ឧកញ៉ាវ័យក្មេងមួយរូបក្នុងចំណោមឧកញ៉ាជាង ១ពាន់នាក់នៅកម្ពុជា បានចេញមុខជាលើកដំបូងអំពាវនាវឲ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការជាបន្ទាន់ទៅលើជនជាតិសិង្ហបុរីសញ្ជាតិខ្មែរ ដែលលោកចាត់ទុកថាកំពុងប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រតិបត្តិការកាស៊ីណូអនឡាញ លាងលុយ និងបោកប្រាស់ពលរដ្ឋស្លូតត្រង់រាប់លាននាក់។
អគ្គនាយកក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះសារដ៏វែងមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីចុងសប្តាហ៍មុន ដោយសរសេរសំដៅផ្ទាល់ទៅកាន់លោក ហ៊ុន ម៉ាណែត ថា បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅក្រៅ Tak (តាក់) កំពុងប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានដើម្បីលាងលុយ និងកំពុងបើកប្រតិបត្តិការកាស៊ីណូអនឡាញដ៏ធំជាងគេនៅកម្ពុជា។
លោកបន្តថា បុរសជនជាតិសិង្ហបុរីរូបនេះកំពុងបោកប្រាស់ពលរដ្ឋស្លូតត្រង់រាប់លាននាក់ រួមទាំងពលរដ្ឋខ្មែរ ថៃ ឡាវ មីយ៉ាន់ម៉ា តួកគី ចិន កូរ៉េ តៃវ៉ាន់ និងឥណ្ឌូនេស៊ី។
ឧកញ៉ា ហេង សិទ្ធី សរសេរថា ជនជាតិសិង្ហបុរី ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅក្រៅ Tak នេះ កំពុងប្រើកម្មវិធី Software ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីបង្កើតគេហទំព័រខុសច្បាប់រាប់រយគេហទំព័រសម្រាប់បោកប្រាស់លុយរាប់លានដុល្លារពីប្រជាជនក្នុងតំបន់អាស៊ាន។
លោក ហេង សិទ្ធី សរសេរថា ពួកគេមានក្រុម Hacker អ្នកសរសេរកម្មវិធី និងបុគ្គលិក IT រាប់រយនាក់ទៀតដើម្បីបង្កើតអាណាចក្រល្បែងខុសច្បាប់អនឡាញនៅកម្ពុជា។ លោកចាត់ទុកថានេះជាបញ្ហាធំណាស់ដែលត្រូវដោះស្រាយជាបន្ទាន់ ដើម្បីការពារកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា និងប្រទេសអាស៊ានដទៃទៀតដែលមានប្រជាជនរងគ្រោះពីឧក្រិដ្ឋកម្មនេះ ស្របពេលដែលក្រុមឧក្រិដ្ឋជនបានពង្រឹងរចនាសម្ព័ន្ធ និងបណ្ដាញរបស់គេជាង ១ទសវត្សរ៍មកហើយនោះ។
លោកអះអាងថា សកម្មភាពខុសច្បាប់របស់ពួក Hacker និងអ្នកបោកប្រាស់រាប់ពាន់នាក់ដែលលួចជ្រកកោននៅកម្ពុជា នៅថ្ងៃណាមួយនឹងវាយប្រហារប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។
លោក ហេង សិទ្ធី ក៏បានភ្ជាប់នូវរូបភាពទីស្នាក់ការកណ្តាល និងផ្ទះរបស់លោក Phua Gek Seng (ភូ ហ្គិច សេង) ហៅក្រៅ Tak នៅក្នុងផែនទី Google Map ព្រមទាំងទីតាំងធ្វើសកម្មភាពអនឡាញដែលផ្ទុកទៅដោយមនុស្សរាប់ពាន់នាក់នៅតំបន់ជ្រៃធំ ក្បែរព្រំដែនវៀតណាម នៅអគារផ្ទាល់ខ្លួនរបស់លោក Tak ក្នុងក្រុងព្រះសីហនុ ក្នុងប្លុកឆាយណាថោន និងនៅក្រុងប៉ោយប៉ែត ផងដែរ។
លោក ហេង សិទ្ធី សរសេរថា ទ្រព្យសម្បត្តិរបស់លោក Tak នៅពេលបច្ចុប្បន្ននេះអាចមានប្រហែល ១ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ។
លោក ហេង សិទ្ធី បានបង្ហាញថា ថៅកែចាស់ទំនើងសញ្ជាតិសិង្ហបុរី ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅក្រៅ Tak នេះបានបង្ហាញម៉ាកយីហោមេនៃកាស៊ីណូអនឡាញរបស់ខ្លួនដែលមានឈ្មោះថា AFB88 និង AFB1188 ដែលជាកាស៊ីណូខុសច្បាប់នៅលើអាវរបស់ខ្លួន និងនៅលើអាវរបស់បុគ្គលិកគាត់ជាច្រើននាក់ ស្របពេលដែលបុរសរូបនេះពាក់ចូលរួមក្នុងព្រឹត្តិការណ៍ Gumble 3000។
ព្រឹត្តិការណ៍ Gumble 3000 ជាព្រឹត្តិការណ៍ដែលលោក Tak បានបង្ហាញរថយន្តទំនើបរបស់គាត់ជាង ១៥គ្រឿង រួមមាន Bugatti ដែលមានតម្លៃប្រហែល ៦លានដុល្លារ Lamborghini Ferrari Maclaren និង Mecedes ដែលក្នុងមួយគ្រឿងមានតម្លៃសុទ្ធតែជាង ១លានដុល្លារអាមេរិកទាំងអស់។
លោក ហេង សិទ្ធី អំពាវនាវដល់លោក ហ៊ុន ម៉ាណែត ចាត់វិធានការជាបន្ទាន់ទៅលើបុរសជនជាតិសិង្ហបុរី ឈ្មោះ Tak រូបនេះដោយបង្កកទ្រព្យសម្បត្តិ និងសាច់ប្រាក់នៅកម្ពុជា ដែលបានមកពីការបោកប្រាស់ពលរដ្ឋរាប់លាននាក់។ លោកក៏បានជំរុញឱ្យមានការស៊ើបអង្កេតផ្ទះ និងអគារផ្សេងទៀតរបស់លោក Tak ដែលកំពុងធ្វើសកម្មភាពខុសច្បាប់។
នេះជាលើកទីមួយហើយដែលឧកញ៉ាខ្មែរហ៊ានចេញមុខលាតត្រដាងជាសាធារណៈករណីប្រតិបត្តិការកាស៊ីណូអនឡាញ ការលាងលុយ និងបោកប្រាស់ពលរដ្ឋស្លូតត្រង់រាប់លាននាក់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ស្របពេលឧកញ៉ាខ្មែរជាច្រើនរូបក្នុងចំណោមឧកញ៉ាជាង ១ពាន់នាក់កំពុងរកស៊ីលើវិស័យមួយនេះដែរនោះ។
សារព័ត៌មាន The Cambodia Daily បានព្យាយាមទូរសព្ទទៅកាន់បុរសជនជាតិសិង្ហបុរី ឈ្មោះ Tak និងឧកញ៉ា ហេង សិទ្ធី ជាច្រើនលើកដែរ ប៉ុន្តែគ្មានអ្នកទទួល។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងឲ្យប្រាកដនៅឡើយទេថា តើហេតុអ្វីបានជាឧកញ៉ា ហេង សិទ្ធី បញ្ចេញព័ត៌មាន និងចោទប្រកាន់ជាសាធារណៈទៅលើបុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែររូបនេះ ហើយទាមទារឲ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការថែមទៀតនោះ។
ទោះជាយ៉ាងណាក៏ដោយ គណនីហ្វេសប៊ុករបស់ឧកញ៉ា ហេង សិទ្ធី ត្រូវបានបាត់ទៅហើយនៅពេលនេះ ប៉ុន្តែសារព័ត៌មាន The Cambodia Daily បានថតចម្លងអត្ថបទ និងរូបថតផ្ទះរបស់បុរសឈ្មោះ Tak ដែលបានចុះផ្សាយក្នុងគណនីហ្វេសប៊ុករបស់លោក ហេង សិទ្ធី អស់ទៅហើយ។
ក្នុងរយៈពេលចុងក្រោយនេះ យ៉ាងហោចណាស់សារព័ត៌មានអន្តរជាតិបានចុះផ្សាយជាបន្តបន្ទាប់អំពីឧក្រិដ្ឋកម្មលាងលុយកខ្វក់ ឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ និងឧក្រិដ្ឋកម្មជួញដូរ និងបង្ខាំងមនុស្សឲ្យធ្វើការដោយខុសច្បាប់នៅកម្ពុជា។ ជាងនេះទៅទៀត ផលិតកម្មភាពយន្តរបស់ចិន ក៏បានផលិតខ្សែភាពយន្តមួយមានចំណងជើងថា No More Bets បានរៀបរាប់អំពីការបង្ខាំងមនុស្ស និងការធ្វើទារុណកម្មមនុស្សឲ្យធ្វើការបោកប្រាស់តាមអនឡាញដោយខុសច្បាប់នៅកម្ពុជា។
ចំណែកប្រទេសឥណ្ឌា ក៏បានប្រកាសអាសន្ននៅតាមព្រលានយន្តហោះរបស់គេ ប្រាប់ប្រជាជនឥណ្ឌា ឲ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការស្វែងរកការងារដែលមានប្រាក់ខែខ្ពស់ក្នុងប្រទេសកម្ពុជា។
ក្រោយមានការចុះផ្សាយនៅលើគណនីហ្វេសប៊ុករបស់លោក ហេង សិទ្ធី គេសង្កេតឃើញពលរដ្ឋខ្មែរដែលរងគ្រោះ ព្រមទាំងព្រះសង្ឃ បាននាំគ្នាចេញប្រតិកម្មព្រោងព្រាត និងមានការចែកសៀវភៅអប់រំអំពីហានិភ័យនៃការបោកប្រាស់អនឡាញ និងល្បែងស៊ីសងអនឡាញ។
កន្លងមក ក្រសួងការបរទេសអាមេរិក បានបន្តដាក់ចំណាត់ថ្នាក់កម្ពុជាទាបបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស គឺស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3 ដោយសារតែមានឧក្រិដ្ឋកម្មជាច្រើនដែលរដ្ឋាភិបាលកម្ពុជាពុំបានប្រឹងប្រែងដោះស្រាយ រួមមានការជួញដូរមនុស្សនៅក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសក្នុងវិស័យកម្សាន្ត និងអាជីវកម្មឡឥដ្ឋ ដែលបញ្ហានេះអាចធ្វើឱ្យមានការរឹតត្បិតលើជំនួយបរទេស៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

