ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ព្រមានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធទាំងអស់ដើម្បីកម្ទេចអ៊ុយក្រែន ប្រសិនបើក្រុងគៀវ ទទួលបានអាវុធនុយក្លេអ៊ែរ។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ការព្រមានរបស់មេដឹកនាំវិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមលោកខាងលិចកំពុងពិចារណាផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន។
ក្នុងសន្និសីទសារព័ត៌មានមួយនៅលើទឹកដីនៃប្រទេសកាហ្សាក់ស្ថាន លោក ពូទីន បានថ្លែងថា ប្រសិនបើប្រទេសមួយនោះដែលរុស្ស៊ី កំពុងធ្វើសង្គ្រាម បើប្រទេសនោះក្លាយជាមហាអំណាចនុយក្លេអ៊ែរ គឺរុស្ស៊ី នឹងប្រើប្រាស់អាវុធទាំងអស់កម្ទេចប្រទេសនោះ ដោយរាប់ទាំងអាវុធនុយក្លេអ៊ែរ។
តាមលោក ពូទីន ការផ្ទេរអាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែន គឺជាការរំលោភលើកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
លោកព្រមានទៀតថា ប្រសិនបើអ៊ុយក្រែន ផលិតគ្រាប់បែកដែលមានសារធាតុវិទ្យុសកម្ម រុស្ស៊ីនឹងចាត់វិធានការសងសឹក។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពីពេលថ្មីៗនេះ បានអំពាវនាវទៅសហរដ្ឋអាមេរិកឱ្យប្រគល់អាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែន។ លោក ហ្សេឡេនស្គី ថាបើអ៊ុយក្រែនមានអាវុធប្រភេទនេះ ម្ល៉ោះលោក ពូទីន មិនបង្កសង្គ្រាមវាយប្រហារលើប្រទេសលោកនោះទេ។
លោក ហ្សេឡេនស្គី សោកស្ដាយដែលប្រទេសរបស់លោកមិនគួរប្រគល់អាវុធនុយក្លេអ៊ែរទៅឱ្យរុស្ស៊ី អស់ពីខ្លួន។
ប្រទេសអ៊ុយក្រែន ជាឃ្លាំងស្តុកគ្រាប់នុយក្លេអ៊ែរដ៏ធំទី៣ មាន ៣ពាន់គ្រាប់ បន្ទាប់ពីអាមេរិក និងរុស្ស៊ី តែបន្ទាប់ពីសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ រុស្ស៊ីបានទាមទារយកអាវុធនេះពីអ៊ុយក្រែន ជាមួយនឹងការផ្ដល់ឲ្យអ៊ុយក្រែន ជារដ្ឋឯករាជ្យ។
កិច្ចព្រមព្រៀងកាត់បន្ថយការសាយភាយអាវុធនុយក្លេអ៊ែរ ដែលអាមេរិកក្រោមរដ្ឋការរបស់លោក Bill Clinton និងនាយករដ្ឋមន្ត្រីអង់គ្លេស John Major បានចូលរួមជាសាក្សី និងជាភាគីហត្ថលេខីនៅពេលដែលអ៊ុយក្រែន ព្រមប្រគល់ក្បាលគ្រាប់នុយក្លេអ៊ែរទៅឱ្យរុស្ស៊ី។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងឆ្នាំ១៩៩៤ ដែលប្រធានាធិបតីអ៊ុយក្រែន Leonid Kuchma និង Boris Yeltsin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី ចុះហត្ថលេខា។ ចាប់ពីពេលនោះមក រុស្ស៊ីចាប់ផ្ដើមប្រមូលដឹកជញ្ជូនគ្រាប់នុយក្លេអ៊ែររបស់អ៊ុយក្រែន ដែលសហភាពសូវៀតចែកឱ្យចំនួន ៣ពាន់គ្រាប់ដោយប្រមូលយកទៅរុស្ស៊ី ទាំងអស់ នៅក្នុងឆ្នាំ១៩៩៦។
