34.1 C
Phnom Penh

អ្នកវិភាគ​និយាយ​ថា​រឿង​កោះ​គុត​មាន​តែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ព្រោះ​សំអាង​ផែនទី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​នយោបាយ​សង្គម លើកឡើង​ថា ដើម្បី​ចៀសវាង​ការ​រាលដាល​បញ្ហា​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ការ​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ព្រមទាំង​បញ្ចៀស​នូវ​សម្អប់​កាន់តែ​ជ្រៅ​រវាង​ជាតិ​សាសន៍​ទាំង​ពីរ រដ្ឋាភិបាល​ខ្មែរ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឡើយ ជុំវិញ​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះ​គុត​ត្រឡប់​មក​វិញ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​តវ៉ា​ដាច់ខាត​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ចំណែក​ទឹកដី​របស់​ខ្លួន​មក​គ្រប់គ្រង​វិញ​ដោយ​ស្រប​ច្បាប់។

លោក គឹម សុខ ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​នាំគ្នា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ចរចា​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ជុំវិញ​បញ្ហា​កោះ​គុត​នេះ ព្រោះ​ថៃ កំពុង​ប្រើ​កម្លាំង​ត្រួតត្រា​លើ​កោះ​នេះ​ទាំង​បំពាន​ច្បាប់​អន្តរជាតិ​រួច​ទៅ​ហើយ ដូច្នេះ​ប្រទេស​កម្ពុជា​មាន​តែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​បិទ​ផ្លូវ​តវ៉ា​ពី​សំណាក់​រដ្ឋាភិបាល​ថៃ ដូច​ករណី​ក្ដីក្ដាំ​ប្រាសាទ​ព្រះវិហារ​ដូច្នោះ​ដែរ។

លោក គឹម សុខ បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​នូវ​ផែនទី​អន្តរជាតិ​ចំនួន ៤ តាម​លំដាប់ ដែល​លោក​ថា​ជា​ផែនទី​ពិភពលោក​ទទួលស្គាល់​ជា​គោលការណ៍​ខ្សែ​ព្រំដែន​ឥត​កែប្រែ​រាប់​រយ​ឆ្នាំ​មក​ហើយ​ជុំវិញ​រឿង​កោះ​គុត​នោះ គឺ៖

  • ផែនទី​ព្រំដែន​កំណត់​ក្នុង​សន្ធិសញ្ញា​ក្រោយ​សង្គ្រាម​រវាង​ប្រទេស​ព័រទុយហ្គាល់ និង​អេស្ប៉ាញ ឆ្នាំ​១៤៩៤ ហៅថា​បន្ទាត់ Tordesillas
  • ច្បាប់​បារាំង តាម​អនុសញ្ញា Kellog-Briand ឆ្នាំ​១៩២៨
  • ច្បាប់​អ.ស.ប ឬ​ធម្មនុញ្ញ​សហប្រជាជាតិ ឆ្នាំ​១៩៤៥
  • ច្បាប់​ជប៉ុន ឆ្នាំ​១៩៤៦ បន្ទាប់​សាលា​វិនិច្ឆ័យ​កាត់ក្តី​ឧក្រិដ្ឋជន​សង្គ្រាម​នៅ​ប្រទេស​ជប៉ុន។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ដោយ​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ត្រូវ​នាំ​យក​ករណី​កោះ​គុត និង​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា និង​ថៃ ប្តឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ។

KMD លើកឡើង​ថា ការ​ធ្វើ​បែប​នេះ គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​បង្ហាញ​ពី​ភាព​ចាស់ទុំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​កម្ពុជា​ផង និង​អាច​បញ្ចៀស​បាន​នូវ​ការ​ប្រឈមមុខ​ដាក់​គ្នា​តាមរយៈ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ដែល​ជា​ប្រទេស​ជិតខាង​នឹង​គ្នា​ផង​ដែរ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​គំរាមកំហែង​តាម​គ្រប់​រូបភាព​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង ដែល​គ្រាន់តែ​សម្ដែង​មតិ និង​បង្ហាញ​ក្តី​បារម្ភ​ទាក់ទង​នឹង​បូរណភាព​ទឹកដី ព្រោះ​ថា​សកម្មភាព​របស់​ពលរដ្ឋ និង​យុវជន​គ្រប់​រូប គឺជា​ការ​បំពេញ​តួនាទី សិទ្ធិ និង​កាតព្វកិច្ច​ដែល​ត្រូវ​បាន​ធានា​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​២១ វិច្ឆិកា កន្លង​ទៅ ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ចំណែក​ក្នុង​ការ​គ្រប់គ្រង​កោះ​គុត ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក ហ៊ុន សែន បញ្ជាក់​ច្បាស់​នោះ គឺ​គាត់​មាន​គម្រោង​បង្កើត​ច្បាប់​ដាក់​អ្នក​ដែល​ទាមទារ​ឱ្យ​ប្តឹង​ថៃ រឿង​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ ជា​ក្រុម​ភេរវករ​ទៅវិញ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស