32.1 C
Phnom Penh

ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​កំពុង​ត្រូវ​បាន​ឈូស​ឆាយ​ពុះ​បំបែក​ជា​ពីរ​ក្រោម​គម្រោង​បណ្ដាញ​អគ្គិសនី​កម្ពុជា-ឡាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​ត្រូវ​បាន​ឈូស​ឆាយ​ពុះ​បំបែក​ជា​ពីរ ក្រោម​គម្រោង​បណ្ដាញ​អគ្គិសនី​កម្ពុជា-ឡាវ ដែល​កំពុង​ដំណើរការ​សាងសង់​ឡើងវិញ​ចាប់តាំងពី​ដើម​ខែ​តុលា ឆ្នាំ​២០២៤ មក។

សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា រូបភាព​ពី​ផ្កាយរណប ឬ​ការ​ថត​រូប​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​សេចក្តី​រាយការណ៍​ពី​អ្នក​ស្រុក ឱ្យ​ដឹង​ថា គម្រោង​ភ្ជាប់​បណ្ដាញ​ថាមពល​អគ្គិសនី​រវាង​កម្ពុជា​ជាមួយ​ឡាវ ដែល​កាត់​តាម​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ហើយ​នៅ​ពេលនេះ​បន្ទាប់ពី​អាក់ខាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

របាយការណ៍​ដដែល​បង្ហាញ​ថា នៅ​ពេលនេះ ដំណើរការ​នៃ​ការ​សាងសង់​កំពុង​ឈូស​ឆាយ​ដី​បាន​ប្រវែង​ជិត ៦​គីឡូម៉ែត្រ​ហើយ (៥,៨​គីឡូម៉ែត្រ) នៅ​ខាង​ក្នុង​តំបន់​ព្រៃឡង់ ដែល​ជា​ភស្តុតាង​មួយ​បង្ហាញ​ថា ផែនការ​នេះ​កំពុង​ឆ្ពោះ​ទៅ​រក​ដំណើរការ​សាងសង់​ខ្សែ​បញ្ជូន​ថាមពល​ប្រវែង ៦៥​គីឡូម៉ែត្រ ដែល​នឹង​ត្រូវ​ឆ្លងកាត់​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ។

ម៉ុងហ្កាបេ បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១៨ វិច្ឆិកា កន្លង​ទៅ គម្រោង​នេះ​កំពុង​កសាង​ផ្លូវ​បាន​ប្រវែង​ជិត ៦​គីឡូម៉ែត្រ​ហើយ ដែល​មាន​ទទឹង​ប្រវែង ៣០​ម៉ែត្រ កាត់​តាម​ផ្នែក​ភាគ​ឦសាន​នៃ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង។

កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កសាង​ខ្សែ​បណ្ដាញ​ថាមពល​មាន​កម្លាំង ៥០០​គីឡូវ៉ុល​ចំនួន​ពីរ​ខ្សែ ដែល​ដំណើរការ​ពី​ព្រំដែន​ប្រទេស​ថៃ និង​ព្រំដែន​ប្រទេស​ឡាវ ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដែល​គម្រោង​ទាំង​ពីរ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ថាមពល​កម្ពុជា ឈ្មោះ Schneitec Group។

ខ្សែបណ្ដាញ​ថាមពល​ដែល​ត្រូវ​តភ្ជាប់​ពី​ប្រទេស​ឡាវ នឹង​ត្រូវ​កសាង​ឆ្លងកាត់​តាម​ខេត្ត​ចំនួន ៤ របស់​កម្ពុជា ហើយ​ក្នុង​នោះ​ក៏​ត្រូវ​ឆ្លងកាត់​តាម​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ផង​ដែរ ដើម្បី​រត់​តម្រង់​ទៅ​រក​ស្ថានីយ​រង​មួយ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ។

ទិន្នន័យ​អង្គការ Global Forest Watch បាន​បង្ហាញ​ថា ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០២៣ ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ បាន​បាត់បង់​គម្រប​ព្រៃឈើ​ជាង ១​ភាគ​៥ ដែល​ស្មើ​នឹង​ជាង ១​សែន​ហិកតា (១០២០០០​ហិកតា)៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស