សារព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសបារាំង Le Figaro បានចុះផ្សាយថា លំហសេរីភាពនៃការបញ្ចេញមតិនៅប្រទេសកម្ពុជាកំពុងរួមតូចក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមិនស្ទាក់ស្ទើរក្នុងការចាប់ឃុំខ្លួនអ្នកសារព័ត៌មាន សកម្មជនបរិស្ថាន សកម្មជននយោបាយដែលប្រឆាំងនឹងខ្លួន។
សារព័ត៌មានបារាំង Le Figaro បានចេញអត្ថបទចុះផ្សាយកាលពីថ្ងៃទី២៩ ខែតុលា នេះ ដោយដាក់រូបថតលោក ហ៊ុន ម៉ាណែត ភ្ជាប់នឹងចំណងជើងថា «នៅកម្ពុជា សេរីភាពនៃការបញ្ចេញមតិកំពុងរួមតូច» ដោយសាររដ្ឋាភិបាលក្រុងភ្នំពេញដែលមានអាយុ ១៥ខែនេះ គ្មានភាពស្ទាក់ស្ទើរក្នុងការចាប់អ្នកកាសែត សកម្មជន ឬសូម្បីតែប្រជាពលរដ្ឋសាមញ្ញ ក៏ត្រូវបានចាប់ដាក់គុកដែរ។
ប្រភពដដែលបញ្ជាក់ថា រយៈពេលជាង ១ឆ្នាំបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ចូលកាន់តំណែងបន្តពីឪពុកជាប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា សេរីភាពនៃការបញ្ចេញមតិត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងៗ ព្រោះរដ្ឋាភិបាលមួយនេះកាន់តែរឹតបន្តឹងចំពោះសំឡេងរិះគន់នានាកាន់តែខ្លាំងជាងមុន។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ តុលា នេះថា ការធានាបាននូវសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺជាជម្រើសតែមួយគត់សម្រាប់រដ្ឋាភិបាលក្នុងការស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញ។
លោក សេក សុជាតិ លើកឡើងថា ការបំបិទមតិចម្រុះមិនបានជួយឱ្យរដ្ឋាភិបាលធ្វើដំណើរក្នុងផ្លូវមួយដ៏ត្រឹមត្រូវឡើយ ដែលមានន័យថា រដ្ឋាភិបាលបាត់ទាំងសំឡេងដែលប្រាប់ពីការពិតដើម្បីជួយឱ្យខ្លួនដឹកនាំបានល្អ ហើយថែមទាំងរងនូវការរិះគន់ពីមជ្ឈដ្ឋាននានាថែមទៀត។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ អំពាវនាវឱ្យរាជរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋឱ្យបានទូលំទូលាយតាមការកំណត់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដំណាលពេលដែលពិន្ទុស្ដីពីសេរីភាពសារព័ត៌មាន សេរីភាពនយោបាយ និងពិន្ទុស្ដីពីនីតិរដ្ឋ ជាដើម កំពុងធ្លាក់ចុះធ្ងន់ធ្ងរសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ អង្គការ Freedom House បានចេញសេចក្តីរាយការណ៍វាយតម្លៃលើសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋក្នុងប្រទេស និងដែនដីចំនួន ២១០ កាលពីពេលថ្មីៗនេះ ដោយដាក់ចំណងជើងថា «សេរីភាពក្នុងពិភពលោកឆ្នាំ២០២៤» ក្នុងនោះប្រទេសកម្ពុជាជាប់ជាប្រទេសមិនសេរី ឬ Not Free ដែលគេរកឃើញថាមានការគាបសង្កត់លើក្រុមអ្នកនយោបាយជំទាស់ និងមានការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម។
អង្គការ Freedom House បានចាត់ទុកកម្ពុជាជាប្រទេសផ្ដាច់ការមួយក្នុងចំណោមប្រទេសផ្ដាច់ការធំៗ ៥ ផ្សេងទៀត រួមមាន ភូមា ចិន និងរុស្ស៊ី ជាដើម ដែលប្រើវិធានការគាបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

