នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ណែនាំឱ្យស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្តវិធានការនានា ដើម្បីលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់។
លោក ហ៊ុន ម៉ាណែត ចេញលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៤ ធ្នូ នេះ ដោយជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងតួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ចាត់វិធានការពង្រឹងការអប់រំស្ដីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពគ្របដណ្ដប់បានកាន់តែទូលំទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ដើម្បីជំរុញការបង្ការ ទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ សម្របសម្រួលកិច្ចសហប្រតិបត្តិការចាំបាច់នានា ឱ្យស្របជាមួយនឹងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយដែលដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនាពេលកន្លងមក។
អង្គការតម្លាភាពអន្តរជាតិកម្ពុជា បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយ កាលពីចុងខែមករា ឆ្នាំ២០២៤ ថា កម្ពុជាទទួលចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក ដែលជាចំណាត់ថ្នាក់អាក្រក់ខ្លាំង បើទោះបីជារដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានកែលម្អបញ្ហាអំពើពុករលួយជាបន្តបន្ទាប់រហូតមកក៏ដោយ។
អង្គការតម្លាភាពកម្ពុជា បញ្ជាក់ថា អំពើពុករលួយដែលបានរកឃើញក្នុងប្រទេសកម្ពុជា មាន ៦ប្រភេទ ដូចជា ការស៊ីសំណូក ការប្រកាន់បក្សពួក ការកេងបន្លំ ការគំរាមកំហែងដោយប្រើអំណាច ការឧបត្ថម្ភក្រៅផ្លូវការដើម្បីទទួលបានផលប្រយោជន៍អ្វីមួយ និងអំពើពុករលួយក្នុងនយោបាយ។
ទាក់ទិននឹងបញ្ហានេះ ប្អូនស្រីពៅរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត បានរិះគន់ខ្លាំងៗទៅកាន់មន្ត្រីរដ្ឋាភិបាលដែលកំពុងតែដឹកនាំដោយលោក ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះថា មន្ត្រីក្នុងរដ្ឋាភិបាលថ្មីនេះសុទ្ធតែជាមន្ត្រីពុករលួយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

