33.8 C
Phnom Penh

លោក សម រង្ស៊ី ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក​ត្រៀម​ខ្លួន​ផ្លាស់ប្ដូរ​កម្ពុជា​តាម​យុទ្ធសាស្ត្រ​ផ្កា​រីក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ស្រុក និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្ដូរ​មួយ​នៅ​កម្ពុជា​ក្រោម​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​លោក​បាន​ប្រកាស​នា​ពេល​កន្លង​មក។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ ធ្នូ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និយាយ​ប្រាប់​តៗ​គ្នា​ទៅ​កាន់​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​របស់​ពួកគេ​ថា ត្រូវ​នាំគ្នា​ត្រៀម​ខ្លួន​ដើម្បី​ទៅ​បេះ​ផ្កា​រីក​ទាំងអស់​គ្នា។

លោក​ថា រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​បង្កើត​ឡើង​សម្រាប់​ជំនួស​រដ្ឋាភិបាល​ចាស់​ដែល​បាន​ដួល​រលំ​ដោយ​យុទ្ធសាស្ត្រ​ផ្កា​រីក​នេះ នឹង​ត្រូវ​តែ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ផង​ដែរ។

លោក សម រង្ស៊ី លើកឡើង​ថា ក្នុង​ពេលនេះ សម្ពាធ​ដ៏​ធំ​មួយ​ដែល​កំពុង​សង្កត់​លើ​លោក ហ៊ុន សែន គឺ​រដ្ឋាភិបាល​កូន​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។ លោក​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ មហាអំណាច​កុម្មុយនីស្ត​ចិន ក៏​លែង​គាំទ្រ​របប​ដឹកនាំ​របស់​គាត់​ទៀត​ដែរ ព្រោះ​ចិន ដឹង​ថា​របប​នេះ​នឹង​ដួល​រលំ​ដូច​នៅ​ប្រទេស​ស៊ីរី នៅ​ថ្ងៃ​ណា​មួយ។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា សេដ្ឋកិច្ច​ចិន កំពុងតែ​ធ្លាក់​ចុះ ដូច្នេះ​ពួកគេ​គ្មាន​លុយ​ជួយ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ទៀត​ទេ ខណៈ​ប្រទេស​បស្ចិម​លោក ក៏​មិន​គាំទ្រ​របប​ដឹកនាំ​ផ្ដាច់ការ​មួយ​នេះ​ដែរ។ ជាង​នេះ​ទៀត កងទ័ព និង​ពលរដ្ឋ​ខ្មែរ​ក៏​ធុញទ្រាន់​នឹង​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ដូច​ពលរដ្ឋ​នៃ​ប្រទេស​ស៊ីរី ធុញទ្រាន់​នឹង​របប​ដឹកនាំ​របស់​លោក អាសាដ ដែរ ខណៈ​ក្រុម​ប្រឆាំង​ក៏​កំពុងតែ​ផុសផុល​ធ្វើ​ចលនា​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​គ្រួសារ​ហ៊ុន​ថែម​ទៀត។

លោក សម រង្ស៊ី បញ្ជាក់​ថា ក្នុង​ពេលនេះ លោក ហ៊ុន សែន ក៏​កំពុង​រង​សម្ពាធ​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ រួម​ទាំង​សហគមន៍​អន្តរជាតិ​ដែរ ខណៈ​មេ​ទ័ព និង​កងទ័ព​ជាច្រើន​ដែល​ស្រឡាញ់​ជាតិ និង​មាតុភូមិ មិន​ចង់​រស់​ក្រោម​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ទៀត​ទេ។

កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៤ របប​ដឹកនាំ​ផ្ដាច់ការ​នៅ​បង់ក្លាដេស ត្រូវ​បាន​ដួល​រលំ​ក្រោម​ការ​តវ៉ា​របស់​ពលរដ្ឋ ខណៈ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ គឺ​អ្នកស្រី ហ្សេក ហាស៊ីណា (Sheikh Hasina) ត្រូវ​រត់​គេច​ខ្លួន​ចាក​ចេញពី​ប្រទេស​ភ្លាមៗ។

ចំណែក​មេដឹកនាំ​របប​សឹក​នៅ​ប្រទេស​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ក៏​ត្រូវ​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដាក់​សំណើ​ទៅ​ចៅក្រម​នៃ​តុលាការ​នេះ ឱ្យ​ចេញ​ដីកា​ចាប់​ខ្លួន​ផង​ដែរ​កាលពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ ដោយ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ចំពោះ​ការ​បណ្តេញ​ចេញ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស