នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិភពលោកកំពុងស្ថិតលើវិថីមួយនៃការភ័យខ្លាចពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ដែលគេគិតថា វាអាចផ្ទុះចេញពីប្រទេសរុស្ស៊ី ជាមហាអំណាចនុយក្លេអ៊ែរ អាចនឹងត្រូវវាយប្រហារលើប្រទេសអ៊ុយក្រែន ករណីសងសឹក ព្រោះតែអ៊ុយក្រែន បានបាញ់មីស៊ីលជំនួយរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស វាយប្រហារចូលខាងក្នុងទឹកដីរុស្ស៊ី។
ក្នុងស្ថានភាពដែលគេថាលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានធ្វើសេចក្ដីសម្រេចហើយដោយបើកផ្លូវឱ្យកងទ័ពនុយក្លេអ៊ែររបស់លោក អាចវាយប្រហារលើប្រទេសអ៊ុយក្រែន ឬប្រទេសណាមួយក៏បាន ព្រោះជាសត្រូវនឹងរុស្ស៊ី។
យោងតាមបណ្ដាញផ្សាយព័ត៌មានជាច្រើនដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងលោក ពូទីន បានដៅប្រទេសបីរួចហើយជាមុខសញ្ញាត្រូវវាយប្រហារដោយអាវុធនុយក្លេអ៊ែរ គឺទី១ ប្រទេសអ៊ុយក្រែន ទី២ ចក្រភពអង់គ្លេស និងទី៣ សហរដ្ឋអាមេរិក។
គេថាមូលហេតុដោយសារគ្រាប់មីស៊ីលរបស់ប្រទេសមហាអំណាចពីរនេះ ត្រូវបានទ័ពអ៊ុយក្រែន បាញ់ប្រហារលើទឹកដីរុស្ស៊ី។ ការវាយប្រហារដោយមីស៊ីលទៅលើប្រទេសរុស្ស៊ី គឺជាការវាយបំបាក់មុខផង និងធ្វើឱ្យក្រុងមូស្គូ ឈឺចាប់យ៉ាងខ្លាំង ព្រោះពុំដែលមានគ្រាប់មីស៊ីលរបស់ប្រទេសលោកខាងលិចណាមួយធ្លាក់ចូលក្នុងទឹកដីរុស្ស៊ី ឡើយ ចាប់តាំងពីពិភពលោកបិទបញ្ចប់សង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥។
យ៉ាងណា ការព្រួយបារម្ភពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែរនៅពាសពេញអឺរ៉ុប ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកនៅពេលនេះ មិនទាន់មើលឃើញសញ្ញាណាមួយដែលក្រុងមូស្គូ ត្រូវបាញ់គ្រាប់នុយក្លេអ៊ែរលើប្រទេសអ៊ុយក្រែន នោះទេ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅក្នុងបរិវេណសេតវិមាន អ្នកស្រី Karin Jean-Pierre លេខាធិការព័ត៌មានសម្រាប់សេតវិមាន បានអះអាងថា មកដល់ពេលនេះពុំមានសញ្ញាណាមួយដែលថាក្រុងមូស្គូ ឈានដល់ការបាញ់អាវុធនុយក្លេអ៊ែរលើប្រទេសអ៊ុយក្រែន ឡើយ។
កាលពីថ្ងៃទី២១ វិច្ឆិកា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតមួយគ្រាប់ជាលើកដំបូងទៅលើប្រទេសអ៊ុយក្រែន ដែលអ៊ុយក្រែន ថាជាមីស៊ីលផ្លោង ICBM តែសហរដ្ឋអាមេរិកថាជាមីស៊ីលផ្លោងអន្តរទ្វីប តែមិនមែនមីស៊ីល ICBM នោះទេ។
យ៉ាងណា មីស៊ីលយក្សរបស់រុស្ស៊ី ដែលបាញ់លើប្រទេសអ៊ុយក្រែន នោះ ត្រូវបានអ្នកជំនាញថាវាអាចរត់បានច្រើនពាន់គីឡូម៉ែត្រ។ វាអាចបាញ់លើគោលដៅទាំងអស់នៅពាសពេញអឺរ៉ុប។ វាជាមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង គឺវាដូចនឹងមីស៊ីលផ្លោង ICBM ដែរ។
រុស្ស៊ី ដែលបាញ់មីស៊ីលនេះជាលើកដំបូងលើប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើង គឺជាសញ្ញាព្រមានអ៊ុយក្រែន ជាមុនពីលទ្ធភាពដែលអ៊ុយក្រែន អាចរងគ្រោះដោយអាវុធនុយក្លេអ៊ែររបស់ក្រុងមូស្គូ។
លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ទ័ពរុស្ស៊ីពិតជាបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបមែនលើទឹកដីអ៊ុយក្រែន តែវាជាមីស៊ីលជំនាន់ក្រោយ។ លោក ពូទីន ថា គឺជាការឆ្លើយតបទៅនឹងទីក្រុងគៀវ ដែលបានប្រើប្រាស់មីស៊ីលសហរដ្ឋអាមេរិក និងអង់គ្លេស មានសមត្ថភាពវាយប្រហារកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីរូបនេះអួតថា ប្រព័ន្ធដែនអាកាសរបស់សហរដ្ឋអាមេរិកនឹងគ្មានសមត្ថភាពក្នុងការបញ្ឈប់មីស៊ីលថ្មីរបស់រុស្ស៊ី នោះឡើយ ព្រោះវាមានសមត្ថភាពហោះក្នុងល្បឿនលឿនជាងដប់ដងនៃសំឡេង។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះក៏បាននិយាយថា វានឹងត្រូវប្រើដើម្បីវាយប្រហារសម្ព័ន្ធមិត្តអ៊ុយក្រែន ទាំងឡាយណាដែលបានបើកសិទ្ធិដល់អ៊ុយក្រែន បាញ់មីស៊ីលវាយប្រហារខាងក្នុងទឹកដីរុស្ស៊ី។
សម្រាប់សហរដ្ឋអាមេរិក មិនបារម្ភ ហើយក៏មិនភ្ញាក់ផ្អើលដែរ។ អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karin Jean-Pierre ប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមិនភ្ញាក់ផ្អើលទេ ព្រោះក្រុងមូស្គូ កំពុងលេងសង្គ្រាមចិត្តសាស្ត្រក្នុងការវាយបំបាក់គូសត្រូវដោយសង្គ្រាមមីស៊ីលផ្លោងអន្តរទ្វីបជាមួយនឹងការគំរាមប្រើប្រាស់អាវុធនុយក្លអ៊ែរ តែអ្នកស្រីថាក្រុងមូស្គូ ត្រូវតែហ៊ានទទួលកំហុសក្នុងករណីបង្កការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។
ចំណែកលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង វិញ បញ្ជាក់ថា ក្រុងមូស្គូ បានសិក្សារួចហើយពីសិទ្ធិត្រូវឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ ហើយក៏បានផ្ដល់សញ្ញាព្រមានរួចហើយដែរទៅលើបស្ចិមប្រទេស និងប្រទេសសត្រូវរបស់រុស្ស៊ី។
ស្របពេលនេះ លោក ពូទីន បានលើកឡើងបន្ថែមទៀតថា ចាប់តាំងពីលោក Joe Biden បានផ្តល់ភ្លើងបៃតងដល់អ៊ុយក្រែន ក្នុងការប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ជាការរុញក្រុងមូស្គូ កាន់តែមានសិទ្ធិប្រើប្រាស់អាវុធធុនធ្ងន់ទាំងអស់ រាប់ទាំងអាវុធនុយក្លេអ៊ែរផង ដើម្បីប្រឆាំងនឹងទីតាំងយោធានៃប្រទេសទាំងឡាយណាដែលអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើអាវុធរបស់ពួកគេវាយប្រហារចូលទឹកដីរុស្ស៊ី។
បែបនេះក្ដី អ្នកនាំពាក្យរងនៃមន្ទីរប៉ុងតាហ្គោន Sabrina Singh បានលើកឡើងថា ក្រុងមូស្គូ បានកំពុងតែធ្វើយុទ្ធនាការគំរាមដោយភ្ជាប់ឥទ្ធិពលនៃអាវុធប្រល័យលោកនេះ គឺមានរយៈពេល ២ឆ្នាំមកហើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