ការសម្រេចចិត្តនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងមួយដែលហៅថា អនុស្សរណៈនៃទីក្រុង Budapest ប្រទេសហុងគ្រី។ កិច្ចព្រមព្រៀងនេះ រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានសន្យាថាធានាសន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដែលអ៊ុយក្រែន ត្រូវបានទទួលស្គាល់ជារដ្ឋឯករាជ្យ។
ក្នុងស្ថានភាពដែលក្រុងមូស្គូ ឈឺចាប់ចំពោះអ៊ុយក្រែន បាញ់មីស៊ីលរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ចូលខាងក្នុងទឹកដីរបស់ខ្លួន ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត» នៅទីក្រុងគៀវ ជាការសងសឹក។
លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីកំពុងជ្រើសរើសគោលដៅជាង ១០ នៅអ៊ុយក្រែន ដែលអាចរួមបញ្ចូលទាំងមជ្ឈមណ្ឌលសម្រេចចិត្ត ដែលជាវិមានប្រធានាធិបតីនៅរដ្ឋធានីរបស់ប្រទេសមួយនេះ។
ការគំរាមកំហែងនេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ATACMS ដែលជាអាវុធជំនួយរបស់អាមេរិកវាយប្រហារទៅលើទឹកដីរុស្ស៊ី ចំនួន ៣ដង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ រុស្ស៊ី ចាត់ទុកសកម្មភាពនេះជាការបង្កហេតុ និងបានសន្យាថានឹងចាត់វិធានការសងសឹក។
លោក ពូទីន បានប្រកាសថា រុស្ស៊ីកំពុងពង្រឹងសមត្ថភាពផលិតមីស៊ីល និងអាវុធផ្សេងទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែងពីលោកខាងលិច។
ជាមួយនឹងការបារម្ភពីការអាចផ្ទុះសង្គ្រាមលោកលើកទី៣ ក្រុងមូស្គូ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសរុស្ស៊ី លោក Andrei Belousov បានទៅដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រ ទី២៩ វិច្ឆិកា នេះ ក្នុងដំណើរពង្រឹងសម្ព័ន្ធភាពកាន់តែរឹងមាំថែមទៀត ក្រោយពីកូរ៉េខាងជើង បញ្ជូនទ័ពជួយច្បាំងកងទ័ពរុស្ស៊ី។ ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងយោធាកាន់តែរឹងមាំជាងមុន ចាប់តាំងពីសង្គ្រាមរបស់លោក ពូទីន នៅអ៊ុយក្រែន បានផ្ទុះឡើង។
រុស្ស៊ី និងកូរ៉េខាងជើង បានចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមិថុនា ឆ្នាំនេះ ក្នុងវត្តមានលោក ពូទីន នៅក្រុងព្យុងយ៉ាង។
កិច្ចព្រមព្រៀងយុទ្ធសាស្ត្រនេះ កំណត់ឱ្យមានកាតព្វកិច្ចត្រូវផ្តល់ជំនួយយោធាដល់គ្នាទៅវិញទៅមក ដោយសហការគ្នាប្រឆាំងក្រុមប្រទេសលោកខាងលិច។
វត្តមានរបស់ទ័ពកូរ៉េខាងជើង ត្រូវបានអះអាងថាអាចមានពី ១៣០០០នាក់ទៅ ១៥០០០នាក់កំពុងជួយច្បាំងនឹងកងទ័ពរុស្ស៊ី។
ពួកលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ថ្កោលទោសកូរ៉េខាងជើង យ៉ាងខ្លាំង។ លោកប្រធានាធិបតីអ៊ុយក្រែន ព្រមានពីដំណើរទៅរកសង្គ្រាមលោកជាថ្មី ខណៈសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កំពុងធ្វើដំណើរឆ្លងចូលឆ្នាំទី៤៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

