27.3 C
Phnom Penh

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ទំនង​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត​ឱ្យ​ទៅ​ថៃ ជា​ថ្នូរ​បង្ក្រាប​ក្រុម​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទម្លាយ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អាច​បាន​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត ឱ្យ​ទៅ​ប្រទេស​ថៃ ជា​ថ្នូរ​នឹង​ការ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ថៃ និង​ទប់ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ទៅ​កម្ពុជា។

លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ វិច្ឆិកា ថា លោក ហ៊ុន សែន មាន​បំណង​កម្ចាត់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ឱ្យ​អស់​ពី​ទឹកដី​ថៃ ហើយ​លោក​អាច​កាត់​ចំណែក​ដី​របស់​ខ្មែរ​លើ​កោះ​គុត ២​ភាគ​៣ ទៅ​ឱ្យ​ថៃ គ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​ទៅ​ថ្ងៃ​អនាគត ជា​ថ្នូរ​លើ​បញ្ហា​នេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ បាន​កំណត់​ថា​ទឹកដី ២​ភាគ​៣ នៃ​កោះ​គុត គឺជា​របស់​ខ្មែរ ដូច្នេះ​បើ​កម្ពុជា​បាត់បង់​ចំណែក ២​ភាគ​៣ នៃ​កោះ​នេះ នោះ​ក៏​នឹង​នាំ​ឱ្យ​កម្ពុជា​បាត់​ដែនសមុទ្រ​របស់​ខ្លួន​ទៅ​ប្រទេស​ថៃ ជាច្រើន​ទៀត​ដែរ ដូច្នេះ​កម្ពុជា​មិន​អាច​ប្រគល់​ចំណែក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ថៃ ដាច់ខាត។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ត្អូញត្អែរ​ថា មាន​បណ្ឌិត​ខ្មែរ​ខ្លះ​ខំ​ព្យាយាម​បំភ្លៃ​ការពិត​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ថៃ ផ្ដាច់មុខ ប៉ុន្តែ​ទង្វើ​ដែល​បណ្ឌិត​ទាំងនោះ​ធ្វើ មិន​ខុស​ពី​កំពុង​ក្បត់​ជាតិ​ខ្មែរ​ប្រគល់​ទឹកដី​របស់​ខ្លួន​ឱ្យ​បរទេស​ឡើយ ប៉ុន្តែ​ការ​និយាយ​បំភ្លៃ​ការពិត​បែប​នេះ ក៏​ដោយសារតែ​ពួកគេ​រង​នូវ​ការ​គាបសង្កត់​ពី​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ដែរ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ដើម្បី​ឱ្យ​ជាក់ច្បាស់​ពី​ការពិត​លើ​សិទ្ធិ​គ្រប់គ្រង​កោះ​គុត​នេះ​ថា​កម្ពុជា​មាន​ចំណែក​ប៉ុនណា​នោះ គ្រាន់តែ​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ នោះ​ការពិត​នឹង​ត្រូវ​លាតត្រដាង​ភ្លាម ស្រប​ពេល​ដែល​កម្ពុជា​ក៏​ធ្លាប់​គ្រប់គ្រង​កោះ​នេះ​ក្នុង​ជំនាន់​រដ្ឋាភិបាល​ខ្មែរ​មុនៗ​ដែរ​នោះ។

សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ បាន​កំណត់​ថា កម្ពុជា​ត្រូវ​ទទួល​បាន​ទឹកដី ២/៣ នៃ​កោះ​គុត ចំណែក​ប្រទេស​ថៃ ទទួល​បាន​តែ ១/៣ ប៉ុណ្ណោះ ព្រោះ​ព្រំដែន​សមុទ្រ​កម្ពុជា​ត្រូវ​គិត​ពី​ចំណុច​កំពូល​ភ្នំ​ខ្ពស់​បំផុត​នៃ​កោះ​គុត ឆ្ពោះ​មក​ចំណុច​រួម​លើ​គោក​នៅ​តំបន់​ចាំយាម ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

