ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ចប់តំណែងលោក ដួង តារា ពីរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដោយសារបុគ្គលរូបនេះជាជនជាប់ចោទពាក់ព័ន្ធនឹងការឆបោក ឬរត់ការដើម្បីផ្ដល់មុខនាទីដល់បុគ្គលដែលមានបំណងចូលបម្រើការងាររដ្ឋ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា។
លោក ដួង តារា ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់ពីបទ “ឆបោក” លុយពលរដ្ឋជាច្រើនគ្រួសារក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែងរបស់ក្រុមហ៊ុន ភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង។ អាជ្ញាធរបានបញ្ជូនលោក ដួង តារា ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញកាលពីថ្ងៃទី១៧ តុលា។
ករណីនេះ ទំនងជាអាចជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា ទីប្រឹក្សាលោក ហ៊ុន សែន ដែលតែងតែយកឈ្មោះអតីតនាយករដ្ឋមន្ត្រីទៅបោកប្រាស់លុយពីអ្នកដទៃ ដើម្បីជាថ្នូរនឹងការទទួលបានមុខនាទីក្នុងជួររដ្ឋាភិបាល និងគោរមងារផ្សេងៗ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា យល់ឃើញថា បើផ្អែកលើគោលការណ៍ច្បាប់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែរ ព្រោះលោកមិនបានចាត់វិធានការច្បាប់ចំពោះកូនចៅខ្លួនដែលបានប្រព្រឹត្តខុសច្បាប់តាំងពីដំបូងនោះ។
ប្រភពដដែលបានអះអាងថា ក្រោយពីបញ្ចប់មុខតំណែង តុលាការត្រូវស៊ើបអង្កេតលើប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ថែមទៀត ពីព្រោះជនជាប់ចោទជាអ្នកនៅក្រោមបង្គាប់របស់គាត់។ ប្រសិនបើគ្រាន់តែបញ្ចប់មុខតំណែងដើម្បីឲ្យល្អតែមើលនោះ វាបង្ហាញយ៉ាងច្បាស់ថា អ្នកនៅក្រោមបញ្ជារបស់លោក ហ៊ុន សែន គ្រាន់តែឃុំខ្លួនមួយរយៈ ក្រោយពីរឿងរ៉ាវស្ងាត់ ពួកគេនឹងមានសេរីភាព ហើយទទួលបានតំណែងវិញដដែល ឬតំណែងផ្សេង។
លោក ដួង តារា ដែលជាជំនួយការរបស់លោក ហ៊ុន សែន គឺជាតារាហ្វេសប៊ុកមួយរូបដែលបានបង្កើត និងកាន់ទំព័រហ្វេសប៊ុក (Facebook) ផ្លូវការឱ្យលោក ហ៊ុន សែន ដែលមានឈ្មោះជាភាសាអង់គ្លេសថា «Samdach Hun Sen of Cambodia» ដែលក្រោយមកលោកត្រូវបានលោក ហ៊ុន សែន ដំឡើងឋានៈជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ទាក់ទងនឹងករណីដកដាក់មន្ត្រីរាជការខ្មែរក្បាលខូចជាច្រើនកន្លងមកនេះ មានការសរសេរផ្សាយបែបចំអកឡកឡឺយក្នុងហ្វេសប៊ុកបែបនេះថា៖ មេដែកឆក់ដែក… ចាប់ហើយចោទ… ចោទហើយ…ដក ដកហើយ…ដោះ ដោះហើយ…ដេកស៊ី អាណាទៅដឹង? គេអាចបន្ថែមបន្តិចតទៅទៀតថា៖ ដេកស៊ីហើយ… ដើរហើរដោយសេរី… មានអ្នកណាធ្វើស្អី!!!៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

