គណបក្សកម្លាំងជាតិ លើកឡើងថា ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុ ៣៣ឆ្នាំហើយក៏ដោយ ក៏ភាគីពាក់ព័ន្ធមិនទាន់អនុវត្តស្មារតីនៃកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញនៅឡើយទេ ព្រោះកម្ពុជានៅមិនទាន់មានការឯកភាពជាតិ និងធានាបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើយ។
គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២២ តុលា នេះថា ការចូលរួមអបអរសាទរ “ខួបអនុស្សាវរីយ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីកម្ពុជា គឺស្មើនឹងការចូលរួមលើកកម្ពស់ស្មារតី និងកាតព្វកិច្ចរបស់ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ”។
គណបក្សក្រៅរដ្ឋាភិបាលមួយនេះចាត់ទុកការបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនាំឱ្យមានស្មារតីនៃការបង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរពិតប្រាកដ ដូច្នេះគ្រប់ភាគីនយោបាយទាំងអស់ ត្រូវតែស្វែងរកការសន្ទនាសម្របសម្រួលនយោបាយ ដើម្បីឱ្យមានការបង្រួបបង្រួមជាតិ និងឯកភាពជាតិស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
គណបក្សកម្លាំងជាតិ ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បើកលំហប្រជាធិបតេយ្យឱ្យកាន់តែប្រសើរ ដើម្បីធានាការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ ដោយសម្របសម្រួលដោះលែងមេដឹកនាំនយោបាយ និងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនដីធ្លី ព្រមទាំងសកម្មជនបរិស្ថានផងដែរ ដើម្បីរួមសាមគ្គីគ្នាបម្រើការពារផលប្រយោជន៍ជាតិ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀងមួយស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយនោះទេ គឺមានកិច្ចព្រមព្រៀងពីរ និងសេចក្តីថ្លែងការណ៍មួយ។ កិច្ចព្រមព្រៀងទី១ គឺស្តីអំពីការដោះស្រាយជម្លោះនៅកម្ពុជា ខណៈកិច្ចព្រមព្រៀងទី២ គឺស្តីអំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអព្យាក្រឹត្យរបស់កម្ពុជា។ ចំណែកសេចក្តីថ្លែងការណ៍ គឺជាការលើកឡើងអំពីការកសាងកម្ពុជាឡើងវិញ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លែងមានសុពលភាពទៀតហើយ ព្រោះខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អស់ហើយ ដូច្នេះកិច្ចព្រមព្រៀងនេះក៏លែងមានសុពលភាពតទៀតដែរ។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ តុលា នេះថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាផែនទីតែមួយគត់ដែលអាចនាំកម្ពុជាទៅដល់ការអនុវត្តប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
លោកត្អូញត្អែរថា រដ្ឋាភិបាលមិនប្រឹងមើលផែនទីដើម្បីបើកបរឲ្យត្រូវផ្លូវទេ តែបែរជាគិតតែនាំគ្នាហែកផែនទីរបស់ខ្លួនចោលទៅវិញ។
ចាប់តាំងពីឆ្នាំ១៩៩១ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មក ត្រូវគេមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនដែលបានដាក់កិច្ចព្រមព្រៀងនេះទៅក្នុងថ្ងៃបុណ្យជាតិ ឬថ្ងៃពិសេសសម្រាប់កម្ពុជាណាមួយ ដើម្បីរំឭកស្មារតីនៃកិច្ចព្រមព្រៀងនេះឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