ប្រធាន​ស្តីទី​នាយកដ្ឋាន​នៃ​វិទ្យាស្ថាន​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត ជិន សុជាតិ លើកឡើង​ថា ការ​លើកឡើង​ជុំវិញ​បញ្ហា​កោះ​គុត​របស់​ថៃ គ្រាន់តែ​ជា​ទំនាស់​ផ្ទៃក្នុង​របស់​ពួកគេ​ប៉ុណ្ណោះ ខណៈ​ការ​លើកឡើង​របស់​ក្រុម​ប្រឆាំង​នៅ​កម្ពុជា គឺ​មាន​ចេតនា​ឱ្យ​ពលរដ្ឋ​ខឹង​ស្អប់​នឹង​រដ្ឋាភិបាល​ខ្មែរ។

បណ្ឌិត ជិន សុជាតិ បញ្ជាក់​ថា សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ គឺ​បារាំង បាន​កំណត់​តែ​ព្រំដែន​គោក​ជាមួយ​ថៃ ប៉ុណ្ណោះ ខណៈ​កម្ពុជា​មិន​បាន​ចរចា​ជាមួយ​ថៃ ម្តង​ណា​ឡើយ ដោយសារតែ​សង្គ្រាម ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​២០០១ ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចរចា​គ្នា រហូត​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់ (MOU44) អំពី​ការ​អភិវឌ្ឍ​រួម​គ្នា​សម្រាប់​វិស័យ​ធនធាន​ថាមពល។

ជុំវិញ​បញ្ហា​នេះ សារណា​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន កាលពី​ឆ្នាំ​២០១៣ បាន​បញ្ជាក់​ថា យ៉ាងហោចណាស់​ជិត​ពាក់កណ្តាល​នៃ​កោះ​គុត គឺជា​កម្មសិទ្ធិ​របស់​កម្ពុជា។

លោក ហង់ ជួន ណារ៉ុន ក៏​បាន​ភ្ជាប់​ផែនទី​ក្នុង​សារណា​របស់​ខ្លួន​ដែរ ដែល​យក​តាម​ផែនទី​ដើម​នៃ​ឧបសម្ពន្ធ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ដោយ​បញ្ជាក់​ថា កោះ​គុត​នៅ​ចម្ងាយ​ពី​ឆ្នេរ​របស់​កម្ពុជា​ត្រឹមតែ ២២​គីឡូម៉ែត្រ​ប៉ុណ្ណោះ។

អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីអំពី​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២ មាត្រា​៣ ចែង​ថា «រាល់​រដ្ឋ​ទាំងអស់​មាន​សិទ្ធិ​បង្កើត​ប្រវែង​នៃ​ដែនសមុទ្រ​របស់​ខ្លួន​រហូត​ដល់​ដែន​កំណត់​មិន​លើស​ពី​ចម្ងាយ ១២​ម៉ាយល៍ ដែល​ស្មើ​នឹង​ប្រមាណ​ជា ២២,២​គីឡូម៉ែត្រ។

ចំណែក​បណ្ឌិត អ៊ិន សុផល អ្នក​ស្រាវជ្រាវ និង​តាមដាន​ភូមិសាស្ត្រ​នយោបាយ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ខ្សែបន្ទាត់​ព្រំដែន​បារាំង-សៀម​ឆ្នាំ​១៩០៧ ចេញពី​បង្គោល​ព្រំដែន​នៅ​លើ​ឆ្នេរសមុទ្រ​រត់​ត្រង់​ទៅ​ចំណុច​ខ្ពស់​បំផុត​នៅ​លើ​កោះ​គុត ដូច្នេះ​ភាគី​ថៃ ត្រូវ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​មួយ​នេះ ព្រោះ​ខ្មែរ​មិន​ដែល​ចង់បាន​ទឹកដី​របស់​ប្រទេស​ណា​ទេ។

បណ្ឌិត អ៊ិន សុផល បញ្ជាក់​ថា ចំណែក​ការ​គូស​ផែនទី​របស់​ថៃ ជា​ឯកតោ​ភាគី​នៅ​ឆ្នាំ​១៩៧៣ ដោយ​រំលោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​លើ​កោះ​គុត គឺ​មិន​បាន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ណា​មួយ​ឡើយ។

សារព័ត៌មាន The Cambodia Daily ក៏​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ដែរ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស