35.1 C
Phnom Penh

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រាប់​មិត្ត​វៀតណាម​ថា​ការ​ដកខ្លួន​ពី CLV មិន​បង្ក​ការ​ប៉ះពាល់​អ្វី​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម លោក ហ្វាន វ៉ាន់ យ៉ាង (PHAN VAN GIANG) ថា​ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​គម្រោង CLV-DTA មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​បី​នោះ​ទេ ពីព្រោះ​ប្រទេស​ទាំង​បី​ប្រើ​យន្តការ​កិច្ចសហប្រតិបត្តិការ​កម្រិត​ប្រទេស។

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​វិមាន ៧​មករា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក ហ៊ុន សែន ថា​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែល​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ និង​បង្ហាញ​នៅ​វិមាន​ឈ្នះ​ឈ្នះ ចាប់ផ្តើម​តាំងពី​ចលនា​រំដោះ​ជាតិ​កម្ពុជា​របស់​លោក។

លោក ហ៊ុន សែន ថា​វិមាន​ឈ្នះ​ឈ្នះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​រក្សាទុក​ប្រវត្តិ​ទំនាក់ទំនង​នេះ។

លោក ហ៊ុន សែន អះអាង​ថា ចំពោះ​កិច្ចសហប្រតិបត្តិការ CLV-DTA ទោះបីជា​ប្រទេស​កម្ពុជា​បាន​ដកខ្លួន​ចេញពី​យន្តការ​នេះ​ក្តី ក៏​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​បី​នោះ​ដែរ ដោយ​ប្រទេស​ទាំង​បី​ប្រើ​យន្តការ​កិច្ចសហប្រតិបត្តិការ​កម្រិត​ប្រទេស​មក​ជំនួស​ឱ្យ​កិច្ចសហប្រតិបត្តិការ​កម្រិត​តំបន់​នេះ​វិញ។

លោក ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​លើកឡើង​ថា វៀតណាម​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​បន្ត​គាំទ្រ​កម្ពុជា​ឥត​ឈប់​ឈរ​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ការ​បំពេញ​មុខនាទី​នៅ​លើ​ឆាក​អន្តរជាតិ​នានា។

លោក ហ្វាន វ៉ាន់ យ៉ាង ថ្លែង​ថា លោក​សង្ឃឹម​ថា​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​កងកម្លាំង​យោធា បង្កើន​ភាព​ជឿជាក់​រវាង​គ្នា និង​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ មិន​អនុញ្ញាត​ឱ្យ​ពួក​អមិត្ត​យក​ប្រទេស​មួយ​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត​នោះ​ឡើយ។

ប្រភព​ដដែល​បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​ជួយ​បង្ក​លក្ខណៈ​ល្អ​ដល់​ក្រុមហ៊ុន​វិនិយោគ​វៀតណាម​នានា​នៅ​កម្ពុជា ដើម្បី​ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ និង​ដូច​គ្នា​នេះ ស្នើ​អាជ្ញាធរ​កម្ពុជា ជួយ​បន្ត​សម្រួល​ដល់​ការ​ស្វែងរក​អដ្ឋិធាតុ​យុទ្ធជន​នៃ​កងទ័ព​វៀតណាម ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រម​ច្បាប់ ស្ដីពី «និរាករណ៍​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម» កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ។

កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​កម្ពុជា បាន​អនុម័ត​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ខណៈ​ព្រឹទ្ធសភា ក៏​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ​ហៅ​កាត់​ថា CLV-DTA នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា កន្លង​ទៅ​ដែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស