយ​នឹង​ឋានៈ​របស់​ខ្លួន​ជា​សមាជិក​នៃ​ប្លុក​នេះ ដោយ​មិន​មាន​បញ្ហា​អ្វី​ទាំងអស់។

កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ប្រកាស​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជាមួយ​ឡាវ និង​វៀតណាម ប៉ុន្តែ​រហូត​ដល់​ពេលនេះ គេ​មិន​ទាន់​ឃើញ​លោក ហ៊ុន សែន បញ្ចេញ​លិខិត​ផ្លូវការ​ណា​មួយ​ដើម្បី​ឱ្យ​ភាគី​ឡាវ និង​វៀតណាម ចុះហត្ថលេខា​បញ្ចប់​គម្រោង​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស