26 C
Phnom Penh

ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​រដ្ឋសភា​និង​រដ្ឋាភិបាល​ខិតខំ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​អភិវឌ្ឍ​ប្រទេស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី អំពាវនាវ​ឱ្យ​ស្ថាប័ន​រដ្ឋសភា និង​ស្ថាប័ន​រដ្ឋាភិបាល ខិតខំ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​សកម្ម ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​សង្គម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។

ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជសារ​ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៤ នេះ ដោយ​ស្នើ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ទូទាំង​ប្រទេស បន្ត​ថែរក្សា​សាមគ្គីភាព និង​ឯកភាព​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ជំរុញ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ សម្បូរ​សប្បាយ​រុងរឿង​ដូច​អារ្យប្រទេស​នានា​នៅ​លើ​សកលលោក។

ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះ​រាជបន្ទូល​ថា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ រដ្ឋសភា​អាណត្តិ​ទី​៧ បាន​បំពេញ​ការងារ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​បាន​អនុម័ត​នូវ​សេចក្តី​ព្រាងច្បាប់​ជាច្រើន ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជាជាតិ ព្រមទាំង​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ជា​ឧត្ដម​ប្រយោជន៍​ជាតិ​មាតុភូមិ និង​ប្រជាជន​គួរ​ជា​ទី​មោទនៈ។

សម្តេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី មាន​ព្រះបន្ទូល​បញ្ជាក់​ថា ចំណែក​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ក្រោម​ការ​ដឹកនាំ​ដ៏​វាងវៃ និង​មោះមុត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​រយៈពេល ១​ឆ្នាំ​មក​នេះ ក៏​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​បន្ត​កើន​ឡើង​ជា​លំដាប់ និង​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​សំខាន់ៗ​ជាច្រើន​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ តុលា នេះ​ថា ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ស្ថិត​នៅ​ក្រោម​អំណាច​ផ្ដាច់ការ​អាជ្ញា​ទំនើង​ចិត្ត​របស់​បុគ្គល​តែ​ម្នាក់​គត់ គឺ​លោក ហ៊ុន សែន ដែល​មាន​គោលការណ៍​អាត្មា​និយម​ដឹកនាំ​ដើម្បី​តែ​ផល​ប្រយោជន៍​អំណាច​គ្រួសារ​ហ៊ុន​តែ​មួយ​មុខ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​អះអាង​ថា របៀប​ដឹកនាំ​នៅ​កម្ពុជា គឺជា​របប​ដឹកនាំ​គ្រួសារ​កុម្មុយនីស្ត ព្រោះ​ថា​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី អ្នកស្រី ឃួន សុដារី ជា​ប្រធាន​រដ្ឋសភា ចំណែក​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ ប៉ុន្តែ​ការ​ដឹកនាំ​ជាក់ស្ដែង គឺ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បង្គាប់​បញ្ជា​ទាំងអស់ រួម​ទាំង​តុលាការ​ផង​ដែរ។

ជាក់ស្តែង សព្វថ្ងៃ​នេះ លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះ មហាក្សត្រ​ផង និង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ ហើយ​តំណែង និង​អំណាច​របស់​គាត់​នៅ​ពេលនេះ បាន​គ្របដណ្ដប់​លើ​នាយករដ្ឋមន្ត្រី​ដែល​ជា​កូន​របស់​គាត់​ផង គ្របដណ្ដប់​លើ​ប្រធាន​តុលាការ​ផង និង​គ្របដណ្ដប់​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​ទាំងស្រុង​ផង​ដែរ។

ចំណែក​អ្នកស្រី ប៊ុន រ៉ានី កាន់​តំណែង​ជា​ប្រធាន​កាកបាទក្រហម​កម្ពុជា ប៉ុន្តែ​មាន​អំណាច​គ្រប់គ្រង​លើ​ប្រធាន​រដ្ឋសភា អ្នកស្រី ឃួន សុដារី ដែល​មនុស្ស​ជំនិត​របស់​គាត់​ពេញ​ទំហឹង ដូច្នេះ​មាន​ន័យ​ថា អំណាច​កំពូល​ទាំង​បី​របស់​ប្រទេស​កម្ពុជា ដូចជា ស្ថាប័ន​នីតិប្រតិបត្តិ គឺ​រដ្ឋាភិបាល ស្ថាប័ន​នីតិប្បញ្ញត្តិ គឺ​រដ្ឋសភា និង​ស្ថាប័ន​តុលាការ ត្រូវ​លោក ហ៊ុន សែន និង​ភរិយា​របស់​គាត់​គ្រប់គ្រង​ផ្ដាច់មុខ​ទៅ​ហើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស