តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងថា បើមេដឹកនាំបក្សកាន់អំណាចមានសុឆន្ទៈដង្ហែអង្គកឋិនទៅទឹកដីកម្ពុជាក្រោមដោយសុទ្ធចិត្ត និងស្នេហាជាតិ លោក ហ៊ុន សែន ត្រូវតែដកខេត្តខ្មែរទាំង ៤ ចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) ដោយពិតប្រាកដ និងដកហូតគម្រោងអភិវឌ្ឍន៍នានាក្រោមឆត្រ CLV ទាំងអស់ផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ តុលា នេះថា ការដង្ហែអង្គកឋិនរបស់លោក ហ៊ុន សែន ទៅកាន់ទឹកដីកម្ពុជាក្រោមនៅពេលខាងមុខនេះ គ្រាន់តែជាល្បិចនយោបាយប្រជាភិថុតិដើម្បីបង្វែរសភាពការណ៍ពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) តែប៉ុណ្ណោះ។
លោកបន្តថា ផ្ទុយទៅវិញ បើការដង្ហែអង្គកឋិននេះក្នុងស្មារតីខ្មែរតែមួយដូចលោក ហ៊ុន សែន បានអះអាងមែន គាត់ត្រូវតែប្រកាសដកកម្ពុជាចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ និងដកហូតគម្រោងអភិវឌ្ឍន៍ទាំងអស់ក្រោមឆត្រ CLV ជាស្ថាពរទាំងអស់ ដូចជា ដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋបានប្រគល់ឱ្យយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតា ជាដើម។ ជាងនេះទៀត ក៏ត្រូវបញ្ជូនជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងធ្វើការ និងរស់នៅលើដីសម្បទានសេដ្ឋកិច្ចនោះចេញពីកម្ពុជាផងដែរ។
លោក អ៊ុំ សំអាន លើកឡើងថា ក្រៅពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏ត្រូវចេញលិខិតជាផ្លូវការទៅមេដឹកនាំវៀតណាម ឱ្យដោះលែងសកម្មជនខ្មែរក្រោមដែលកំពុងជាប់គុកទាំងជាង ១០នាក់នោះដែរ។
ជាងនេះទៀត លោក ហ៊ុន ម៉ាណែត ក៏ត្រូវផ្តាំផ្ញើឱ្យមេដឹកនាំវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោម និងប្រពៃណីសាសនា ព្រមទាំងឈប់ធ្វើទុក្ខបុកម្នេញចំពោះសកម្មជនខ្មែរក្រោមដូចមេដឹកនាំវៀតណាម ដែលតែងតែផ្តាំផ្ញើឱ្យមេដឹកនាំខ្មែរមើលការខុសត្រូវ និងផ្តល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជាដូច្នោះដែរ។ បន្ថែមពីនេះ ក៏ត្រូវដោះលែងអ្នកជាប់ឃុំឃាំងដែលរិះគន់គម្រោង CLV ជាង ៦០នាក់ និងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញថែមទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រកាសដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោមកាលពីពេលថ្មីៗនេះ ស្របពេលពលរដ្ឋខ្មែរគ្រប់ទីកន្លែងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម ជាបន្តបន្ទាប់នោះ។
កាលពីដើមខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានប្រកាសដង្ហែកឋិនទានមួយទៅកាន់ទឹកដីកម្ពុជាក្រោម ដែលមានឈ្មោះថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្នុងនោះលោក ហ៊ុន សែន បញ្ជាក់ថាខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម នៅតែជាខ្មែរតែមួយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

