អ្នកឃ្លាំមើលនិយាយថា បើកម្ពុជាធូររលុងក្នុងការអនុវត្តច្បាប់លើមន្ត្រីរបស់ខ្លួនក្នុងការរៀបចំបក្ខពួកក្នុងប្រព័ន្ធដឹកនាំរដ្ឋ ទោះដកអ្នកចាស់តែងតាំងអ្នកថ្មី ក៏នៅតែកើតមានអំពើពុករលួយដដែល។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ វិច្ឆិកា នេះថា ដើម្បីឱ្យក្លាយទៅជារដ្ឋាភិបាលមួយដែលមានសុខភាពល្អ ហើយដឹកនាំប្រទេសរីកចម្រើនជឿនលឿនឆាប់រហ័ស ទាល់តែរដ្ឋាភិបាលនោះហ៊ានវះកាត់សាច់ស្អុយរបស់ខ្លួនចោល។
លោកបន្តថា រដ្ឋាភិបាលត្រូវតែស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធទាំងអស់យកមកទទួលខុសត្រូវចំពោះមុខច្បាប់ នោះទើបអាចធានាថាអំពើពុករលួយត្រូវបានបោសសម្អាត។ ផ្ទុយទៅវិញ បើអនុវត្តដោយភាពលម្អៀង នោះអំពើពុករលួយក៏នៅតែកើតមាន និងកាន់តែរីកដុះដាលជាប្រព័ន្ធចាក់ស្រេះកាន់តែខ្លាំងជាងមុនថែមទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងអភិបាលស្រុកល្វាឯម ថ្មីជំនួសអភិបាលស្រុកចាស់ដែលត្រូវបានដកចេញពីតំណែងកាលពីពេលថ្មីៗនេះ។
លោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៥ វិច្ឆិកា នេះ សម្រេចតែងតាំងលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម ជំនួសអភិបាលស្រុកល្វាឯម ដែលត្រូវបានដកចេញពីតំណែងជុំវិញការប្រព្រឹត្តអំពើពុករលួយកាលពីពេលកន្លងទៅ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល លោក កន សុខកាយ ត្រូវបានលោក ហ៊ុន ម៉ាណែត បញ្ចប់មុខតំណែងក្រោមហេតុផលថា សាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
ការបញ្ចប់មុខតំណែងលោក កន សុខកាយ ធ្វើឡើងក្រោយពេលប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទម្លាយថាអតីតអភិបាលស្រុករូបនេះបានផ្តល់លុយចំនួន ៣០ម៉ឺនដុល្លារអាមេរិកតាមរយៈលោក លី សាម៉េត ហៅគ្រូមា ឱ្យរត់ការយកតំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្រុមអ្នករិះគន់និយាយថា ការបញ្ចប់មុខតំណែងលោក កន សុខកាយ តែម្នាក់មិនទាន់គ្រប់នោះទេ លោក ហ៊ុន ម៉ាណែត ត្រូវស៊ើបអង្កេតរកមុខអ្នកប្រព្រឹត្តអំពើពុករលួយជាច្រើនផ្សេងទៀតដែលតែងសូកប៉ាន់ទទួលបានមុខតំណែងល្អៗក្នុងជួររដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ដែលតែងប្រព្រឹត្តអំពើពុករលួយនៅតាមក្រសួងមន្ទីរសព្វថ្ងៃនេះ ជាដើម។
អង្គការតម្លាភាពអន្តរជាតិកម្ពុជា បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀងទី១៥៨ ក្នុងចំណោមប្រទេស ១៨០ លើពិភពលោក និងនៅក្នុងតំបន់អាស៊ាន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

