25.3 C
Phnom Penh

លោក ហ៊ុន សែន ដង្ហែ​កឋិន​ទៅ​កម្ពុជា​ក្រោម​គឺ​មាន​ចេតនា​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​ដង្ហែ​អង្គ​កឋិនទាន​របស់​លោក ហ៊ុន សែន ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម មិនមែន​ដោយសារ​ខ្វល់ខ្វាយ​ពី​ការ​បាត់បង់​ប្រពៃណី​វប្បធម៌​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​តែប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ការ​ដង្ហែ​អង្គ​កឋិន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នេះ លោក ហ៊ុន សែន មាន​ចេតនា​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សង្គម ការ​ទាមទារ​ឱ្យ​ដក​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​មក​តាមដាន​រឿង​កឋិនទាន​នេះ​វិញ។

លោក​ថា អង្គ​កឋិន​នេះ​បាន​បង្កប់​ចេតនា​កេង​ចំណេញ​នយោបាយ​ទាក់ទាញ​សមានចិត្ត​ពលរដ្ឋ​ខ្មែរលើ ខ្មែរក្រោម និង​ខ្មែរ​កណ្តាល ឱ្យ​ឈប់​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ប៉ុណ្ណោះ ទោះបី​ការ​ធ្វើ​កឋិនទាន​នេះ លោក ហ៊ុន សែន បាន​ដើរ​ហួស​បន្ទាត់​ក្រហម​របស់​វៀតណាម ក៏ដោយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​អះអាង​ថា លោក ហ៊ុន សែន អាច​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​បាន​មួយ​ចំនួន​ដែរ ដោយ​បង្ហាញ​ថា​គាត់​នៅ​មាន​ស្មារតី​ស្នេហា​ជាតិ គិតគូរ​ពី​ទឹកដី ជាពិសេស​ការ​ផ្តាំ​ផ្ញើ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ព្យាយាម​ថែរក្សា​ប្រពៃណី​ខ្មែរ​ឱ្យ​គង់វង្ស បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ជួយ​ជ្រោមជ្រែង​ប្រពៃណី​វប្បធម៌​ខ្មែរ​នៅ​ទីនោះ​ក៏ដោយ។

លោក ម៉ែន ណាត បញ្ជាក់​ថា ចរិត​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ បង្ហាញ​ថា គាត់​ខ្វល់ខ្វាយ​តែ​ពី​ការ​គ្រប់គ្រង​អំណាច​តែ​មួយ​គត់ ទោះ​បាត់បង់​អ្វី​ក៏ដោយ រួម​ទាំង​ទឹកដី​ខ្មែរ​ផង។

លោក​បញ្ជាក់​ថា លោក ហ៊ុន សែន ហ៊ាន​ដើរ​ហួស​បន្ទាត់​ក្រហម​របស់​វៀតណាម នៅ​ពេលនេះ គឺ​ដោយសារ​គាត់​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្ងប់​អារម្មណ៍​ចំពោះ​ការ​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​បន្ត​ទៀត ជាពិសេស​គឺ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ស្រុក​តែម្តង។

កាលពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជាង ១០​នាទី ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ប្រឹងប្រែង​ថែរក្សា​សិល្បៈ និង​វប្បធម៌​ប្រពៃណី​របស់​ដូនតា​របស់​ខ្មែរ​កុំ​ឱ្យ​បាត់បង់ បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ក៏ដោយ។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​នាម​ជា​ខ្មែរ​ត្រូវ​ខិតខំ​រួម​គ្នា​ថែរក្សា​ការពារ​នូវ​មរតក​ដូនតា កុំ​ឱ្យ​បាត់បង់ មិន​ថា​នៅ​ខ្មែរក្រោម ខ្មែរ​កណ្តាល ឬ​ខ្មែរលើ​នោះ​ទេ ទោះ​ខ្មែរ​រស់នៅ​ទីណា​ក៏ដោយ ព្រោះ​បញ្ហា​ប្រពៃណី​ជាតិ គឺជា​បញ្ហា​ដ៏​ធំ​ដែល​ត្រូវ​ថែទាំ​ទាំងអស់​គ្នា។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​មេដឹកនាំ​បក្ស​កាន់​អំណាច​មាន​សុឆន្ទៈ​ដង្ហែ​អង្គ​កឋិន​ទៅ​ទឹកដី​កម្ពុជា​ក្រោម​ដោយ​សុទ្ធចិត្ត និង​ស្នេហា​ជាតិ​មែន លោក ហ៊ុន សែន ត្រូវតែ​ដក​ខេត្ត​ខ្មែរ​ទាំង​៤ ចេញពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដោយ​ពិតប្រាកដ និង​ត្រូវ​ដកហូត​គម្រោង​អភិវឌ្ឍន៍​នានា​ក្រោម​ឆត្រ​នៃ​គម្រោង CLV ទាំងអស់​ផង​ដែរ។

កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ប្រកាស​ដង្ហែ​កឋិនទាន​មួយ​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ដើម​ខែ​វិច្ឆិកា ក្រោយ​នេះ ដែល​មាន​ឈ្មោះ​ថា អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​លោក ហ៊ុន សែន បង្ហាញ​ពី​ការ​ផ្សារភ្ជាប់​ពលរដ្ឋ​ខ្មែរក្រោម​នឹង​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​ដែល​គាត់​គ្រប់គ្រង​កម្ពុជា​ជាង ៤​ទសវត្សរ៍​មក​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស